(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះប្រគល់ផ្ទះមួយខ្នង ជូនដល់ស្ត្រីមេម៉ាយមានកូនម្នាក់ ដែលមានសតិមិនគ្រប់លក្ខណៈ ដែលមានមុខរបរ រាវលៀសលក់ ដែលកំពុងជួបការលំបាកខ្វះខាត មិនមានជំរកសមរម្យ រស់នៅក្នុងខ្ទមកំសត់ ស្ថិតនៅក្នុងភូមិសង្ហិត ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ការចុះប្រគល់ផ្ទះនេះដែរ ដោយមានការចង្អុលបង្ហាញ ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែបានជំរុញឱ្យតាមបណ្តាកងរាជអាវុធហត្ថទាំងអស់ ក្រៅពីការងារស្នូលក្នុងអង្គភាព ត្រូវយកចិត្តទុកដាក់ចុះជួយ ដល់ពលរដ្ឋដែលខ្វះខាតទៅតាមលទ្ធភាពដែលអាចធ្វើបាន។
ពលរដ្ឋក្រីក្រដែលទទួលបានអំណោយផ្ទះមួយខ្នងនេះមានឈ្មោះ ប៉ែន រុន ភេទស្រី អាយុ៥៦ឆ្នាំ ហើយផ្ទះដែលទទួលបានមានទំហំ ៥ម៉ែត្រ X ៦ម៉ែត្រ ជញ្ជាំងឈើ ក្រាលក្តារ ប្រក់ស័ង្កសី ដោយចំណាយអស់ទឹកប្រាក់សរុបចំនួន ៥លាន ២៨ម៉ឺនរៀល ក្នុងនោះក៏ទទួលបានថវិកា សំភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគបរិភោគ មួយចំនួនទៀតផងដែរ។
ក្នុងដំណើរសួរសុខទុក្ខនេះដែល លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល ក៏បាននាំយកអំណោយជាថវិកា គ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាតចំនួន៤គ្រួសារទៀត ដោយមួយគ្រួសារទទួលបានថវិកា៥ម៉ឺនរៀល, អង្ករ៥០គីឡូក្រាម, ទឹកស៊ីអីវ ១យួ, សារុង ១,ក្រណាត់ ១ដុំ៕