(ព្រះសីហនុ)៖ ករណីទំនាស់គ្នារឿងភាគហ៊ុនក្នុងកាស៊ីណូ «ប៉ាវម៉ាយ» កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង, កម្លាំងអន្តរាគមន៍ពិសេស កម្លាំងប៉ុស្តិ៍៤ និងកម្លាំងដែលពាក់ព័ន្ធ បានចុះបង្ក្រាបជនជាតិចិនចំនួន ៨នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ ដែលបង្កការអុកឡុកនៅក្នុងកាស៊ីណូ «ប៉ាវម៉ាយ» នៅក្រុងព្រះសីហនុ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២៣៖៣០នាទី មានករណីកាន់កាប់-ប្រើប្រាស់ អាវុធ និងបង្កការអុកឡុក នៅក្នុងកាស៊ីណូ បង្កដោយជនជាតិចិន ដែលស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ មានជនជាតិចិនមួយក្រុម ដែលមានភាគហ៊ុនក្នុងកាស៊ីណូ បានបង្កការអុកឡុកនៅក្នុងកាស៊ីណូ «ប៉ាវម៉ាយ» (នៅកន្លែងអ្នកគ្រប់គ្រង) ដោយពួកគេ បានធ្វើឲ្យភ្ញៀវដែលកំពុងលេងល្បែងនៅក្នុងកាស៊ីណូរត់អស់។
បើតាមអ្នកគ្រប់គ្រងនៅកាស៊ីណូ ក៏បានឲ្យពួកគេចេញពីកាស៊ីណូ ស្រាប់តែពួកគេបានទាក់ទង ហៅបក្ខពួក របស់គេមកបន្ថែម ដែលមានគ្នីគ្នាពី៣០ ទៅ៤០នាក់ ក្នុងដៃមានកាន់ដំបងឈើ ដែកបំពង់ទីប ខ្លះកាន់កូនកាំបិតស្នៀត មកឡើងព័ទ្ធនៅខាងមុខកន្លែងទទួលភ្ញៀវរបស់កាស៊ីណូ។
បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេស កម្លាំងប៉ុស្តិ៍៤ និងកម្លាំងដែលពាក់ព័ន្ធ ចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៨នាក់ ដែលកំពុងកាន់ដំបងនៅក្នុងដៃ រីឯបក្ខពួករបស់គេជាច្រើននាក់ទៀត បាននាំគ្នារត់គេចខ្លួនបាត់អស់។
ជនរងគ្រោះ ឈ្មោះ LIN DA XIANG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូប៉ាវម៉ាយ កាន់លិខិតឆ្លងដែនលេខៈ G៥៨១៦៥៨៩១ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ចំណែកជនសង្ស័យទាំង៨នាក់រួមមានទី១៖ ឈ្មោះ REN GUO អាយុ៤០ឆ្នាំ មុខរបរថៅកែភាគហ៊ុនកាស៊ីណូ ប៉ាវម៉ាយ, ទី២៖ ឈ្មោះ WAN WEI ZHOU អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ, ទី៣៖ ឈ្មោះ ZHAO RONG BO អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ, ទី៤៖ ឈ្មោះ WAN DON អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ, ទី៥៖ ឈ្មោះ ZHOU CHAO អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ, ទី៦៖ ឈ្មោះ YANG SHUANG អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ, ទី៧៖ ឈ្មោះ LIU GUANG YU អាយុ៤០ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ និងទី៨៖ ឈ្មោះ ZHOU JIE XUE អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ជនសង្ស័យទាំងអស់ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបានរួមមាន៖ ដំបងឈើមូល៦ដើម, ដែកបំពង់ទីប៤ដើម, ដំបងដែករលាស់១ដើម កូនកាំបិតស្នៀត ១ដើម។ ចំពោះករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕