(ភ្នំពេញ)៖ លោក ខៀវ កុលរ័ត្ន ឱសថការីឧត្តមនៃមន្ទីរពេទ្យគន្ធបុប្ផា បានបង្ហាញពីបំណងចង់ឃើញប្រជាពលរដ្ឋ ជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការបរិច្ចាគឈាម។ ក្នុងន័យនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យកម្ពុជា ដែលមានកម្លាំងពេញលេញជួយបរិច្ចាគឈាម ជូនមន្ទីរពេទ្យគន្ធបុប្ផាគ្រប់ៗគ្នា ដើម្បីឲ្យមន្ទីរពេទ្យនេះបានធ្វើសកម្មភាព ក្នុងការព្យាបាលកុមារដោយមិនយកប្រាក់បន្តទៀត។
ការអំពាវនាវរបស់លោក ខៀវ កុលរ័ត្ន បានធ្វើឡើងតាមរយៈការផ្តល់បទសម្ភាសឲ្យអង្គភាពព័ត៌មាន Fresh News ក្នុងឱកាសដែលក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដឹកនាំកីឡាកររបស់ខ្លួនបរិច្ចាគឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ។
ឱសថការីឧត្តមរូបនេះ បានឲ្យដឹងថា កាលពីមុនការបរិច្ចាគឈាមត្រូវបានផ្តល់ជូនដោយជនជាតិបរទេសច្រើនជាងជនជាតិខ្មែរ ប៉ុន្តែមួយរយៈចុងក្រោយនេះ ការផ្តល់ឈាមពីជនជាតិបរទេសត្រូវបានថយចុះ។ ទោះជាយ៉ាងនេះក្តី លោក ខៀវ កុលរ័ត្ន អះអាងថា មន្ទីរពេទ្យគន្ធបុប្ផាមិនទាន់ខ្វះខាតឈាមប្រើប្រាស់នៅឡើយទេ គឺអាចទប់ទល់បានដោយសារប្រជាពលរដ្ឋ បានមកបរិច្ចាគជាបន្តបន្ទាប់មិនដាច់ឡើយ។
លោកបានរម្លឹកដែរថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ គឺក្នុងថ្ងៃនៃក្តីស្រលាញ់ មានយុវវ័យចូលរួមបរិច្ចាគឈាមរហូតដល់ទៅ ១០០នាក់ឯណោះ ដោយសារយុវវ័យបានយល់ដឹងច្រើនជាងមុន ពីសារៈសំខាន់នៃការបរិច្ចាគឈាម។ លោកឱសថការី ក៏ចង់ឃើញប្រជាពលរដ្ឋកម្ពុជាផ្សេងទៀត បានយល់ដឹងពីសារៈសំខាន់អំពីការបរិច្ចាគ។
លោកថា ការបរិច្ចាគឈាមមិនបង្កឲ្យមានគ្រោះថ្នាក់នោះទេ ផ្ទុយទៅវិញនឹងជួយឲ្យអ្នកបរិច្ចាគមានសុខភាពល្អ បើសិនជាគាត់បរិច្ចាគឈាមបានទៀងទាត់។ ជាមួយគ្នានេះ ប្រទេសកម្ពុជានឹងមិនខ្វះខាតឈាមប្រើប្រាស់ឡើយ បើប្រជាពលរដ្ឋបានចូលរួមច្រើន និងយល់ដឹងច្រើនពីបញ្ហានេះ។
លោក ខៀវ កុលរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងចង់អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យដែលមានកម្លាំងមាំមួន ឲ្យជួយបរិច្ចាគឈាមសម្រាប់ជួយសង្គ្រោះជីវិតកុមារ ក៏ដូចជាសង្រ្គោះមនុស្ស ព្រោះឈាមមួយប្លោកស្មើនឹងជីវិតមនុស្សម្នាក់។ សូមឲ្យគាត់យល់ថា ការបរិច្ចាគឈាមនេះមិនប៉ះពាល់សុខភាពគាត់ទេ មានតែជួយឲ្យសុខភាពគាត់ បានបរិបូរណ៌លើសមុនទៅទៀត បើគាត់បរិច្ចាគឈាមទៀងទាត់»។
លោកបន្តថា «អ៊ីចឹងយើងគិតថាប្រជាពលរដ្ឋរបស់យើង ជាពិសេសយុវជន ដែលមានកម្លាំងពេញលេញយល់ដឹងពីបញ្ហានេះ គាត់មកបរិច្ចាគឈាមដោយស្ម័គ្រចិត្តនោះ យើងជឿជាក់ថា ប្រទេសជាតិរបស់យើងមិនខ្វះខាតឈាមក្នុងការប្រើប្រាស់ទេ»៕