(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ចាត់ឲ្យក្រុមការងារយកថវិកា ដែលបានមកពីកម្មវិធី «ញ៉ាំម្ទេសដើម្បីស្វែងរកមូលនិធិ ជូនមន្ទីរពេទ្យគន្ធបុប្ផា» ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ចូលរួមឧបត្ថម្ភ គាំទ្រការចំណាយក្នុងសកម្មភាពពិនិត្យ និងព្យាបាលជំងឺកុមារកម្ពុជា ដែលកំពុងត្រូវការជាចាំបាច់សេវាជារៀងរាល់ថ្ងៃ។

តាមរយៈក្រុមការងាររបស់លោក ស សុខា បានបញ្ជាក់ថា ថវិកាដែលបានប្រគល់ជូននោះមានចំនួន ៣០,២៦៨ដុល្លារ និង ២២,៦០២,១០០រៀល។

អ្នកគ្រប់គ្រងទូទៅមន្ទីរពេទ្យគន្ធបុប្ផា លោក Denis Laurent. បានសម្ដែងការសាទរជាខ្លាំងចំពោះលោក ស សុខា និងលោកស្រី កែ សួនសុភី ដែលបានផ្ដួចផ្ដើមគំនិត បង្កើតកម្មវិធីនេះឡើង ហើយនេះជាលើកទីពីរ ដែលលោកបានប្រមូលមូលនិធិដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសក្មេងៗ។

លើសពីនេះ លោកវេជ្ជបណ្ឌិត ក៏បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយ ចំពោះក្រុមការងារទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីនេះ។

ជាមួយគ្នានេះ លោក សែម គន្ធា ក្រុមការងារម្នាក់ ក្នុងចំណោមក្រុមការងារដែលអញ្ជើញប្រគល់ថវិកា បានលើកឡើងថា ដោយមើលឃើញពីទំហំ នៃការចំណាយរបស់មន្ទីរពេទ្យ និងការលំបាករបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលមានជំនឿ លើការព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ទើបលោក ស សុខា និងលោកស្រី កែ សួនសុភី ផ្ដួចផ្ដើមគំនិតបង្កើតកម្មវិធីនេះឡើង៕