(កណ្ដាល)៖ លោកវេជ្ជបណ្ឌិត ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញ និងស្នើដល់មន្រី្តសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដយកចិត្តទុកដាក់ និងគោរពក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ដើម្បីឈានទៅអភិវឌ្ឍន៍គុណភាពសេវាថែទាំ ព្យាបាលជំងឺប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្តពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

ការថ្លែងដូច្នេះ របស់លោក ក្នុងឱកាសអញ្ជើញបើក សន្និបាតបូកសរុប សមិទ្ធផលសុខាភិបាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះ ។

លោករដ្ឋលេខាធិការ បានបន្តថា ចំពោះមនី្ទរពេទ្យបង្អែក មណ្ឌលសុខភាព ត្រូវផ្តោតលើនិរន្តរភាព សេវាព្យាបាល២៤ម៉ោង ធានានិរន្តរភាពឱសថ សម្ភារ បរិក្ខារក្នុងមនី្ទរពេទ្យ និងជំរុញការប្រើបា្រស់ឱសថ ឲ្យសមស្របតាមមគ្គុទេស៍ព្យាបាលរបស់ក្រសួង ព្រមទាំងត្រូវមានការការពារជំងឺ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ លើជំងឺឆ្លងកាចសាហាវ តាមរយៈការបង្កើនប្រសិទ្ធភាព នៃការអប់រំសុខភាពជូនប្រជាជនតាមមូលដ្ឋាន ផ្តល់ថ្នាំបង្ការជំងឺ ឲ្យគ្រប់តាមផែនការកំណត់។

លើសពីនោះលោកបន្ដថា ដោយឡែកចំពោះការគ្រប់គ្រងសេវាសុខាភិបាលឯកជន ទន្ទឹមនឹងការបង្កើនសន្ទុះអនុវត្តច្បាប់ យើងត្រូវផ្តោតការយកចិត្តទុកដាក់ពង្រឹង និងអភិវឌ្ឍន៍គុណភាពសេវា ឲ្យក្លាយជាដៃគូសំខាន់ជាមួយសេវាសាធារណៈ ដោយផ្សារភ្ជាប់នូវសីលធម៌ និងមនសិកាវិជ្ជាជីវៈសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវធានានិរន្តរភាព នៃសកម្មភាពលុបបំបាត់ឱសថក្លែងក្លាយ សេវាសុខាភិបាលខុសច្បាប់ តាមរយៈលើកផែនការអនុវត្តយុទ្ធនាការ លុបបំបាត់ឲ្យមានប្រសិទ្ធភាព តាមប្រកាសរួមក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៦ មករា ២០១៥កន្លងទៅ។

ជាងនេះទៅទៀត លោកវេជ្ជបណ្ឌិត ហេង តៃគ្រី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា បានបន្តជំរុញ និងគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលធ្វើឲ្យគ្រប់វិស័យទទួលបាននូវវឌ្ឍនភាព នៃការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០។

ទន្ទឹមនឹងនោះ ប្រធានមនី្ទរសុខាភិបាលខេត្តកណ្តាល លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន បានថ្លែងថា ឆ្នាំ២០១៨នេះ យើងមានមូលដ្ឋានសាធារណៈចំនួន១០៩ ក្នុងនោះមណ្ឌលសុខភាព៩៨ និងមនី្ទរពេទ្យបង្អែក១១ ត្រូវបានកត់សម្គាល់ដោយលទ្ធផលនៃការប្រើប្រាស់សេវាដូចជា ការពិគ្រោះជំងឺរបស់ប្រជាពលរដ្ឋទាំងពីរភេទ និងគ្រប់វ័យទូទាំងខេត្ត មានចំនួនសរុប៩០១,២៧០ករណី ក្នុងនោះករណីថ្មីមាន ៧៧៩,១៨០ករណី។

អ្នកជំងឺ ដែលបានសម្រាកព្យាបាល មានចំនួន ២៧,៦៩១នាក់ និងវៈកាត់ធំសរុប២,៣៣០ករណី។ អត្រាស្លាប់ជាមធ្យម នៅមនី្ទរពេទ្យ គឺ០,០៧% និងអត្រាប្រើបា្រស់គ្រែក្នុងឆ្នាំ២០១៨ គឺ៦៨% ជាពិសេសមន្រី្ត បុគ្គលិកសុខាភិបាល ដែលកំពុងបម្រើការងារនៅតាមបណ្តាអង្គភាពនានា ក្រោមឱវាទមនី្ទរសុខាភិបាលខេត្តកណ្តាល មានចំនួន១,៣១៤នាក់ បុគ្គលិកជាស្រី្ត មានចំនួន៧៦៤នាក់ ដើម្បីផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងទទួលបានជោគជ័យ៕