(កូឡាឡាំពួរ-ម៉ាឡេស៊ី)៖ «សន្និសីទហាឡាលពិភពលោកលើកទី១១ និងពីពណ៌ហាឡាលលើកទី១៦» នៅទីក្រុងកូឡាឡាំពួរ ដែលមានអ្នកចូលរួម ប្រមាណ១,៤០០នាក់ មកពី៥៦ប្រទេស និងស្តង់ពិពរណ៍ផលិតផលហាឡាល មកពី៧២ប្រទេស គឺបានបើកផ្លូវដល់កម្ពុជា ក្នុងការផ្សាភ្ជាប់ ពង្រឹងទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្មហាឡាល ឲ្យកាន់តែធំធេងឡើងជាមួយធុរជន និងបណ្តាមេដឹកនាំស្ថាប័នហាឡាល គ្រប់ប្រទេសដែលចូលរួម។
នេះជាការលើកឡើងរបស់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងធុរកិច្ចអន្តរជាតិមាឡេស៊ី MITEC ទីក្រុងកូឡាឡាំពួរ ក្នុងឱកាសដែលលោក និងគណៈប្រតិភូអញ្ជើញចូលរួមក្នុងសន្និសីទហាឡាលពិភពលោក លើកទី១១ និងពិពណ៌ហាឡាលលើកទី១៦។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ស្របពេលជាមួយកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ធ្វើឲ្យសន្និសីទខាងលើនេះ កាន់តែមានតម្លៃ និងសារប្រយោជន៍ដល់កម្ពុជា ក្នុងនាមជាដៃគូ ព្រោះសន្និសីទនេះ ជាវេទិការជំនួបពិសេសរបស់ធុរជនឧស្សាហកម្មហាឡាល និងមេដឹកនាំស្ថាប័នហាឡាលលើពិភពលោក ជួបពិភាក្សាចែករំលែកពីការរីកចម្រើ នៃឧស្សាហកម្មហាឡាល និងជម្រាបអំពីសក្តានុពលវិនិយោគគ្រប់វិស័យ ក្នុងប្រទេសរៀងៗខ្លួន។
ក្នុងកិច្ចពិភាក្សានេះដែរ ក៏បានផ្តោតសំខាន់ទៅលើការចូលរួមថែរក្សា និងការពារសុវត្ថិភាព ភាពសុខសាន្តរបស់អនាគតមនុស្សជាតិនៅលើផែនដី ក្នុងសម័យសាកលភាវូបនីយកម្ម ដែលកាន់តែមានតម្រូវការខ្លាំងឡើង លើការប្រើប្រាស់ផលិតផល ម្ហូបអាហារ និងការទទួលសេវាកម្មផ្សេងៗ។
យោងរបាយកាណ៍សេដ្ឋកិច្ចឥស្លាមពិភពលោក ឆ្នាំ២០១៨ បានបញ្ជាក់ថា ជនមុស្លិមបានប្រើប្រាស់ផលិតផល និងសេវាកម្មហាឡាល ក្នុងតម្លៃជាទឹកប្រាក់២.១លានលានដុល្លារអាមេរិក ទៅលើផ្នែកម្ហូបអាហារ ភេសជ្ជ និងការរស់នៅប្រចាំថ្ងៃនៅឆ្នាំ២០១៧ ហើយអាចព្យាករណ៍ថា នឹងកើនទៅដល់ ៣លានលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៣។
ក្នុងនោះ ការចំណាយទៅលើម្ហូបអាហារ និងភេសជ្ជ១.៣លានលានដុល្លារ ចំណាយទៅលើការស្លៀកពាក់២៧០ពាន់លានដុល្លារ ព័ត៌មាន និងដំណើរកម្សាន្ត២០៩ពាន់លានដុល្លារ ការធ្វើដំណើរ១៧៧ពាន់លានដុល្លារអាមេរិក ឱសថ៨៧ពាន់លានដុល្លារអាមេរិក និងគ្រឿងសំអាង៦១ពាន់លានដុល្លារអាមេរិក៕