(ភ្នំពេញ)៖ ចំពេលដែលប្រទេសកម្ពុជាជួបបញ្ហាខ្វះថាមពលអគ្គិសនីប្រើប្រាស់នោះ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក ហ៉ីដេហ៉ីសា ហូរីណូឈិ បានធ្វើវីដេអូឃ្លីបបង្ហាញវិធីសាស្ត្រមួយចំនួនសម្រាប់សន្សំសំចៃថាមពលអគ្គិសនី។ វិធីសាស្ត្រដែលលោកលើកមកបង្ហាញ គឺជាវិធីសាស្ត្រមួយដែលរាជរដ្ឋាភិបាលជប៉ុន បានប្រើប្រាស់សម្រាប់សន្សំសំចៃថាមពលអគ្គិសនីនៅក្នុងរដូវក្តៅ។
លោកឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា នៅប្រទេសជប៉ុនក្នុងរដូវក្តៅមានសីតុណ្ហភាពប្រមាណតែ ៣៥អង្សាប៉ុណ្ណោះ តែក៏មានការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើនផងដែរ។ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់នេះ ក៏ជាហេតុនាំឱ្យមានតម្រូវការផ្គត់ផ្គង់ថាមពលអគ្គិសនីកាន់តែច្រើន។
ដើម្បីជាការកាត់បន្ថយការទាញថាមពលអគ្គិសនីច្រើនលើការប្រើប្រាស់ម៉ាស៊ីនត្រជាក់នេះ រាជរដ្ឋាភិបាលជប៉ុនបានកំណត់ឱ្យតាមក្រសួងស្ថាប័នរបស់រដ្ឋ និងក្រុមហ៊ុនឯកជននានាត្រូវកំណត់កម្រិតសីតុណ្ហភាពម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ធ្វើការមកនៅត្រឹម ២៨អង្សា លើកលែងតែមានពិធីផ្លូវការ និងបន្ថយការបើកអំពូលច្រើនជាដើម។ នេះជាការបញ្ជាក់របស់លោកឯកអគ្គរាជទូតជប៉ុន។
លោកឯកអគ្គរាជទូតបន្ថែមថា ដោយសារតែការកំណត់បែបនេះធ្វើឱ្យសីតុណ្ហភាពក្នុងបន្ទប់ធ្វើការមានសភាពក្តៅបន្តិច ដូច្នេះរាជរដ្ឋាភិបាលជប៉ុនបានកំណត់ថា ចាប់ពីខែឧសភា ដល់ខែកញ្ញា អ្នកបម្រើការងារមិនចាំបាច់ពាក់អាវធំ និងក្រវាត់កនោះឡើយ៕