(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានចុះជួយភ្លាមៗដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្ដិចំនួន២៤គ្រួសារ ក្នុងភូមិចំនួន៣ (ភូមិខ្នារ, ភូមិក្ដុយ និងដំណាក់អំពិល) នៅឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម។
តំណាងរាស្ដ្រកំពង់ចាមបានថ្លែងថា «បន្ទាប់ពីដឹងដំណឹងថា នៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៧៖២០នាទីយប់ មានភ្លៀង និងខ្យល់កន្ត្រាក់កើតឡើង បណ្តាលឱ្យរលំផ្ទះ របើកក្បឿង និងស័ង្កសី របស់បងប្អូនប្រជាពលរដ្ឋយើងភ្លាម ខ្ញុំបានរៀបចំជាស្រេចត្រៀម ដើម្បីចុះជួយសង្គ្រោះ ដោយមិនបង្អង់ទុកបងប្អូនប្រជាពលរដ្ឋយើង ចាំយូរនោះឡើយ» ។
ជាងនេះទៅទៀត លោកបណ្ឌិត ម៉ា ឈឿន ក៏បានចូលរួមរំលែក និងការសោកស្ដាយ នូវទុក្ខព្រួយរបស់ពុកម៉ែបងប្អូន ដែលបានរងគ្រោះដោយសារខ្យល់កន្ដ្រាក់នេះ ។ ជាពិសេស ក្នុងឱកាសនោះ លោកបណ្ឌិតបានពាំនាំប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ នូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពីចម្ងាយដោយក្ដៅគោរពស្រលាញ់បំផុត និងបានចាត់ក្រុមការងារទាំងអស់ ត្រូវយកចិត្ដទុក្ខដាក់ខ្ពស់ និងជួយសង្គ្រោះ និងសម្រាលទុក្ខលំបាករបស់ពលរដ្ឋ ឱ្យទាន់ពេលវេលា។
ជាក់ស្ដែង នៅថ្ងៃទី២ ខែមីនា លោកបណ្ឌិត ម៉ា ឈឿន បានដឹកនាំក្រុមការងារ ចុះជួយភ្លាមៗ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ដ្រាក់នេះ ។លើសពីនោះ តំណាងរាស្ដ្ររូបនេះ ក៏បានថ្លែងអំពាវនាវដល់អាជ្ញាធរដែនដីទំាងអស់ ត្រូវបន្ដយកចិត្ដទុក្ខបន្ថែមទៀត ដល់បងប្អូនកូនក្មួយចាស់ជរា ដែលជួបនូវបញ្ហាប្រឈម ឆាប់ចុះជួយសង្រ្គោះ និងរាយការណ៍ ដើម្បីរកវិធីសាស្ដ្រដោះស្រាយឱ្យពលរដ្ឋឱ្យទាន់ពេលវេលា ដោយមិនត្រូវទុក្ខឱ្យបងប្អូនប្រជាពលរដ្ឋមួយរូបណា រងាឯការទោះទេ ត្រូវតែត្រៀមចាំចុះជួយ ឱ្យទាន់ពេលវេលាជានិច្ច។
សូមជម្រាបថា ក្រោយពេលប្រជាពលរដ្ឋរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំផ្ទះ របើកក្បឿង និងស័ង្កសីចំនួន៣ភូមិ នៅឃុំស្ដើងជ័យ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បាននាំយកថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាភ្លាមៗ ក្នុងនោះក៏មានកាកបាទក្រហមកម្ពុជាខេត្ដ ក៏បានផ្ដល់នូវថវិកា និងស្បៀងឧបភោគ-បរិភោគមួយចំនួនផងដែរ ៕