(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣» ដោយមានការអញ្ជើញចូលរួមពថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ។
«សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣» សម្របសម្រួលរៀបចំឡើងដោយក្រសួងផែនការ និងត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដែលត្រូវបានចប់អាណត្តិ នាចុងឆ្នាំ២០១៨ ក្នុងនីតិកាលទី៥ នៃរដ្ឋសភា ដោយសំយោគការវាយតម្លៃនូវសមិទ្ធិផល ដែលសម្រេចបានក្នុងរយៈពេល ៥ឆ្នាំកន្លងមក (២០១៣-២០១៨) ព្រមទាំងច្របាច់បញ្ចូលនៃក្របខ័ណ្ឌគោលនយោបាយ និងបរិការណ៍រួមនៃការអភិវឌ្ឍ ក៏ដូចជា ការកំណត់បញ្ហាប្រឈមនានាដែលត្រូវបន្តដោះស្រាយ។ សេចក្តីព្រាងនេះ បានដាក់ឆ្លងកិច្ចប្រជុំពិភាក្សាជាច្រើនលើកជាមួយក្រសួង-ស្ថាប័ន, ដៃគូអភិឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីប្រមូលធាតុចូល មុននឹងយកមកដាក់ឆ្លងកិច្ចប្រជុំ គ.ស.ហ។
ផែនការយុទ្ធសាស្រ្តនេះ នឹងត្រូវដើរតួនាទីសំខាន់ក្នុងការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅក្នុង «យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤» ដែលជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និង «គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០» ក្នុងគោលបំណងដើម្បីសម្រេចនូវកិច្ចការសំខាន់ៗ ដូចខាងក្រោម៖
ទី១៖ វាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្ដផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ក្នុងអាណត្តិកាលរបស់ផែនការនេះទាំងមូល, ទី២៖ កំណត់នូវបណ្តាវិធានការគោលនយោបាយរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងគោលដៅអនុវត្ដ គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ដើម្បីស្ថិរភាពកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ ប្រជាជនកម្ពុជា និងឆ្ពោះទៅសម្រេចបាននូវស្ថានភាពនៃប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ ២០៥០, និងទី៣៖ ដាក់ចេញនូវប្រព័ន្ធមួយ សម្រាប់តាមដានត្រួត ពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ របស់ក្រសួង-ស្ថាប័ន។
អង្គប្រជុំបានពិនិត្យ ពិភាក្សា និងបានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃ «ផែនការយុទ្ធសាស្រ្តនេះ» ដោយបានពិភាក្សាស៉ីជម្រៅលើខ្លឹមសារតាមផ្នែកនីមួយៗ, ភាពប្រទាក់ក្រឡា និងសង្គតិភាពជាមួយឯកសារគោលនយោបាយ ផ្សេងៗ ដែលរាជរដ្ឋាភិបាលបានអនុម័តអនុវត្តកន្លងមក, ផ្តល់ធាតុចូល ក៏ដូចជាសូចនាករសំខាន់ៗបន្ថែមទៀតសម្រាប់ កែលម្អសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្តនេះ» នេះ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងផែនការ ក្នុងការរៀបចំ «សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣»នេះ និងបានបន្តខិតខំពិនិត្យយ៉ាងយកចិត្តទុកដាក់ ផ្តល់ធាតុចូលគ្រប់ផ្នែកទាំងអស់នៃឯកសារ។ លោកប្រធានអង្គប្រជុំ ក៏បានស្នើឱ្យក្រសួង-ស្ថាប័ន បន្តផ្តល់កិច្ចសហការល្អ និងធ្វើការផ្ទាល់ជាមួយក្រសួងផែនការ ដើម្បីឱ្យឯកសារនេះកាន់តែពេញលេញ, មានលក្ខណៈអនុវត្តន៍ និងគ្រប់ជ្រុងជ្រោយ៕