(ភ្នំពេញ)៖ បងស្រីម្នាក់បានបីកូនរបស់គាត់រត់ជ្រែកអង្គរក្សសុំជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលសម្តេចអញ្ជើញពិនិត្យស្ពានជ្រោយចង្វារទី១នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។ ការព្យាយាមចង់ចូលទៅកៀកសម្តេចតេជោ ហ៊ុន សែន នោះ បងស្រីមិនមានការសុំអ្វីទាំងអស់ គឺសុំត្រឹមតែការសម្តែងនូវការដឹងគុណចំពោះគុណបំណាច់របស់សម្តេច ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍សម្រាប់ជាតិកម្ពុជា។
ជាមួយការក្រាបសំពះយ៉ាងទន់ភ្លន់ដោយការចាត់ទុកសម្តេចតេជោប្រៀបដូចជាឪពុករបស់ខ្លួននោះ បងស្រីបានពោលពាក្យថា សម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូប (idol) របស់គាត់។
អ្វីដែលកាន់តែធ្វើឱ្យគេមានការភ្ញាក់ផ្អើលកូនស្រីរបស់បងស្រីដែលនៅក្មេងខ្ចីនៅឡើយនោះ ក៏ហាក់មានភាពស្និទ្ធស្នាលខ្លាំងណាស់ផងដែរ។ គ្រាន់តែជួបសម្តេចភ្លាមកុមារីរូបនេះ បានជម្រាបសួរសម្តេច និងរត់ឱបសម្តេចយ៉ាងណែន។ តាមកាយវិការបានបង្ហាញថា កុមារីរូបនេះមានភាពស្និទ្ធស្នាលចំពោះសម្តេចប្រៀបដូចជាជីតារបស់ខ្លួនអ៊ីចឹង។
តាមរយៈរូបភាពនេះបានសបញ្ជាក់ថា បើទោះបីថាអ្វីដែលសម្តេចបានធ្វើដើម្បីកម្ពុជាតាំងពីឆ្នាំ១៩៧៧ ក្នុងពេលចេញតស៊ូដំបូងរហូតរំដោះប្រទេសពីរបបប៉ុលពតនៅឆ្នាំ១៩៧៩ និងការអភិវឌ្ឍប្រទេស ៤០ឆ្នាំក្រោយរំដោះនេះ មិនអាចបំពេញចិត្តមនុស្សមួយចំនួនយ៉ាងណាក្តី តែប្រជាពលរដ្ឋខ្មែរស្ទើរមួយនគរបានផ្តល់សច្ចភាពលើអ្វីដែលសម្តេចបានធ្វើសម្រាប់ជាតិ និងប្រជាជនកម្ពុជាដោយក្តីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ៕