(ភ្នំពញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ បានចេញផ្សាយរបាយការណ៍ថ្មីមួយរបស់ខ្លួន ដោយបានព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា អះអាងថា សេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនរឹងមាំ ប៉ុន្តែត្រូវលុបបំបាត់គម្លាតជំនាញ។
សេចក្តីប្រកាសព័ត៌មាន ADB ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា បន្ទាប់ពីសេដ្ឋកិច្ចមានកំណើនយ៉ាងខ្ពស់ កាលពីឆ្នាំមុន កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទំនងជានឹងថមថយបន្តិច ប៉ុន្តែនៅតែជាកំណើនដ៏រឹងមាំ។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើងប្រមាណ៧% នៅឆ្នាំនេះ និង៦.៨% នៅឆ្នាំក្រោយ។
ដោយសារកំណើនសេដ្ឋកិច្ចរបស់ប្រទេសជឿនលឿន និងរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលជាទីផ្សារនាំចេញដ៏ចម្បងរបស់កម្ពុជា ត្រូវបានព្យាករថានឹងមានការថយចុះ កំណើននៃការនាំចេញ និងវិស័យទេសចរណ៍កម្ពុជា ទំនងជានឹងថមថយបន្តិច បើធៀបនឹងឆ្នាំមុន។ នេះបើតាមរបាយការណ៍ស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ហៅកាត់ថា ADO) ឆ្នាំ២០១៩ ដែលជារបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំពិសេសរបស់ ADB។
លោកស្រី Sunniya Durrani-Jamal នាយក ADB ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ប្រទេសកម្ពុជានឹងរក្សាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំ ក្នុងរយៈពេលពីរឆ្នាំទៅមុខ បើទោះជាកំណើនសេដ្ឋកិច្ច របស់ប្រទេសឧស្សាហកម្មធំៗ ចុះខ្សោយក៏ដោយ។ កត្តាសំខាន់មួយដែលអាចទាក់ទាញ និងរក្សាឱ្យបាននូវកំណើនក្នុងរយៈពេលវែង គឺកត្តាគុណភាពធនធានមនុស្សរបស់កម្ពុជា ដែលរួមបញ្ជូលទំាង ជំនាញបច្ចេកទេស និងជំនាញ វិជ្ជាជីវៈដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន»។
កំណើនទិន្នផលឧស្សាហកម្ម ទំនងជាថយចុះពីប្រមាណ ១០.៨% ក្នុងឆ្នាំ ២០១៨ មកនៅត្រឹម ១០.១% ក្នុងឆ្នាំ ២០១៩។ កំណើននៃវិស័យសេវាកម្ម នឹងថមថយបន្តិចពី ៦.៩% កាលពីឆ្នាំមុន មក៦.៨% ក្នុងឆ្នាំ ២០១៩។ វិស័យកសិកម្ម ត្រូវបានព្យាករថា មានកំណើនប្រមាណ ១.៧% ពោលគឺថយចុះបន្តិចពី ១.៨% កាលពីឆ្នាំមុន។ ឱនភាពសារពើពន្ធ ត្រូវបានគ្រោងទុកក្នុងកម្រិត ៤.៥% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) នៅឆ្នាំនេះ បើធៀបនឹង ៥.១% នៃ ផ.ស.ស ដែលបានគ្រោងទុកកាលពីឆ្នាំមុន។
របាយការណ៍នេះលើកឡើងថា ជាមួយនឹងកំណើនសេដ្ឋកិច្ចដែលរំពឹងថា នឹងថយចុះបន្តិច ឱនភាពគណនីចរន្តរបស់ប្រទេសកម្ពុជា គួរតែថយចុះ នៅឆ្នាំនេះ និងឆ្នាំក្រោយ។ អត្រាអតិផរណា ត្រូវបានរំពឹងថា នឹងស្ថិតនៅកម្រិត ២.៥% ជាមធ្យម សម្រាប់ឆ្នាំ ២០១៩ និង ឆ្នាំ ២០២០។ ការហូរចូលនៃការវិនិយោគក្នុងកម្រិតខ្ពស់ នឹងជួយផាត់ទាត់ ឱនភាពគណនីចរន្ត ព្រមទំាងជួយបង្គរទុនបម្រុងអន្តរជាតិសរុប រហូតដល់ប្រមាណ ១២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ សម្រាប់រ៉ាប់រងការនាំចូលប្រមាណ ៦ ខែ។
ចំពោះបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចកម្ពុជា ត្រូវបាន ADB មើលឃើញថារួមមាន៖ ១៖ ការចុះខ្សោយនៃកំណើនសេដ្ឋកិច្ចក្នុងសកលលោក ដែលអាចមានល្បឿន លឿនជាង ការរំពឹងទុក។ ២៖ សហភាពអឺរ៉ុបបន្តអនុវត្តផែនការ ព្យួរការផ្តល់ភាពអនុគ្រោះផ្នែកពាណិជ្ជកម្មដល់ប្រទេសកម្ពុជា ក្រោមកម្មវិធីទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ។ ៣៖ កំណើនឥណទានក្នុងកម្រិតខ្ពស់ និងការប្រមូលផ្តុំឥណទានក្នុងវិស័យអចលនទ្រព្យ បង្កហានិភ័យដល់ស្ថិរភាពវិស័យហិរញ្ញវត្ថុ និង ហានិភ័យដ៏សំខាន់មួយទៀត គឺគ្រោះរាំងស្ងួត នៅឆ្នាំនេះ។
របាយការណ៍ ADO ឆ្នាំ ២០១៩ បង្ហាញពីបញ្ហាប្រឈមដ៏សំខាន់មួយ អំពីគម្លាតជំនាញដែលកើតឡើងដោយសារភាពមិនស៊ីគ្នា រវាងជំនាញដែលកម្លាំងពលកម្មមាន និងជំនាញដែលនិយោជកត្រូវការ។ កម្ពុជាត្រូវការ គ្រូបង្រៀនដែលមានគុណភាពបង្រៀនខ្ពស់ច្រើននាក់ថែមទៀត និងត្រូវផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សិស្សក្រីក្រ ដែលរៀនពូកែ ដើម្បីជួយឱ្យពួកគេបន្តការសិក្សា និងរៀនជំនាញដែលត្រូវការ ក្នុងយុគសម័យឌីជីថល៕