(កំពង់ឆ្នាំង)៖ លោក យឹម យ៉ុន មេឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានភាពស្រឡាំងកាំង និងពិតជាភ្ញាក់ផ្អើល បន្ទាប់ពីឃើញភាគីទំនាស់បានកាន់លិខិតពីសាលាខេត្ត ទៅបង្គាប់ឲ្យអាជ្ញាធរឃុំបង្កើតគណៈកម្មការដើម្បីវាស់វែង ខណៈដែលភាគីម្ខាងទៀត បានប្តឹងទៅតុលាការ ហើយតុលាការកំពុងមានចំណាត់ការផងនោះ។
លោកមេឃុំបានបន្តទៀតថា រឿងទំនាស់ដីធ្លីរវាងលោក ផង់ សុភឿន និងលោកស្រី អ៊ូ ប៉ែន ជាមួយលោក យ៉ាន់ ជាង, អាជ្ញាធរឃុំបានកោះហៅភាគីទាំងទាំងពីរ មកដោះស្រាយសម្របសម្រួល និងបានផ្ទៀងផ្ទាត់ឯកសារភាគីទាំងពីរដោយលោក ផង់ សុភឿន និងលោកស្រី អ៊ូ បែន មាន ១០ប្លង់ស៊ីញ៉េភូមិ-ឃុំត្រឹមត្រូវ ក្នុងទំហំដី១០,៥០ហិកតា ចំណែកលោក យ៉ាន់ ជាង មាន២៤ស្មីនឹង ១២,៤៣ហិកតាមានស៊ីញ៉េត្រឹមភូមិ ដោយកោសលុប និងកែព្រំដីផងដែរ ដែលជាឯកសារមិនអាចយកទៅប្រើប្រាស់បានតាមផ្លូវច្បាប់នោះទេ។
លោកមេឃុំបានបន្តថា ក្រោយពីផ្ទៀងផ្ទាត់រួចហើយលោកស្រី អ៊ូ ប៉ែន បានប្រាប់លោក យ៉ាន់ ជាង ថា លោកស្រីសុំយកតែដីលោកស្រីចំនួន១០ហិចតាកន្លះនោះទេ សល់ប៉ុន្មានសូមលោក យកទាំងអស់ចុះ។ ពេលនោះលោក យ៉ាន់ ជាង យល់ព្រម ប៉ុន្តែចាំលោកទៅរកឯកសារបន្ថែម ដោយមានការដោះដូរជាមួយប្រជាពលរដ្ឋមួយចំនួនផងដែរ លុះដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ អាជ្ញាធរបានកោះហៅភាគីទាំងពីរ មកដោះស្រាយម្តងទៀតដោយលោក យ៉ាន់ ជាង ទិញពីប្រជាពលរដ្ឋមាន១៤ប្លង់ ទំហំដី៧ហិចតាកន្លះ ដូរពីប្រជាពលរដ្ឋ១០ប្លង់ ទំហំដី៦,៨៣ហិចតា សរុបស្មើរនិង១៤ហិចតាជាង ប៉ុន្តែលោក យ៉ាន់ ជាង ជួលដីទៅឲ្យប្រជាពលរដ្ឋផ្សេង ធ្វើកសិផលមានរហូតដល់ទៅ២៨ហិចតាឯណោះ។ ចំណែកលោកស្រី អ៊ូ បែន និងប្តីមានរហូតដល់ទៅ១៨ ហិចតា ប៉ុន្តែលោកស្រីយកត្រឹមការផ្ទៀងផ្ទាត់លើកទី១ គឺ១២ហិចតាកន្លះ តែប៉ុណ្ណោះ។
លោកថា លោក យ៉ាន់ ជាង មិនដឹងជាយកឯកសារពីណាពីណីមកដោយមានកោសលុប កែឯកសារ ហើយមកចោទអាជ្ញាធរដោះស្រាយលំអៀងទៅលើ ផង់ សុភឿន និងលោកស្រី អ៊ូ ប៉ែន។ ករណីនេះលោក យឹម យ៉ុន មេឃុំគោកបន្ទាយ បានប្រាប់បន្ថែមថា លោកមិនលំអៀងទៅភាគីមួយណាទេ ក្នុងនាមលោកជាអាជ្ញាធរដោះស្រាយបើអ្នកខុស គឺថាខុស បើអ្នកណាត្រូវ គឺថាត្រូវហើយ ចុះបើលោក ផង់ សុភឿន មានឯកសារត្រឹមត្រូវទាំងអស់ឲ្យខុសម្តេចទៅ ចំណែកលោក យ៉ាន់ ជាង មានច្រើនប្លង់តែត្រឹមត្រូវមានតែ៤ទៅ៥ប្លង់ ហើយឲ្យលោកថាត្រឹមត្រូវបានដែរឬ?។ លោកថា ឥឡូវរឿងទំនាស់ដីធ្លីនេះ បានផុតពីដៃលោកហើយ ព្រោះភាគីឈ្មោះ ផុង សុភឿន និងប្រពន្ធឈ្មោះ អ៊ូ ប៉ែន បានដាក់ពាក្យបណ្តឹងទៅតុលាការហើយ ហើយរឿងនេះលោកក៏ បានធ្វើរបាយការណ៍ដាក់ទៅអាជ្ញាធរស្រុកហើយដែរ។
លោកស្រី អ៊ូ ប៉ែន ក៏បានប្រាប់ផងដែរថា ដីនៅចំណុចទួលតាម៉ឹង ឃុំគោកបន្ទាយនេះ លោកស្រីបានទិញពីប្រជាពលរដ្ឋចំនួន២០ គ្រួសារនៅឆ្នាំ២០០៧ ដោយទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំបច្ចុប្បន្ន ហើយបានកាន់កាប់ធ្វើស្រែរហូតមក។ លុះដល់ឆ្នាំ២០១៧ ឈ្មោះ យ៉ាន់ ជាងបានមកយកដីគាត់ទៅជួល និងលក់ទៅឲ្យអ្នកផ្សេង។ ទើបលោកស្រីទៅសួរនាំលោក យ៉ាន់ ជាង បែរជាលោក យ៉ាន់ ជាង និយាយថា លោកជួលដីនេះមិនស្គាល់ព្រំប្រទល់ច្បាស់លាស់នោះទេ បើធ្វើចូលតិចតួចឲ្យលោកសុំទោស ហើយចាំគេច្រូតស្រូវរួចចាំធ្វើការវាស់វែងចែកគ្នា ទៅតាមឯកសារជាក់ស្តែង ហើយក៏ណាត់គ្នាទៅសាលាឃុំដោយមានលោកមេឃុំ ធ្វើជាសក្សីមានកំណត់ហេតុត្រឹមត្រូវ លុះពេលណាត់គ្នាមកជួបដើម្បីចុះទៅវាស់បែរជាមិនព្រម ហើយថែមទាំងដើរបំផុស បំផុល និងយកប្រជាពលរដ្ឋធ្វើជាកម្លាំងតវ៉ាក្នុងជម្លោះដីធ្លីនេះ។
លោកស្រីសំណូមពរដល់អាជ្ញាធរជំនាញ និងស្ថាប័នពាក់ព័ន្ធមេត្តា ជួយរកយុត្តិធម៌ឲ្យក្រុម គ្រួសារគាត់ និងសូមឲ្យជួយទប់ស្កាត់រាល់ សកម្មភាពរបស់ឈ្មោះ យ៉ាន់ ជាង និងបក្ខពួកដែលកំពុងរំលោភ បំពានលើដីរបស់ខ្លួន។ ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរខាងលើមិនទាន់ធ្វើការទំនាក់ទំនាក់ សុំការបំភ្លឺពីភាគីម្ខាងទៀតបាននៅឡើយ ដោយសារគ្មានប្រព័ន្ធទាក់ទង ៕