(ភ្នំពេញ)៖ ស៉ីក្លូចំណាស់មួយគ្រឿង ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជិះត្រូវបានយកទៅតម្កល់នៅមជ្ឈមណ្ឌលរូបថតកម្ពុជា (Cambodia Photo Center) ទុកជាវត្ថុអនុស្សាវរីយ៍ប្រវត្តិសាស្ត្រ។ ស៉ីក្លូមួយគ្រឿងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជិះនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ក្នុងកម្មវិធីជួបសំណេះសំណាល និងផ្តល់មូលនិធិដល់អ្នកធាក់ស៉ីក្លូ។
មជ្ឈមណ្ឌលរូបថតកម្ពុជា ដែលមានលើកដំបូងគេនៅកម្ពុជា នឹងត្រូវសម្ពោធដាក់ឲ្យដំណើរជាផ្លូវការ ក្រោមអធិបតីភាពរបស់លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩។ មជ្ឈមណ្ឌលមួយនេះ ត្រូវបានបង្កើតឡើងដោយលោក ឆាយ សុផល អតីតអ្នកសារព័ត៌មាន និងជាគ្រូបង្រៀនផ្នែកសារព័ត៌មាន មានទីតាំងស្ថិតក្នុងបុរីមហាសែនសុខ អាគារលេខ២០G ផ្លូវមហាG ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខាងជើងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចំងាយប្រមាណ ២,០០០ម៉ែត្រ។
ទាក់ទិននឹងមូលហេតុដែលយកស៉ីក្លូមកដាក់តាំងនៅមជ្ឈមណ្ឌលរូបថតកម្ពុជា ត្រូវបានលោក ឆាយ សុផល បញ្ជាក់ថា មជ្ឈមណ្ឌលនេះ ជាទីតាំងរក្សាទុកវត្ថុប្រវត្តិសាស្ត្រ ដែលត្រូវប្រមូលវត្ថុចាស់ៗ ទាំងឡាយណាដែលទាក់ទិននឹងប្រវត្តិសាស្ត្រ។ លោកថា ស៉ីក្លូ គឺជាមរតកដែលកម្ពុជាកំពុងអភិរក្ស និងសេសសល់តាំងពីសម័យអាណានិគមបារាំង ហេតុនេះវាគឺជាវត្ថុប្រវត្តិសាស្ត្រផងដែរ។
លោក ឆាយ សុផល បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឃើញស៉ីក្លូមួយដែលសម្តេចតេជោជិះលេងជាមួយកម្មករធាក់ស៉ីក្លូហ្នឹង អ៊ីចឹងខ្ញុំគិតថា ខ្ញុំត្រូវទិញស៉ីក្លូនោះពីគាត់ ដើម្បីឲ្យគាត់បានចំណេញប្រាក់ខ្លះ ហើយយកប្រាក់ខ្លះទៅទិញស៉ីក្លូថ្មី។ ខ្ញុំយកស៉ីក្លូនេះមកដើម្បីដាក់តាំងជាអនុស្សាវរីយ៍បង្ហាញជូនអ្នកដែលមកទស្សនាកន្លែងហ្នឹង បង្ហាញថា នេះជាស៉ីក្លូ ដែលនាយករដ្ឋមន្ត្រីធ្លាប់ជិះលេង ក្នុងកម្មវិធីសំណេះសំណាលជាមួយអ្នកធាក់ស៉ីក្លូ»។
បើតាមលោក ឆាយ សុផល ដែលជាអ្នកសារព័ត៌មានជើងចាស់មួយរូបរបស់កម្ពុជា បានអះអាងដែរថា នៅបរទេសឯណោះវិញ ប្រជាជនគេចូលចិត្តរបស់ចំណាស់បែបនេះ ដូចនៅសារមន្ទីរគេចូលចិត្តរករបស់ណា ដែលថ្នាក់ដឹកនាំជាន់ខ្ពស់ធ្លាប់ប្រើពីមុន ព្រោះរបស់ទាំងនោះជាវត្ថុមានន័យ ហើយបើនៅតាមភោជនីយដ្ឋានវិញ កាលណាមានមន្ត្រីជាន់ខ្ពស់ចូល គេថតរូបដាក់តាំង ដែលធ្វើឲ្យមានភ្ញៀវចូលកាន់តែច្រើន។
លោកបន្តថា «ទោះជាយ៉ាងណាក៏ដោយ ខ្ញុំទិញស៉ីក្លូនេះជាវត្ថុអនុស្សាវរីយ៍ ហើយខ្ញុំគិតថា ២០ទៅ៣០ឆ្នាំទៅ ស៉ីក្លូនេះវាជាស៉ីក្លូ ដែលមានស្លាកស្នាមប្រវត្តិសាស្ត្រ»។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលរូបថតកម្ពុជា គឺជាកន្លែងដំបូងគេ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានដាក់តាំងរូបភាព និងរូបវីដេអូឃ្លីបចាស់ថ្មី ស្ដីពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជាដោយសង្ខេប ដែលកើតមានចាប់តាំងពីមុនឆ្នាំ១៩៧០ រហូតមកដល់បច្ចុប្បន្ន។ មជ្ឈមណ្ឌលរូបថតនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងដាក់តាំងរូបភាព និងរូបវីដេអូឃ្លីបចាស់ថ្មី ស្តីពីប្រវត្តិសាស្រ្តកម្ពុជាមួយចំនួនដោយសង្ខេប ដើម្បីជាពុទ្ធិជំនួយស្មារតីសម្រាប់សាធារណជន ពិសេសយុវជនកម្ពុជាថ្មីបានដឹងខ្លះៗ ពីប្រវត្តិសាស្រ្តប្រទេសរបស់ខ្លួនកន្លងមក ចាប់តាំងពីប្រទេសសុខសាន្ត ហើយធ្លាក់ចូលក្នុងភ្លើងសង្គ្រាម បង្ហូរឈាមគ្នារហូតដល់ប្រទេសទទួលបានសុខសន្តិភាពពេញលេញមកវិញ។
ថវិកាជាង២៣ម៉ឺនដុល្លារអាមេរិកត្រូវបានចំណាយសម្រាប់បង្កើតមជ្ឈមណ្ឌលរូបថតកម្ពុជា ដោយចាប់ផ្ដើមពីទំហំតូចជាមួយទស្សនវិស័យដ៏ធំសម្រាប់អនាគត។ បន្ទាប់ពីថ្ងៃសម្ពោធទៅសាធារណជនជាតិ និងអន្តរជាតិអាចចូលទស្សនាដោយឥតគិតថ្លៃ។
មជ្ឈមណ្ឌលរូបថតកម្ពុជា ក៏មានដាក់តាំងឧបករណ៍ព័ត៌មាន និងសម្ភារចាស់ៗមួយចំនួនផងដែរ។ អ្នកទស្សនាចំណាយពេលប្រមាណ ១ម៉ោង ឬក៏ប្រហាក់ប្រហែលនេះ នៅឯមជ្ឈមណ្ឌលរូបថតកម្ពុជានោះ អាចដឹងពីប្រវត្តិជាក់លាក់ខ្លះៗរបស់កម្ពុជា ចាប់តាំងពីមុនឆ្នាំ១៩៧០ រហូតមកដល់បច្ចុប្បន្នតាមរយៈរូបភាព និងរូបវីដេអូឃ្លីប៕