(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំឲ្យកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន និងអ្នកពាក់ព័ន្ធទាំងអស់ សហការរួមគ្នាបង្ក្រាបរាល់បទល្មើសផ្សេងៗ ឲ្យខានតែបាន និងប្រកាសហាមដាច់ខាត ចំពោះការនាំជ្រូកពីប្រទេសវៀតណាម ចូលមកកម្ពុជា។
លោកបញ្ជាក់ថា «ហាមដាច់ខាតការនាំចូលជ្រូកពីប្រទេសវៀតណាមចូលមកកម្ពុជា ក្នុងទឹកដីខេត្តត្បូងឃ្មំ ខណៈវៀតណាមកំពុងផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិច ដែលទាមទារឲ្យយើងត្រូវទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព»។
បំរាមរបស់ លោក ជាម ច័ន្ទសោភ័ណ បានធ្វើឡើងក្នុងឱកាសលោកចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកងកម្លាំងនគរបាល នៃទីបញ្ជាការវារៈការពារព្រំដែនគោកលេខ០២ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្ត ក្នុងស្រុកពញាក្រែក និងទីបញ្ជាការវារៈការពារព្រំដែនគោកលេខ៦១៥ នៅក្នុងស្រុកពញាក្រែក និងលេខ៦១៧ ក្នុងស្រុកមេមត់ ដែលចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីជាការលើកទឹកចិត្តកងកម្លាំងជួរមុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ។
ការចុះសួរសុខទុក្ខនេះ ក៏មានការចូលរួមពីអភិបាលរងខេត្ត ស្នងការ, មេបញ្ជាការ, មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការរងនគរបាលខេត្ត នាយក, នាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានធ្វើឡើងនៅថ្ងៃទី០២ និងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ។
នៅចំពោះមុខកងកម្លាំងយោធា និងនគរបាលវារៈការពារព្រំដែនទាំង៣ លោក ជាម ច័ន្ទសោភ័ណ ក៏បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងវារៈការពារព្រំដែន ដែលបានប្រឹងប្រែង ធ្វើពលីកម្ម ប្រកបដោយវីរភាព អង់អាចក្លាហាន ក្នុងការបំពេញភារកិច្ច ថែរក្សាសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អប្រសើរ ជូនប្រជាជន និងសង្គមជាតិ។
ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងជំរុញឲ្យខិតខំបំពេញភារកិច្ចការងារ រឹតបន្តឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវិន័យឲ្យបានល្អ រួមគ្នាការពារសន្តិសុខតាមខ្សែរក្រវ៉ាត់ព្រំដែន ធ្វើយ៉ាងណាឲ្យព្រំដែនមានសន្តិភាពជាមួយប្រទេសជិតខាង ព្រមទាំងមានកិច្ចសហការគ្នាជាមួយប្រទេសជាប់ព្រំដែន ដើម្បីរួមគ្នារក្សាឲ្យបានល្អ នូវសន្តិសុខតាមខ្សែរបន្ទាត់ព្រំដែន ឲ្យកាន់តែល្អជាបន្តទៀត៕