(ភ្នំពេញ)៖ អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ សហការ ជាមួយអង្គការ NOMI Network Cambodia រៀបចំពិធីចុះហត្ថលេខា លើអនុសារណៈយោគយល់ និងប្រកាសបើកអនុវត្តជាផ្លូវការ «កិច្ចសហប្រតិបត្តិការ អនុវត្តកិច្ចគាំទ្រ កម្មវិធីបណ្តុះបណ្តាល ដល់សិប្បកម្មកាត់ដេរសំលៀកបំពាក់»។
ការចុះហត្ថលេខាលើអនុសារណៈយោគយល់នេះ ធ្វើឡើងក្រោមអធិបតីភាពលោក គឹម ទូច រដ្ឋលេខាធិការ តំណាង លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និង អ្នកស្រី Supei Liu ជានាយិកាអង្គការ Nomi Network ប្រចាំប្រទេសកម្ពុជា។
ថ្លែងក្នុង ឱកាសនោះ អ្នកស្រី Supei Liu ជានាយិកាអង្គការ Nomi Network ប្រចាំប្រទេសកម្ពុជា បាន ធ្វើការកោតសរសើរពីការខិតខំប្រឹងប្រែង និងកិច្ចសហការ ល្អ របស់បុគ្គលិក នៃអង្គការ Nomi Network និងមន្រ្តីនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ពិសេសនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម ដែលបានធ្វើឲ្យ «កិច្ចសហប្រតិបត្តិការអនុវត្តកិច្ចគាំទ្រ កម្មវិធីបណ្តុះបណ្តាលដល់សិប្បកម្មកាត់ដេរសំលៀកបំពាក់» លេចចេញជារូបរាងឡើង។
អ្នកស្រី Supei Liu ក៏បានលើកឡើងពីទិដ្ឋភាពទូទៅ នៃកម្មវិធីបណ្តុះ បណ្តាលនេះ ដែលមានចំណុចសំខាន់ៗរួមមាន៖ គម្រោងនេះមានរយៈពេល៣ឆ្នាំ , មូលនិធិសរុបសម្រាប់កម្មវិធី ៤០៧,៥៩០ ដុល្លារអាមេរិក និងសកម្មភាព បណ្តុះបណ្តាលជំនាញ និងចំណេះដឹងផ្នែកទីផ្សារ បច្ចេកទេសកាត់ដេរ រចនាម៉ូដ ទំនាក់ទំនងទីផ្សារ ការធ្វើផែនការហិរញ្ញវត្ថុ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំដល់សហគ្រាសធុនតូច និងមធ្យមនិងសិប្បកម្ម (អ្នកច្នៃម៉ូត)។
ជាមួយគ្នានេះ លោក គឹម ទូច ក៏បានប្រកាសបើក «កិច្ចសហប្រតិបត្តិការអនុវត្តកិច្ចគាំទ្រ កម្មវិធីបណ្តុះបណ្តាលដល់សិប្បកម្ម កាត់ដេរសំលៀកបំពាក់» និងបានថ្លែងអំណរគុណដល់ អង្គការ Nomi Network ប្រចាំកម្ពុជា ដែលជួយគាំទ្រអភិវឌ្ឍន៍ វិស័យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅកម្ពុជា ពិសេសការលើកកំពស់សហគ្រិនជាស្រ្តី ជាជំនួយបច្ចេកទេស និងវគ្គបណ្តុះបណ្តាល។
លោកបានអះអាងថា អនុសារណៈយោគយល់ ស្តីពី «កិច្ចសហប្រតិបត្តិការអនុវត្តកិច្ចគាំទ្រ កម្មវិធីបណ្តុះបណ្តាលដល់សិប្បកម្មកាត់ដេរសំលៀកបំពាក់» នេះ គឺផ្តោតសំខាន់ទៅលើ៖ ការបណ្តុះបណ្តាលជំនាញ និងចំណេះដឹងទីផ្សារ បច្ចេកទេសកាត់ដេរ រចនាម៉ូដ ទំនាក់ទំនងទីផ្សារ ការធ្វើផែនការអាជីវកម្ម និងហិរញ្ញវត្ថុ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំដល់សហគ្រិនជាស្រ្តី, បង្កើន និងពង្រឹងជំនាញបច្ចេកទេសកាត់ដេរសម្លៀកបំពាក់ និងការច្នៃម៉ូដ នៅ កម្ពុជា, លើកកំពស់វិស័យ សិប្បកម្មកាត់ដេរ រចនាម៉ូដសម្លៀក បំពាក់ក្នុងស្រុកឲ្យមានភាពប្រកួតប្រជែងខ្ពស់ និងអភិវឌ្ឍន៍វិស័យនេះប្រកបដោយនិរន្តរភាព និងធ្វើឲ្យប្រសើរឡើង និងជួយផ្សព្វផ្សាយសិប្បកម្មកម្ពុជា សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ក៏ជាការលើកកំពស់សហគ្រិនជាស្រ្តីផងដែរ។
លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងជាអ្នកសម្របសម្រួលគម្រោងនេះផ្ទាល់ បានលើកឡើងថា ការអនុវត្តគម្រោងនេះពិតជាបានឆ្លើយតបទៅនិងអ្វីដែលរាជរដ្ឋាភិបាលកំពុងតែគិតគូ និងត្រូវការ ជាពិសេសគឺការជំរុញការអនុវត្តវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយកម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់ ដែលផ្តោតសំខាន់ទៅលើ សហគ្រិនដែលជាស្ត្រី ដែលកំពុងតែមានការគាំទ្រពីរាជរដ្ឋាភិបាល។
លោកបានបន្តថា ក្នុងការចុះ MOU នេះគឺយើងបានសង្កត់ធ្ងន់ទៅលើការពង្រឹងសមត្ថភាពទៅដល់សិប្បកម្មកែច្នៃម៉ូតសម្លៀកបំពាក់ និងជួយស្វែងរកទីផ្សារដល់ពួកគាត់ ដើម្បីឲ្យគាត់មានលទ្ធភាពក្នុងការផលិត និងការជំរុញការលក់ឲ្យមានបរិមាណកាន់តែច្រើននៅលើទីផ្សារទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ៕