(ភ្នំពេញ)៖ ជួសជុលកែលម្អកំណាត់ផ្លូវវង់ធំក្នុងរមណីយដ្ឋានអង្គរ ចាប់ពីប្រាសាទនាគព័ន្ធរហូតដល់ប្រាសាទមេបុណ្យខាងកើតប្រវែង ៥០០០ម៉ែត្រ ត្រូវបានបញ្ចប់ជាស្ថាពរដោយបានអ៊ុតកៅស៊ូយ៉ាងស្អាត ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
គម្រោងនេះបានបញ្ចប់ជាស្ថាពរនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។
គម្រោងជួសជុលកែលម្អផ្លូវវង់ធំនេះ គឺដើម្បីជាប្រយោជន៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅក្នុងតំបន់ ក្នុងការធ្វើដំណើរឆ្លងកាត់ការប្រកបរបរចិញ្ចឹមជីវិត ការដឹកជញ្ជូនទំនិញចេញចូល រួមទាំងបម្រើឱ្យវិស័យទេសចរណ៍ផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាបានជួសជុលលើកំណាត់ផ្លូវវង់ធំនេះបានប្រវែងប្រមាណ ៩០៦០ម៉ែត្រ ចាប់ពីក្លោងទ្វារដីឆ្នាំងរហូតដល់ប្រាសាទមេបុណ្យខាងកើត។
អាជ្ញាធរជាតិអប្សរា ក៏មានផែនការជាបន្តបន្ទាប់ទៀត ក្នុងការជួសជុលកែលម្អផ្លូវវង់ធំក្នុងរមណីយដ្ឋានអង្គរ ដែលមានប្រវែងសរុប ២០គីឡូម៉ែត្រ។
ចំពោះការជួសជុលកែលម្អផ្លូវកៅស៊ូនៅវង់ធំនេះ អាជ្ញាធរជាតិអប្សរា បានសិក្សាច្ចេកទេសចាប់តាំងពីឆ្នាំ២០១៦ ហើយកន្លងមកក្រុមអ្នកជំនាញការលើផ្នែកអភិរក្សបុរាណវិទ្យា នៃគណៈកម្មការអាយស៊ីស៊ី-អង្គរ ក៏បានចុះពិនិត្យ និងផ្តល់យោបល់នៅនឹងកន្លែង ព្រមទាំងផ្តល់ការអនុម័តឱ្យធ្វើការជួសជុលក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ កាលពីខែធ្នូូ ឆ្នាំ២០១៧ កន្លងមកដែរ៕