(បាត់ដំបង)៖ ប្រជាកសិករខ្មែរយើងភាគច្រើន តែងប្រកបមុខរបរកសិកម្ម គឺស្រែ ដាំបន្លែ ផ្លែ ឈើ ដំណាំឆ្លងកាត់តាមរដូវកាល តាមចំណង់ចំណូលចិត្ត ឬតម្រូវការរៀងៗខ្លួន។ ដោយឡែក
គ្រួសារកសិករមួយដែលប្តីឈ្មោះ យឿត ភា អាយុ៤៦ឆ្នាំ ប្រពន្ធឈ្មោះ ឆប ធឿត អាយុ៤៤ឆ្នាំ រស់នៅ ភូមិសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បាននិយាយប្រាប់អ្នកយក
ព័ត៌មានថា ពួកគាត់បានប្រកបមុខរបរដាំផ្កាស្បៃរឿងនៅលើផ្ទៃដីទំហំ ៣០ម គុណ ១០០ម ដាំបាន១ម៉ឺន៥ពាន់ដើម ដោយយកគ្រាប់ពូជជា២ប្រភេទ គឺគ្រាន់ពូជមកពីថៃ និង គ្រប់ពូជនៅខ្មែរ។
លោកបានរៀបរាប់ថា ការដាំដើមផ្កាស្បៃរឿងនេះ លោកមិនបានទៅរៀនបច្ចេកទេសពីណាមកទេ គឺគិតធ្វើដោយខ្លួនឯង ដំបូងលោកបានចំណាយលុយទិញទុយោជ័រ យកមកកប់ក្នុងដីតាមជ្រលងមានក្បាលសម្រាប់ស្រោច និងថ្លៃគ្រាប់ពូជផងគិតជាលុយអស់ជាង២លានរៀល។
លោកបានបន្តថា ក្រោយពីយកគ្រាប់ពូជមកសាបដុះបានជាកូនហើយ គឺដកយកមកដាំជាជួរតាមគន្លង យើងរៀបរួចជាស្រេច ដោយថែទាំផ្កា អស់រយ:ពេល៦០ថ្ងៃ ទើបប្រមូលផលបានសម្រាប់ផ្កាពូជ ថៃ ឯផ្កាគ្រាប់ពូជខ្មែរប្រហែល១០៥ថ្ងៃ ទើបឲ្យផលបាន។
ពេលប្រមូលផល ធ្វើឡើងដោយកាត់ទងផ្កាដែលគ្រប់អាយុហើយលក់ឲ្យគេនៅទីផ្សារ១គីឡូ ក្រាម៥ពាន់រៀល ក្នុង១ថ្ងៃអាចកាត់បាន១៥ គីឡូក្រាម។ ទន្ទឹមនឹងការប្រមូលផលកាត់ផ្កាលក់ហើយ យើងក៏បានចំណូលពីការចូលទស្សនារបស់ភ្ញៀវទេសចរណ៍ចូលថតរូបលេងក្នុងម្នាក់គេឲ្យដោយស្ម័គ្រចិត្ត១ពាន់ទៅ២ពាន់រៀល តាមដែលភ្ញៀវ ឲ្យបើគិតជាមធ្យមមានមនុស្ស មកចូលលេងប្រហែល៧០នាក់ក្នុង១ថ្ងៃដែរ។
លោកបានប្រាប់បន្ថែមទៀតថា បើគិតប្រាក់ចំណូលបានជាង២លានរៀលក្នុង១ខែ ហើយធ្វើឲ្យគាត់មានជីវភាពប្រចាំថ្ងៃធូរធាសមរម្យផងដែរ។ តទៅអនាគត គាត់មានគម្រោងកែច្នៃ កន្លែងដាំផ្កាចែកជា២៖ ១កន្លែងសម្រាប់ដាំយកផ្កាលក់ និង១កន្លែងទៀត ដាំសម្រាប់ទទួលភ្ញៀវទេសចរណ៍ចូលមកទស្សនា និងថតរូបលេងទុកជាអនុស្សាវរីយ៍ផង ទីតាំងដីផ្កានេះមានអំណោយ ដោយនៅជាប់ជើងភ្នំសំពៅ ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ចូលចិត្តថតរូបរួមនឹងការតុបតែង ឲ្យមានសោភ័ណភាពកាន់តែល្អជាងមុន ដើម្បីទាក់ទាញភ្ញៀវទេចរណ៍មកទស្សនាកាន់តែច្រើនឡើង ហើយប្រាក់ចំណូលក៏មានការកើនឡើងផងដែរ៕