(ព្រះសីហនុ)៖ «ការចូលរួម គឺជារឿងដ៏ចាំបាច់បំផុត ដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើង ឲ្យមានការរីកចម្រើន»។ នេះជាការលើកឡើងរបស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងឱកាសដែលលោកអញ្ជើញបើកការដ្ឋានជួសជុល ផ្លូវលេខ៤០០ (វិថីលំហែព្រះភូមិន្ទ) ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។
លោក យន្ត មីន លោកបានថ្លែងថា ក្រៅពីផ្លូវនេះរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការគាំទ្រយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងជួសជុលឡើងវិញផ្លូវជាច្រើនខ្សែទៀត ដែលបានរងការខូចខាតដោយសារតែទឹកភ្លៀង នៅរដូវវស្សាវាយប្រហារនាពេលកន្លងមក។
លោកបញ្ជាក់ថា តាមគម្រោងផ្លូវក្នុងក្រុងព្រះសីហនុចំនួន២២ខ្សែ គ្រោងជួសជុលឡើងវិញ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ដែលគ្រោងផ្ដល់កញ្ចប់ថវិកាពិសេសមួយ សម្រាប់រដ្ឋបាលខេត្តព្រះសីហនុ ដោះស្រាយជួសជុលស្ថាបនាផ្លូវទាំងនេះ ឲ្យបានល្អឡើងវិញស្របពេល ដែលខេត្តព្រះសីហនុត្រូវបានរដ្ឋាភិបាល ចាត់ទុកជាខេត្តឧស្សាហកម្មគំរូ ពហុបំណងតែមួយគត់របស់កម្ពុជា ហើយបច្ចុប្បន្នកំពុងមានការរីកចម្រើនយ៉ាងលឿន ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។
លោក យន្ត មីន បានថ្លែងអំណរគុណចំពោះម្ចាស់ដី នៅតាមសង្ខាងផ្លូវដែលបានលះបង់ទ្រព្យផ្ទាល់ខ្លួន ដើម្បីសង្គមជាតិ។
លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការខេត្តព្រះសីហនុ បានឲ្យថា ផ្លូវនេះមានប្រវែង ១,៣៥០ម៉ែត្រ ទំហំផ្លូវ១៤ម៉ែត្រ លូសង្ខាង០.៨០ម៉ែត្រ ដោយចំណាយ ១,០៧៩,៨២០ដុល្លារអាមេរិក ដោយមានការចូលរួមបដិភាគពីម្ចាស់ដីជាប់ផ្លូវនេះ ចំនួនជាង ៦០នាក់ផងដែរ។
សូមបញ្ជាក់ថា ផ្លូវ៤០០ នេះបែកចេញពីររង្វង់មូលតោពីរ ក្រុងព្រះសីហនុស្របតាមបណ្តោយឆ្នេរសមុទ្រ ឆ្នេរអូរឈើទាលខាងក្រោយភូមិគ្រឹះ សម្តេចតេជោ ហ៊ុន សែន មានប្រវែងសរុប ១,៣៥០ម៉ែត្រ៕