(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា សមាជិកសភាកម្ពុជា បានលើកឡើងថា ការផ្សារភ្ជាប់គំនិតផ្តួចផ្តើម «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» របស់លោក ស៊ី ចិនភីង ប្រធានាធិបតីចិន ទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីការអភិវឌ្ឍរបស់កម្ពុជា។ លោកបានអះអាងថា គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ (Belt and Road Initiative) គឺជាគម្រោងសហប្រតិបត្តិការ និងការតភ្ជាប់អន្តរជាតិមួយប្រកបដោយមហិច្ឆតា ដែលត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសចិននៅឆ្នាំ២០១៣។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ដែលមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ចូលរួមក្នុងវេទិកានេះនៅទីក្រុងប៉េកាំង។ ថ្នាក់ដឹកនាំកម្ពុជា ក៏នឹងមានជំនួបទ្វេភាគីមួយចំនួនជាមួយថ្នាក់ដឹកនាំធុរកិច្ចចិនសំខាន់ៗ ដែលមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា។ គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ គឺជាក្របខណ្ឌដ៏សំខាន់មួយ ឬអាចជាកម្លាំងចលករ ដើម្បីលើកទឹកចិត្ត និងសម្រួលដល់លំហូរចូលនៃវិនិយោគទុនចិនមកកាន់ប្រទេសកម្ពុជា។
លោក សួស យ៉ារ៉ា បានគូសបញ្ជាក់ថា កម្ពុជា គឺជាប្រទេសមួយ ដែលគាំទ្រយ៉ាងមុតមាំដល់គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ដោយរំពឹងថា គំនិតផ្តួចផ្តើមនេះ នឹងចូលរួមចំណែកដល់សន្តិភាព និងវិបុលភាពរួមគ្នា។ ដោយសារតែជាប្រទេសមានសេដ្ឋកិច្ចតូច និងបើកចំហរ ទើបប្រទេសកម្ពុជា ប្តេជ្ញាកសាងប្រព័ន្ធអន្តរជាតិមួយដែលបើកចំហរ និងបរិយាប័ន។
បើតាមលោក សួស យ៉ារ៉ា វេទិកាផ្លូវមួយខ្សែក្រវ៉ាត់មួយ ដើម្បីសហប្រតិបត្តិការអន្តរជាតិលើកទី២ នឹងប្រព្រឹត្តទៅនៅចុងខែមេសា នាឆ្នាំ២០១៩នេះ ដើម្បីបន្តពង្រឹង និងធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអន្តរជាតិកាន់តែស៊ីជម្រៅ ដោយផ្អែកលើស្មារតីសន្តិភាព សហប្រតិបត្តិការ បើកទូលាយ តម្លាភាព បរិយាប័ន សមភាព ការរៀនសូត្រទៅវិញទៅមក ផលប្រយោជន៍ទៅវិញទៅមក និងការគោរពគ្នាទៅវិញទៅមក ដោយការពង្រឹងសហប្រតិបត្តិការ ដែលផ្អែកលើមូលដ្ឋាននៃការប្រឹក្សាយោបល់គ្រប់ជ្រុងជ្រោយ និងនិតិរដ្ឋ ការខិតខំប្រឹងប្រែងរួមគ្នា ការទទួលបានផលប្រយោជន៍រួមគ្នា និងកាឡានុវត្តភាពស្មើគ្នាសម្រាប់គ្រប់គ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនៃវេទិកាលើកទី១ ថ្នាក់ដឹកនាំនានា បានបញ្ជាក់អំពីការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ចំពោះគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ និងជំរុញឱ្យកសាងការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ជាមួយនឹងគំនិតផ្តួចផ្តើមនៃការតភ្ជាប់ផ្សេងៗ។ ចំពោះទស្សនវិស័យរបស់កម្ពុជាវិញ ការបន្ស៉ីគ្នារវាងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ជាមួយផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ ឬយុទ្ធសាស្ត្រចតុកោណ គឺជាអាទិភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងចិន។
សមាជិកសភាកម្ពុជា និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានអះអាង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផ្តល់អាទិភាពដល់សរសរស្តម្ភ៤ គឺការអភិវឌ្ឍធនធានមនុស្ស ពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យឯកជន និងបង្កើតការងារ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន។ ចំណុចស្នូលនៃសរសរស្តម្ភទាំង៤នេះ គឺការបង្កើនល្បឿននៃកំណែទម្រង់អភិបាលកិច្ច ដែលសំដៅលើកំណែទម្រង់ស្ថាប័ន និងការកសាងសមត្ថភាព ការពង្រឹងគណនេយ្យភាព និងសុច្ចរិតភាពក្នុងរដ្ឋបាលសាធារណៈ ការពង្រឹងប្រសិទ្ធភាពការងារ និងការពង្រឹងអភិបាលកិច្ចលើវិស័យឯកជន។
«នៅក្រោមក្របខណ្ឌសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ប្រទេសចិនគួរបន្តអនុវត្តគំនិតផ្តួចផ្តើមនេះ ឱ្យស្របគ្នាជាមួយវិស័យអភិវឌ្ឍន៍សំខាន់ៗរបស់កម្ពុជា។ រហូតមកដល់បច្ចុប្បន្ននេះជំនួយអភិវឌ្ឍន៍ និងគម្រោងវិនិយោគរបស់ប្រទេសចិនផ្តោតលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឧស្សាហកម្ម ដែលពឹងផ្អែកខ្លាំងលើពលកម្ម។ ប្រទេសទាំងពីរចាំបាច់ត្រូវពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីរួមបញ្ចូលការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព»។ លោក សួស យ៉ារ៉ា បានគូសបញ្ជាក់។
ដើម្បីធ្វើឱ្យមានភាពបន្ស៉ីគ្នាកាន់តែខ្លាំងរវាងគំនិតផ្តួចផ្តើម «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» ជាមួយ «យុទ្ធសាស្ត្រចតុកោណ» របស់កម្ពុជានោះ លោក សួស យ៉ារ៉ា បានលើកជាទស្សនទានថា ក្រុមហ៊ុន និងរោងចក្រចិនគួរកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ឬសាលារៀន ដើម្បីកសាង និងផ្ទេរជំនាញដល់កម្មករក្នុងស្រុក។
លោក បានលើកឡើងថា ដោយសារតែកង្វះខាតកម្លាំងពលកម្មជំនាញក្នុងស្រុក ក្រុមហ៊ុនចិនភាគច្រើនជ្រើសរើសនាំយកពលករជនជាតិចិនរបស់ពួកគេ ដែលមានតម្លៃខ្ពស់ជាងការជួលពលករក្នុងស្រុក។ ក្រុមហ៊ុនចិន ក៏គួរផ្តល់ការបណ្តុះបណ្តាលសមត្ថភាព នៅតាមកន្លែងធ្វើការដល់កម្មករ និយោជិកក្នុងស្រុក ដើម្បីលើកកម្ពស់ផលិតភាព និងទំនាក់ទំនងឧស្សាហកម្ម។
តំណាងរាស្ត្ររូបនេះ បានបញ្ជាក់ថា «សេដ្ឋកិច្ចឌីជីថលគឺជាវិស័យសេដ្ឋកិច្ចនាពេលអនាគតរបស់កម្ពុជា។ បញ្ហាប្រឈមសំខាន់ៗ ដែលកម្ពុជាកំពុងជួបប្រទះដើម្បីសម្រេចបាននូវសេដ្ឋកិច្ចឌីជីថលពេញលេញ គឺកង្វះធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងកង្វះការវិនិយោគសាធារណៈ និងឯកជនលើនវានុវត្តភាព និងសហគ្រិនភាព។ វិស័យឯកជនរបស់ចិនដូចជាក្រុមហ៊ុន Huawei និងក្រុមហ៊ុន Alibaba អាចជួយប្រទេសកម្ពុជា ក្នុងការកសាហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សចាំបាច់ ដើម្បីជួយប្រទេសកម្ពុជា បានទទួលផលពីសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទីបួននេះឱ្យបានពេញលេញ»។
លោក យ៉ារ៉ា បន្ថែមថា «នៅក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន ចិន និងកម្ពុជាគួរតែធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីផ្សាភ្ជាប់គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ជាមួយគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាតិរបស់កម្ពុជា។ ការវិនិយោគរបស់ចិនចាំបាច់ត្រូវភ្ជាប់ជាមួយការអភិវឌ្ឍជនបទ និងការកាត់បន្ថយភាពក្រីក្រ។ គម្រោងវិនិយោគមួយចំនួនដែលទាក់ទងនឹងការរំលោភយកដីធ្លី ការបំផ្លាញបរិស្ថានធ្ងន់ធ្ងរ និងការវិនិយោគ ដែលមិនរាប់បញ្ចូលសេដ្ឋកិច្ចសង្គម ចាំបាច់ត្រូវពិនិត្យឡើងវិញ។ ការវាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន និងសង្គមចាំបាច់ត្រូវធ្វើយ៉ាងហ្មត់ចត់មុនពេលសម្រេចចិត្តអនុវត្តគម្រោងវិនិយោគ ឬការអភិវឌ្ឍ»។
លោកតំណាងរាស្ត្របានគូសបញ្ជាក់ទៀតថា ភាពជោគជ័យរបស់គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ពឹងផ្អែកយ៉ាងខ្លាំងទៅលើគុណភាពនៃគម្រោង និងការយល់ឃើញ និងការចូលរួមរបស់សហគមន៍មូលដ្ឋាន។ ប្រទេសទាំងពីរចាំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីធានាថាគម្រោងអភិវឌ្ឍន៍នៅក្រោមគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ពិតជាផ្តល់ប្រយោជន៍ដល់ប្រជាជននៅមូលដ្ឋាន។ អភិក្រមអភិវឌ្ឍន៍ផ្តោតលើប្រជាជន គួរតែជាចំណុចស្នូលនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ និងភាពជាដៃគូរវាងកម្ពុជា និងចិន។
បើតាមលោក សួស យ៉ារ៉ា ភាពជោគជ័យរបស់ប្រទេសកម្ពុជា នឹងផ្តល់នូវភាពជោគជ័យដល់គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ និងទស្សនវិស័យរបស់ប្រទេសចិន អំពីសហគមន៍នៃអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ហើយដែលជាលទ្ធផលនឹងបង្ហាញថា ព័ត៌មានអវិជ្ជមាន និងអយុត្តិធម៌នៅលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសនៅប្រទេសលោកខាងលិចគឺខុស។ លើសពីនេះភាពជោគជ័យនេះនឹងបន្តជំរុញភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ដែលនឹងដើរតួនាទីជាគម្រូនៃទំនាក់ទំនងសម័យទំនើប រវាងមហាអំណាច និងរដ្ឋតូច ដោយឈរលើគោលការណ៍នៃអធិបតេយ្យភាពស្មើគ្នា ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕
លោក សួស យ៉ារ៉ា សមាជិកសភាកម្ពុជា