(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ បានទទួលជួបកញ្ញា Olga Pascenco (Loan Officer of the European Investment Bank in Asia, EIB) និងសហការីដើម្បីពិភាក្សាថា តើធនាគារវិនិយោគសហភាពអឺរ៉ុប (EIB) អាចជួយក្រសួងបានយ៉ាងដូម្តេច ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម ២០១៩- ២០២៣ លើអនុវិស័យដែលមានអាទិភាពសំខាន់ៗមួយចំនួន ជាពិសេសអនុវិស័យព្រៃឈើ និងការអភិវឌ្ឍវិស័យកសិកម្ម។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ការចូលរួមចំណែកឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងធនធានថវិកានេះ គឺជាកំលាំងចលករយ៉ាងធំមួយ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកំណើនចំណូលគ្រួសារ តាមរយ:ការជំរុញផលិតភាពផលិតកម្មកសិកម្មសម ស្របតាមការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន តម្រូវការទីផ្សារ និងការប្រកួតប្រជែងទីផ្សារទាំងថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។
កញ្ញា Olga បានជម្រាបជូន លោករដ្ឋមន្ត្រីជ្រាបដោយសង្ខេបពីប្រវត្តិរបស់ធនាគារវិនិយោគនេះ មានសកម្មភាពការងារទាំងក្នុងប្រទេសសមាជិក និងក្រៅប្រទេសសមាជិក ក្នុងការជួយរៀបចំ គោលនយោបាយ កម្មវិធីនៃការអភិវឌ្ឍនានា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញប្បទានសម្បទាន ដល់វិស័យដែលមានអាទិភាព។ កញ្ញាបានបញ្ជាក់បន្ថែមថា គោលបំណងសំខាន់ៗរបស់គម្រោងមានគឺ ទី១៖ លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់ លើវិស័យកសិកម្មដោយសារការប្រែ ប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់រអភិវឌ្ឍន៍នៃការដាំដុះព្រៃឈើឡើងវិញ ដើម្បីរក្សាបាននូវប្រព័ន្ធជីវចំរុះ អេកូឡូស៊ី រក្សាបាននូវធនធានធម្មជាតិ និងបង្កើតតំបន់អេកូទេសចរណ៍ ដែលជាការបង្កើតការងារ និងប្រភពចំណូលសម្រាប់ប្រជាសហគមន៍ក្នុងតំបន់។ ទី២. ការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធគំទ្រ និងការអិវឌ្ឍលើការដាំដុះដំណាំកសិកម្ម ។
លោករដ្ឋមន្ត្រី វេង សាខុន បានគូសបញ្ជាក់ជូនភ្ញៀវថា គោលដៅរបស់ក្រសួងរយៈពេលកន្លងមក គឺផ្តោតជាសំខាន់លើការផលិតស្រូវ និងការនាំចេញ ដោយឡែកក្នុងបរិបទថ្មីនៃកំណើនសេដ្ឋកិច្ច ការកើន ឡើងនៃចំនួនប្រជាជន ទេសចរណ៍ និងតម្រូវការទីផ្សារ បានតម្រូវឲ្យក្រសួងធ្វើបច្ចុប្បន្នភាព នៃគោលដៅរបស់ខ្លួនមកផ្តោតលើការធ្វើកសិកម្មចម្រុះ និងផលិតផលដែលមានសក្កានុពលខ្ពស់ដូចជាដំឡូងមី ពោតចំណី ស្វាយ ស្វាយចន្ទី និងជាពិសេសសាកវប្បកម្ម ធ្វើយ៉ាងណាជួយប្រជា កសិករបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅស្របតាមបរិបទថ្មីនេះ។
លោកបន្តថា ដើម្បីអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព និងនិរន្តរភាព លោកមរដ្ឋមន្ត្រីបានស្នើឲ្យ EIB ពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រលើ៖
ទី១.ការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដោយចាប់ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះដើម្បីបង្កើនតម្លៃបន្ថែមដល់កសិផល ពង្រីកនិងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេក ទេស និងការធានាដល់គុណភាព សុវត្តិភាពទាំងអនាម័យនិងភូតគាមអនាម័យ និងជាពិសេសកាត់បន្ថយការនាំចេញវត្ថុធាតុដើម។
ទី២៖ ការសិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់ខ្សែច្រវាក់ផលិតកម្ម និងរចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកបែបទំនើបកម្មកសិកម្ម (ប្រព័ន្ធដំណក់ទឹក)។
ទី៣.ការអភិវឌ្ឍសហគមន៍ព្រៃឈើ ប្រកបដោយចីរភាព និងនិរន្តរភាព តាមរយ:ការអភិវឌ្ឍចំណេះដឹង ការងារច្បាប់ និងបច្ចេកទេសសមស្រប ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាននូវអ្វីដែលជាទម្លាប់ ឬផ្តេកផ្លួលទាំងស្រុងលើផល និងអនុផលព្រៃឈើ ការធ្វើពនេចរ ការកាន់ទន្រ្ទានដីព្រៃដើម្បីធ្វើកសិកម្ម ដោយផ្ញើវាសនាលើធម្មជាតិទាំងស្រុង។
លោករដ្ឋមន្ត្រីបញ្ជាក់ថា កត្តាទាំងអស់នេះ ទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការគ្នាអនុវត្ត ដោយយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ និងជាពិសេសសង្ឃឹម និងជឿជាក់ថា EIB នឹងយកចិត្តទុកដាក់ពិនិត្យលទ្ធភាព ផ្តល់កិច្ចសហការជាមួយ ក្រសួងនាពេលអនាគតដ៏ខ្លីដើម្បីចូលរួមសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នាឆ្នាំ២០៣០។
កញ្ញាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោករដ្ឋមន្ត្រីដែលបានចំណាយពេលវេលា ដ៏មានតម្លៃផ្តល់ជូននូវព័ត៌មានសំខាន់ៗ ដែលជាប្រយោជន៍សម្រាប់ក្រុមការងារបច្ចេកទេសរបស់ EIB យកទៅពិនិត្យពិចារណា ជួយដល់វិស័យកសិកម្មកម្ពុជា នាពេលអនាគត ហើយកញ្ញាបានជម្រាបជូនថា នឹងបញ្ជូនក្រុមការងារបច្ចេកទេសកសិកម្មមកសិក្សាអំពីផែន ការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួង ឲ្យបានច្បាស់ដើម្បីកំណត់អាទិភាពចម្បងសម្រាប់ EIB យកទៅពិចារណាជួយគាំទ្រ។ លទ្ធផលនៃជំនួបនាពេលនេះកញ្ញាថានឹងរាយការណ៍ជូនទៅប្រធាន និងអគ្គនាយកគ្រប់គ្រងទូទៅ នៃធនាគារវិនិយោគសហភាពអឺរ៉ុប៕