(ភ្នំពេញ)៖ តំណាងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងលោក សេង សាមមឺឌី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំកីឡាករស្ម័គ្រចិត្តរបស់ក្លឹបមួយចំនួនរួមមាន៖ លោក ប្រាក់ មុន្នីឧត្តម, សារ៉េត គ្រីយ៉ា, នេន សុធារ័ត្ន, សំអឿន ពិដោរ និងក្រុមកីឡាករយុវជន U18 ចូលរួមកម្មវិធីបរិច្ចាគឈាមជូនមន្ទីរពេទ្យគន្ធបុប្ផា។
មុននឹងបរិច្ចាគឈាម លោកស្រី ងួន សុខា នាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា និងជាតំណាងលោក អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលក្លឹបព្រះខ័នរាជស្វាយរៀង បានដឹកនាំក្រុមកីឡាករចូលរួមសកម្មភាពមនុស្សធម៌។
លោកស្រីថា ការតភ្ជាប់វិស័យកីឡា ជាពិសេសកីឡាបាល់ទាត់ ទៅនឹងសកម្មភាពមនុស្សធម៌ តាមរយៈសកម្មភាពរបស់មូលនិធិគន្ធបុប្ផាកម្ពុជា គឺពិតជាមានសារៈសំខាន់ ក្នុងការជួយផ្សព្វផ្សាយ និងបំផុសចលនាកៀរគរវិភាគទានសប្បុរសធម៌ ដើម្បីគាំទ្រដល់និរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា។
លើសពីនេះ លោកស្រីក៏បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ចំពោះការចូលរួមបរិច្ចាគឈាមនៅថ្ងៃនេះ និងបានអំពាវនាវ ព្រមទាំងលើកទឹកចិត្ត ឱ្យក្លឹបកីឡាផ្សេងៗទៀត ចូលរួមបរិច្ចាគឈាម និងកៀរគរការច្ចាគថវិកាតាមទម្រង់ផ្សេងៗ ដែលក្លឹបនីមួយៗអាចធ្វើបាន ក្នុងការចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំមកនូវភាពញញឹម ដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
ជាមួយគ្នានេះ តំណាងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក សេង សាមមឺឌី ក៏បានបង្ហាញនូវភាពរីករាយ ដែលបានចូលរួមជួយមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ជាពិសេសសរួមចំណែក ក្នុងការជួយដល់កុមារកម្ពុជា តាមរយៈការបរិច្ចាគឈាមនេះ។ ក្លឹបក៏សន្យាថានឹងជួយផ្សព្វផ្សាយ និងបំផុសចលនាកៀរគរការបរិច្ចាគ ដើម្បីបង្កើនចំនួនសមាជិកកិត្តិយស ឬសមាជិកគាំទ្ររបស់មូលនិធិគន្ធបុប្ផាកម្ពុជា ជាមួយសមាជិកក្លឹប និងអ្នកគាំទ្រវិស័យកីឡានៅទូទាំងប្រទេស ក្នុងគោលដៅតែមួយគត់ គឺសង្រ្គោះកុមារកម្ពុជា។
លោក ខៀវ កុលរ័ត្ន ឱសថការីឧត្តមនៃមន្ទីរពេទ្យគន្ធបុប្ផា បានបង្ហាញពីបំណងចង់ឃើញប្រជាពលរដ្ឋ ជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការបរិច្ចាគឈាម។ ក្នុងន័យនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យកម្ពុជា ដែលមានកម្លាំងពេញលេញជួយបរិច្ចាគឈាម ជូនមន្ទីរពេទ្យគន្ធបុប្ផាគ្រប់ៗគ្នា ដើម្បីឲ្យមន្ទីពេទ្យនេះបានធ្វើសកម្មភាព ក្នុងការព្យាបាលកុមារដោយមិនយកប្រាក់បន្តទៀត។
ឱសថការីឧត្តមរូបនេះ បានឲ្យដឹងថា កាលពីមុនការបរិច្ចាគឈាមត្រូវបានផ្តល់ជូនដោយជនជាតិបរទេសច្រើនជាងជនជាតិខ្មែរ ប៉ុន្តែមួយរយៈចុងក្រោយនេះ ការផ្តល់ឈាមពីជនជាតិបរទេសត្រូវបានថយចុះ។ ទោះជាយ៉ាងនេះក្តី លោក ខៀវ កុលរ័ត្ន អះអាងថា មន្ទីរពេទ្យគន្ធបុប្ផាមិនទាន់ខ្វះខាតឈាមប្រើប្រាស់នៅឡើយទេ គឺអាចទប់ទល់បានដោយសារប្រជាពលរដ្ឋ បានមកបរិច្ចាគជាបន្តបន្ទាប់មិនដាច់ឡើយ។
លោកបានរម្លឹកដែរថា កាលពីថ្ងៃទី១៤ កុម្ភៈ គឺក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ មានយុវវ័យចូលរួមបរិច្ចាគឈាមរហូតដល់ទៅ ១០០នាក់ឯណោះ ដោយសារយុវវ័យបានយល់ដឹងច្រើនជាងមុន ពីសារៈសំខាន់នៃការបរិច្ចាគឈាម។ លោកឱសថការី ក៏ចង់ឃើញប្រជាពលរដ្ឋកម្ពុជាផ្សេងទៀត បានយល់ដឹងពីសារៈសំខាន់អំពីការបរិច្ចាគ។
លោកថា ការបរិច្ចាគឈាមមិនបង្កឲ្យមានគ្រោះថ្នាក់នោះទេ ផ្ទុយទៅវិញនឹងជួយឲ្យអ្នកបរិច្ចាគមានសុខភាពល្អ បើសិនជាគាត់បរិច្ចាគឈាមបានទៀងទាត់។ ជាមួយគ្នានេះ ប្រទេសកម្ពុជានឹងមិនខ្វះខាតឈាមប្រើប្រាស់ឡើយ បើប្រជាពលរដ្ឋបានចូលរួមច្រើន និងយល់ដឹងច្រើនពីបញ្ហានេះ៕