(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំពីការវាយតម្លៃ បឋមអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលរៀបចំដោយក្រុមបេសកកម្មការងារ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund Staff Visit Mission) ដោយមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានអញ្ជើញមកសិក្សាវាយតម្លៃ អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា។
ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ បានជម្រាបជូនអង្គប្រជុំថា ជាទូទៅ, ផ្អែកលើលទ្ធផលនៃសកម្មភាពសេដ្ឋកិច្ចជារួមនាចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩នេះ, កំណើនសេដ្ឋកិច្ចសកល និងក្នុងតំបន់ មាននិន្នាការថមថយ ។ ចំពោះស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានជម្រាបជូនថា ទោះបីសេដ្ឋកិច្ចកម្ពុជានៅបន្តកំណើនរឹងមាំជាមធ្យមប្រមាណ ៦.៥%-៧% ក្នុង១ឆ្នាំ សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ ដែលស្របទៅនឹងស្ថានភាពល្អប្រសើរនៃលទ្ធផលអនុវត្ត ផ្នែកសារពើពន្ធ, ហានិភ័យសម្រាប់កម្ពុជា កាន់តែមានទំហំធំជាងមុន ដែលរួមមាន៖ លទ្ធភាពនៃការដក EBA ដោយសហភាពអឺរ៉ុប, សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន, ការចាកចេញរបស់ប្រទេសអង់គ្លេស ពីសហភាពអឺរ៉ុបជាដើម ។
ជាមួយគ្នានេះ, ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ដែលបានដាក់ចេញក្នុងវិធានការកន្លងមក ដូចជា៖ ការបន្តកាត់បន្ថយថ្លៃអគ្គិសនី, ការកែសម្រួលនូវបៀវត្សអប្បបរមា, ការកាត់បន្ថយថ្ងៃឈប់សម្រាក ។ល។ ដោយឡែក, ក្រុមការងារក៏បានបង្ហាញនូវក្តីរបារម្ភ ចំពោះការកើនឡើងនៃចំណាយមូលធន ដែលប្រសិទ្ធភាពរបស់វាអាស្រ័យទាំងស្រុង ទៅនឹងការធ្វើវិចារណកម្មចំណាយ និងសមត្ថភាពអនុវត្តគម្រោង ព្រមទាំងការបន្តកើនឡើង នូវឥណទានឱ្យទៅវិស័យសំណង់ និងអចលនទ្រព្យ ដែលអាចនាំទៅដល់ហានិភ័យជាប្រព័ន្ធក្នុងវិស័យហិរញ្ញវត្ថុ ។
អគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបជូនក្រុមការងារ ចំពោះភាពខុសគ្នានៃលទ្ធផលព្យាករណ៍កំណើន សេដ្ឋកិច្ចឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល និងលទ្ធផលព្យាករណ៍របស់ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ ដោយសារកម្ពុជាបានដាក់បញ្ចូលផលប៉ះពាល់អវិជ្ជមាន នៃការដក EBA ដោយសហភាពអឺរ៉ុប ទៅក្នុងការព្យាករសេដ្ឋកិច្ចតែម្តង ដោយរួមទាំងមានរៀបចំជាកញ្ចប់អន្តរាគមន៍ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកើនមកអត្រា ៦.៥% វិញ, ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិចាត់ទុកការដក EBA ត្រឹមជាហានិភ័យប៉ុណ្ណោះ ពោលគឺមិនបានដាក់បញ្ចូលផ្ទាល់ក្នុងលទ្ធផលព្យាករណ៍ ។
លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តផ្តល់ជំនួយបច្ចេកទេសពីសំណាក់មូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងការកសាងសមត្ថភាពមន្រ្តីកម្ពុជាឱ្យកាន់តែមានជំនាញ និងចំណេះ ដឹងប្រសើរជាងមុន ជាពិសេសការផ្តល់ជំនួយបច្ចេកទេស លើការចងក្រងស្ថិតិជារួមរបស់រាជរដ្ឋាភិបាល ដែលមានសារៈសំខាន់សម្រាប់ការវិភាគ, វាយតម្លៃ និងរៀបចំគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ក៏បានធ្វើការវាយតម្លៃខ្ពស់ជាថ្មីម្តងទៀត ចំពោះលទ្ធផល ការងាររបស់ក្រុមការងារ Staff Visit Mission និងជូនពរក្រុមការងារឱ្យធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយសុខសុវត្ថិភាព៕