(ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខត្តឫក្សប្រារព្ធខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងសមាជិក សមាជិកា នៃរដ្ឋសភា សូមបួងសួងដល់ទេវតា និងវត្ថុស័ក្តសិទ្ធលើលោក សូមប្រសិទ្ធពរជ័យដល់ សម្ដេចតេជោ ហ៊ុន សែន ទទួលបាននូវ ប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យថ្មី បន្ថែមទៀតដ៏ត្រចះត្រង់ ក្នុងបេសសកម្មដ៏ឧត្ដុង្គឧត្ដម របស់សម្ដេចចំពោះប្រជាជន និងប្រទេសជាតិ។
សារលិខិតជូនពរ របស់សម្តេចពញាចក្រី ហេង សំរិន ក៏បានវាយតម្លៃខ្ពស់ចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលតែងតែងបានយកឆន្ទៈ មនសិការ បញ្ញាញាណ ពុះពារជម្នះរាល់គ្រប់ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនឱ្យទទួលបាននូវសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ដែលធ្វើឱ្យប្រទេសកម្ពុជា ទទួលបាននូវកិត្តិសព្ទល្បីល្បាញ ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខជូនដល់ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រីចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមសមប្រកបតែសុខ និងចម្រើន ព្រមទាំងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕