(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានប្រកាសអំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍គ្រប់ទម្រង់ ត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីសុំអាជ្ញាបណ្ណ និងត្រូវបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋឱ្យបានត្រឹមត្រូវ ដើម្បីផ្ដល់ចំណូលចូលរដ្ឋជំរុញការអភិវឌ្ឍប្រទេសជាតិ ហើយម្យ៉ាងក៏បានរួចផុតពីការផាកពិន័យ និងការដាក់ទោសទណ្ឌផងដែរ។
ការអំពាវនាវរួមគ្នានេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាលើកទី២ ស្ដីពីកាតព្វកិច្ចពន្ធចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ ដែលបានធ្វើឡើងនៅសណ្ឋាគារ Green Palace រាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបភាពលោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ និងលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម CATA។
លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា គោលបំណងដែលសមាគម CATA រៀបចំសិក្ខាសាលានេះឡើង គឺដើម្បីឱ្យសមាជិករបស់ខ្លួនដែលជាប្រតិបត្តិករទេសចរណ៍ កាន់តែយល់ច្បាស់អំពីកាតព្វកិច្ចនៃការបង់ពន្ធជូនរដ្ឋ ហើយដើម្បីឱ្យដឹងថាតើត្រូវបង់ពន្ធដោយរបៀបម៉េច ទើបត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ និងមានតម្លាភាព?
លោកស្រីបានបញ្ជាក់ថា សមាជិកសមាគម CATA ប្រមាណ ៧០% បានចូលរួមបង់ពន្ធជូនរដ្ឋហើយ នៅសល់ប្រមាណ ៣០% ទៀតប៉ុណ្ណោះ ដែលមិនទាន់ចូលរួមបង់ពន្ធ នេះក៏ដោយសារពួកគេនៅតាមបណ្ដាខេត្តឆ្ងាយៗ ឬអ្នកបើកអាជីវកម្មតូចតាច ឬបើកអាជីវកម្មតាម Online ជាដើម ហើយអ្នកខ្លះមានការិយាល័យការងារត្រឹមត្រូវ ចង់បង់ពន្ធដែរ តែពួកគេមួយចំនួនមានការខ្លាចមិនហ៊ានទៅបង់ពន្ធ ទើបមានការអាក់ខានខ្លះៗដែរ។
លោកស្រីប្រធានបានបន្តថា សមាជិកសមាគម CATA មិនចង់គេចវេសពីកាតព្វកិច្ចបង់ពន្ធនោះទេ ប៉ុន្តែគ្រាន់តែពួកគេនៅមានភាពស្រពិចស្រពិលជាច្រើនពាក់ព័ន្ធនឹងការបង់ពន្ធនេះ ដូច្នេះហើយបានជាសមាគម CATA រៀបចំសិក្ខាសាលានេះឡើង ព្រោះសមាគមចង់ឱ្យសមាជិករបស់ខ្លួនចូលរួមបង់ពន្ធឱ្យបានគ្រប់គ្នា ដែលមិនអាចគេចផុតឡើយ។
លោក អេង រតនា បានអំពាវនាវដល់គ្រប់សហគ្រាស ក្រុមហ៊ុនដែលមិនទាន់បានមកបង់ពន្ធជូនរដ្ឋ សូមចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធនេះឱ្យបានត្រឹមត្រូវ ពីព្រោះរាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់សហគ្រាសធនតូច និងមធ្យម ប្រសិនបើពួកគេស្ម័គ្រចិត្តបង់ពន្ធជូនរដ្ឋា រដ្ឋនឹងលើកលែងការបង់ពន្ធរយៈពេល៣ឆ្នាំដំបូង ម្យ៉ាងទៀតពន្ធដែលមិនបានបង់ពីពេលមុនៗ ក៏ត្រូវបានលើកលែងដែរ។
លោកបន្តថា រយៈពេល៥ឆ្នាំចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានច្រើនលើសផែនការ ជាក់ស្ដែងក្នុងឆ្នាំ២០១៨កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានជាង ២ពាន់លានដុល្លារ ហើយក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៩នេះ ប្រមូលបានជាង ៨០០លានដុល្លារហើយ។
លោកស្រីប្រធានសមាគម CATA បានលើកឡើងថា អ្នកបើកអាជីវកម្មទេសចរណ៍លើប្រព័ន្ធ Online បានធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងនៅលើទីផ្សារក្នុងវិស័យទេសចរណ៍ ត្រង់ថាពួកគេមិនបានបង់ពន្ធ គាត់លក់ក្នុងតម្លៃថោក ប៉ុន្តែម្ចាស់អាជីវកម្មដែលបានបង់ពន្ធត្រឹមត្រូវ គេមិនអាចលក់ក្នុងតម្លៃថោកដូចអ្នកមិនបង់ពន្ធឡើយ វាត្រូវតែលក់ក្នុងតម្លៃមួយដែលមានពន្ធក្នុងផលិតផលទាំងឡាយជាស្រេច។
ត្រង់ចំណុចនេះដែរ លោក អេង រតនា បានសង្កត់ធ្ងន់ថា «ចំពោះអ្នកប្រកបអាជីវកម្មនៅតាមប្រព័ន្ធ Online ត្រូវតែមកបង់ពន្ធជូនរដ្ឋឱ្យបានគ្រប់គ្នា បើមិនដូច្នេះទេនឹងមានការផាកពិន័យ និងមានទោសទណ្ឌថែមទៀត ពីព្រោះការអភិវឌ្ឍរបស់ប្រទេសជាតិអាចប្រសើរទៅបាន ក៏ដោយសារការចូលរួមបង់ពន្ធយ៉ាងត្រឹមត្រូវពីសំណាក់វិស័យឯកជនផងដែរ»៕