(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា ការប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ តាមតម្លៃដែលបានកែសម្រួលថ្មី នឹងត្រូវចាប់ផ្តើមអនុវត្ត ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ តទៅ។ នេះបើតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ស្ដីពី ការអនុវត្តប្រកាស ស្តីពី ការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។
អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ទៀតថា ចំពោះការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យ ដែលបានធ្វើបច្ចុប្បន្នភាព សម្រាប់គោលដៅខាងលើនេះ អាចចូលមើល ឬទាញយក នៅក្នុងគេហទំព័ររបស់ អគ្គនាយកដ្ឋានពន្ធដារ www.tax.gov.kh។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏សូមម្ចាស់អចលនទ្រព្យ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត ដែលអចលនទ្រព្យនោះ ស្ថិតនៅឲ្យបានមុនថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។ អគ្គនាយកដ្ឋានពន្ធដារ មិនទទួលខុសត្រូវ ចំពោះរាល់ការយឺតយ៉ាវឡើយ។
អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់អចលនទ្រព្យទាំងអស់ នឹងយកចិត្តទុកដាក់ចូលរួម អនុវត្តតាមសេចក្តីជូនដំណឹងនេះ គ្រប់ៗគ្នា៕