(ភ្នំពេញ)៖ សហភាពអឺរ៉ុប (EU) បានផ្តល់ថវិកាជាង៣លានដុល្លារអាមេរិក មកដល់កម្ពុជា សម្រាប់ការធ្វើសមាហរណកម្មកុមារ ពីមណ្ឌលទៅកាន់សហគមន៍វិញ។
ការទទួលបានថវិកាជាង៣លានដុល្លារអាមេរិកនាពេលនេះ គឺសម្រាប់គម្រោងដែលមានឈ្មោះថា «ឆ្លើយតបដោយប្រសិទ្ធភាព ដើម្បីឲ្យប្រសើរឡើង នូវប្រព័ន្ធសុខុមាលភាពកុមារ» ហៅកាត់ថា REACTសម្រាប់រយៈពេល៣ឆ្នាំ ២០១៩ ដល់ ២០២១ នៅក្នុងខេត្តគោលដៅចំនួន៥។
ការប្រកាសដាក់ឲ្យអនុវត្តគម្រោងដែលមានឈ្មោះថា «ឆ្លើយតបដោយប្រសិទ្ធភាពដើម្បីឲ្យប្រសើរឡើងនូវប្រព័ន្ធសុខុមាលភាពកុមារ» ហៅកាត់ថា REACT បានរៀបចំឡើង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នាសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ក្នុងឱកាសនេះ លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញការគាំទ្រចំពោះគម្រោងនេះផងដែរ ព្រោះវាជាគម្រោងដែរដើរស្រប ជាមួយគោលនយោបាយរបស់ក្រសួង ក្នុងធ្វើសមាហរណកម្មកុមារ នៅតាមមណ្ឌលទៅកាន់សហគមន៍វិញ។
លោកបានបន្តថា ការរស់នៅមណ្ឌលពុំមែនជាជម្រើសល្អប្រសើរនោះទេ វាជាជម្រើសចុងក្រោយប៉ុណ្ណោះ។ ហេតុនេះទើបក្រសួងបានកំណត់គោលនយោបាយ ធ្វើសមាហរណកម្ម សម្រាប់កុមារដែលមានឪពុកម្តាយ សាច់ញាតិ បងប្អូន ទៅកាន់សហគមន៍វិញ ដើម្បីទទួលបានការមើលថែទាំដែលប្រសើរ។
ជាមួយគ្នានោះ លោកស្រី លន់ បរមី ជាប្រធានគម្រោង REACT បានបញ្ជាក់ថា រាជធានី-ខេត្តគោលដៅទាំង៥រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង ព្រះសីហនុ និងខេត្តសៀមរាប។ លោកស្រីបន្តថា គម្រោងនេះនឹងផ្ដល់ប្រយោជន៍ដល់កុមារចំនួន១២០០នាក់។
លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានបញ្ជាក់ថា ក្រសួងសង្គមកិច្ច បានចាប់ផ្ដើមធ្វើសមាហរណកម្ម កុមារនៅតាមមណ្ឌលទៅកាន់សហគមន៍វិញ តាំងពីឆ្នាំ ២០១៦ ដោយគិតត្រឹមឆ្នាំ២០១៨កន្លងទៅនេះ ក្រសួងបានធ្វើសមាហរណកម្មកុមារចំនួន១០១០នាក់៕