(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ សមាជិកឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងភ្លាមៗ ក្រោយពីចុះពិនិត្យមើលការអនុវត្តរបស់កញ្ញា យិន ម៉ាណា នៅពន្ធនាគារ PJ ក្នុងនាមជាសមាជិកឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់, លោក ពេជ្រ ស្រស់ បានអះអាងថា ជនជាប់ចោទ យិន ម៉ាណា ពិតប្រាកដកំពុងស្ថិតនៅក្នុងពន្ធនាគារ PJ មែន ។
សមាជិកឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដដែលរូបនោះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានសាកសួរ កញ្ញា យិន ម៉ាណា រួចហើយ ពិតប្រាកដជានៅទីនេះមែន ព្រោះខ្ញុំជាសាក្សីមួយ គាត់ពិតជាកំពុងនៅទីនេះមែន»។
សូមជំរាបថា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ប្រតិភូរបស់គណបក្សយុវជនកម្ពុជា ដឹកនាំដោយលោក ពេជ្រ ស្រស់ មានគ្នាចំនួន៣ នាក់ ដោយមានការចូលរួមពីតំណាងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ACU ចំនួន២រូប បានចុះពិនិត្យតាមដានការអនុវត្តទោសទៅលើកញ្ញា យិន ម៉ាណា ដែលកំពុងឃុំខ្លួននៅពន្ធនាគារ PJ។
កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការឱ្យនាំខ្លួនកញ្ញា យិន ម៉ាណា ដែលបានបើក រថយន្តទំនើប បុកនិស្សិតឆ្នើមស្លាប់ ទៅដាក់ពន្ធនាគាររាជធានីភ្នំពេញ PJ ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះទោសជាក្រោយតាមកំណត់ច្បាប់។
ការសម្រេចឃុំខ្លួនកញ្ញា យិន ម៉ាណា នេះគឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោកស្រី កែវ សុគន្ធា បានចោទប្រកាន់លើជនសង្ស័យពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយត្ន័បណ្តាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ នៃច្បាប់ចរាចរណ៌ផ្លូវគោក ហើយបានបញ្ជូនបុគ្គលនេះ និងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត។
កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មានរថយន្ត Rang Rover ផ្លាកលេខភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ទៅនិស្សិតឆ្នើមម្នាក់ នៅលើផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ខណៈជនរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង៕