(ព្រះវិហារ)៖ បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតផ្ទះសំបែងចំនួន១៩គ្រួសារ នៅក្នុងភូមិពោធិទាប និងភូមិកាឡោត ស្រុកឆែប ខេត្តព្រះវិហារ ទទួលបានអំណោយជាថវិកា និងសម្ភារៈជាច្រើនដើម្បីសង្គ្រោះបឋម ពីលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ តាមរយៈលោកទីប្រឹក្សាក្រសួងអភិវឌ្ឍជនបទ។
ពិធីចែក និងទទួលអំណោយនេះ ធ្វើឡើងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ក្រោមវត្តមានលោក សេង សារី ទីប្រឹក្សាក្រសួងអភិវឌ្ឍជនបទ តំណាងលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ និងមានការចូលរួមពីលោកសុខ សាន្តតារា អភិបាលស្រុកឆែប ព្រមទាំងអាជ្ញាធរភូមិ-ឃុំ ជាច្រើនរូបទៀតផងដែ។
លោក សេង សារី និងលោក សុខ សាន្តតារា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ពីសំណាក់លោក សួស យ៉ារ៉ា ដែលជានិច្ចជាកាល លោកតែងគិតគូរជានិច្ច អំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តព្រះវិហារ។
លោកបានបញ្ជាក់ទៀតថា ហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្តាលឱ្យរងការខូចខាតផ្ទះសំបែង បងប្អូនប្រជាពលរដ្ឋយើងកាលពីពេលថ្មីៗនេះ ឃើញថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ នាំអំណោយមកផ្តល់ជូនបងប្អូនជាបន្តបន្ទាប់។
លោក សេង សារី បានបន្ថែមថា ទោះបីជាពេលនេះលោក សួស យ៉ារ៉ា មិនបានមកដោយផ្ទាល់ក៍ដោយ ក៍លោកបានចាត់តាំង ក្រុមការងារមកសួរសុខទុក្ខ និងនាំអំណោយ មកចែកជូនបងប្អូនរងគ្រោះជាបន្តបន្ទាប់ នៅតាមស្រុកផ្សេងៗដូចជាស្រុករវៀង ស្រុកជយ័សែន។ ជាក់ស្តែងថ្ងៃនេះបងប្អូន ដែលរងគ្រោះធម្មជាតិនៅស្រុកឆែបចំនួន១៩គ្រួសារ ក៍ទទួលបានអំណោយពីលោក សួស យ៉ារ៉ា ផងដែរ ដោយក្នុងមួយគ្រួសារទទួលបានធុងទឹកចំណុះ៦០លីត្រ១ ទឹកស៊ីអ៊ីវ២យួ ទឹកត្រី១យួ មី២កេស ត្រីខ២យួ និងថវិកា ១០ម៉ឺនរៀល៕