Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទះ២ខ្នងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន បានប្រគល់ជូនអតីតយុទ្ធជនពិការ២គ្រួសារ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

03-04-2019 12:05

(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីចុះប្រគល់ផ្ទះចំនួន០២ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពិការ ចំនួន០២គ្រួសារ រស់នៅឃុំកោងកាង និងឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោក លោកស្រី ប្រតិភូ សមាគមន៏អតីតយុទ្ធជនកម្ពុជា ខេត្តត្បូងឃ្មុំ និងអង្គភាពមន្ទីរពាក់ព័ន្ធជាច្រើនផងដែរ។

ក្នុងឱកាសនោះលោក ជាម ច័ន្ទសោភ័ណ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន ដែលរស់នៅទីនេះទាំងអស់គ្នា និងផ្តាំផ្ញើដល់បងប្អូន ដែលទើបបានទទួលផ្ទះថ្មី ត្រូវខិតខំដាំដំណាំ ចិញ្ចឹមសត្វ លើផ្ទៃដី ដែលមានស្រាប់ ដើម្បីជួយជីវភាពគ្រួសារ និងត្រូវចេះសាមគ្គី ជួយគ្នាពេលមានធុរៈ។

លោកអភិបាលខេត្ត លើកឡើងថា ការផ្តល់ជូនផ្ទះ ថវិការ និងគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់ ដើម្បីរួមចំណែកសម្រួលរាល់ទុក្ខលំបាករបស់គ្រួសារអតីតយុទ្ធជន ដែលពលីឈាមស្រស់ សាច់ស្រល់ ដើម្បីការពារប្រទេសជាតិ ឲ្យមានការរីកចម្រើន មានស្ថេរភាព សន្តិសុខ និងមានសន្តិភាពល្អប្រសើរផងដែរ។ លោកក៏បានណែនាំឲ្យសមាគមអតីតយុទ្ធជនខេត្ត ចុះពិនិត្យរកមើល សមាជិក ដែលអត់ដី អត់ផ្ទះពិតប្រាកដ ដើម្បីគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សាងសង់ជូនបន្ថែមទៀត។

ក្នុងឱកាសទទួលអំណោយផ្ទះនេះដែរ បងប្អូនអតីតយុទ្ធជនពិការ ដោយតាមរយៈលោក ជាម ច័ន្ទសោភ័ណ បានសម្ដែងការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលបានតែងតែគិតគូរពីសុខ ទុក្ខ របស់ពួកគាត់ទាំងជីវភាពរស់នៅ ទាំងសុខភាព ផ្តល់ផ្ទះ ផ្តល់ដីដល់ពួកគាត់ ដែលមានជីវភាពខ្វះខាត ផ្តល់ប័ណ្ណ ប.ស.ស សម្រាប់ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដោយមិនអស់ប្រាក់ ពួកគាត់បួងសួងជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារ បានសុខសប្បាយ សុខភាពរឹងមាំ បន្តដឹកនាំប្រទេសកម្ពុជាជារៀងរហូត។

សូមបញ្ជាក់ដែរថា អតីតយុទ្ធជនពិការ ដែលទទួលបានផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មាន ទី១៖ អ្នកស្រី ចន ឆុន ជាអតីតគ្រួសារមរណៈ រស់នៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទី២៖ លោកពូ ប្លង់ ម៉ាង ជាអតីតយុទ្ធជនពិការ រស់នៅភូមិកប្បាស ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ផ្ទះដែលជាអំណោយនេះធ្វើពីឆ្អឹងដែក ដំបូលប្រក់សង្ក័សី ទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ខ្ពស់ផុតពីដី ១ម៉ែត ៩តិក ក្រាលកុងផ្លាកកេ ជញ្ជាំងស្មាតបត។

ក្នុងឱកាសនោះដែរលោក ជាម ច័ន្ទសោភ័ណ ក៏បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ឧបត្ថម្ភដល់អតីតយុទ្ធជន ក្នុងមួយគ្រួសារ ទទួលបានអង្ករ០១បាវ មី០១កេះ ត្រីខ០១យួរ ទឹកត្រី០១យួរ អំពូលសូឡា០១គ្រឿង ព្រមទាំងថវិកាមួយចំនួន និងបានឧបត្ថម្ភថវិការដល់បងប្អូន អតីតយុទ្ធជនដែលបានអញ្ជើញញចូលរួមផងដែរ៕