(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ ២០១៩ ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឲ្យ លោក វុ ចៀនថាំង ប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការពង្រឹង និងពង្រីកសកម្មភាពសាសនា ដែលជាប្រយោជន៍ឆ្លើយតប តាមសេចក្តីត្រូវការជាអាទិភាពរបស់ក្រសួង និងក្នុងស្មារតីលើកកម្ពស់គោលនយោបាយ សុខដុមនីយកម្មសាសនានៅកម្ពុជា។
នៅក្នុងកិច្ចជំនួបនោះដែរ លោកប្រធានប្រតិភូ បានលើកឡើងអំពីប្រវត្តិខ្លះៗ សាសនានៅប្រទេសវៀតណាម ដែលវៀតណាម គឺជាប្រទេសមួយពហុជំនឿពហុសាសនា។ តាមស្ថិតិមិនទាន់ផ្លូវការ គឺប្រជាជនវៀតណាមប្រហែល ៩៥% មានជំនឿ និងសាសនា (រាប់ពាន់នាក់ ជាអ្នកមានជំនឿច្រើនបំផុត គឺជឿលើជីដូនជីតា និងជំនឿសាសនាចក្រ) មានមូលដ្ឋានជំនឿប្រហែល ៤៥,០០០ទីតាំង ក្នុងនោះមាន ទីសក្ការៈបែបបូរាណច្រើនជា ២,៩០០កន្លែង ដែលជាមូលដ្ឋានជំនឿ និងសាសនា ហើយទីសក្ការៈបូជា ខ្លះត្រូវបានអង្គការ UNESCO ទទួលជាបេតិកភណ្ឌពិភពលោក។
លោកបន្តថា នៅប្រទេសវៀតណាម មានជំនឿច្រើនរូបភាព និងសាសនាថ្មីៗ មានទាំងសាសនាចម្លែក និង សាសនាអាក្រក់ (សាសនាចម្លែក និងសាសនាអាក្រក់ មានប្រហែល ៦០ក្រុម) ខុសស្រឡះពីសាសនា តាមប្រពៃណី ឬសាសនាអភិវឌ្ឍន៍ពីសាសនាដ៏ទៃទៀត ដែលរដ្ឋបានទទួលស្គាល់ ហើយមានសកម្មភាព ច្រើនផ្ទុយពីមាគ៌ាសង្គម ល្មើសច្បាប់ ដែលជះឥទ្ធិពលដល់ការងារអនុវត្តនយោបាយជំនឿ និងសាសនារបស់បក្ស និងរដ្ឋវៀតណាម។ បច្ចុប្បន្ននៅប្រទេសវៀតណាម មានសាសនាចំនួន១៥ និងអង្គការចរិកសាសនាចំនួន៤៥ ត្រូវបានរដ្ឋទទួលស្គាល់ ឬបញ្ជាក់ការចុះបញ្ជីសកម្មភាពការងារ (ក្នុងនេះមាន៣៨ អង្គការសាសនាត្រូវបានរដ្ឋ ទទួលស្គាល់ និង ០៥អង្គការសាសនាត្រូវបានទទួលស្គាល់ ចុះបញ្ជីសកម្មភាពការងារ និងអង្គការសាសនា ចំនួន០១ កំពុងតាមដានសកម្មភាពនៃការអនុវត្ត)។
ជាកិច្ចឆ្លើយតប ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម បានលើឡើងអំពីសមិទ្ឋផលនានា ដែលក្រសួងធម្មការ និងសាសនា និងរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន លើវិស័យសាសនារួមមាន៖ បច្ចុប្បន្នវត្តនៅទូទាំងប្រទេស មានចំនួន ៤,៩៣២វត្ត ( គណៈមហា និកាយ ៤,៧០៧វត្ត និងគណៈធម្មយុត្តិកនិកាយ ២២៥វត្ត) និងអាស្រម១៣១ ។ ព្រះសង្ឃសរុបទូទាំងប្រទេស ៦៨,៩៥៤អង្គ ក្នុងនោះព្រះសង្ឃ គណៈមហានិកាយ ៦៥,០៥៤អង្គ និងគណៈធម្មយុត្តិកនិកាយ ៣,៩០០អង្គ ។
លោកបន្តថា ថ្វីត្បិតតែព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ក៏ក្រសួងតែងយកចិត្តទុកដាក់ផងដែរ ចំពោះពាហិរសាសនា ក្នុងការសម្របសម្រួល និងសហការជាមួយគ្រប់សាសនាទាំងអស់ដែលកំពុងប្រតិបត្តិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាឲ្យរួមរស់នៅជាមួយគ្នា ប្រកបដោយភាពយោគយល់ និងអធ្យាស្រ័យគ្នា រួមគ្នាអភិវឌ្ឍន៍សង្គមជាតិ ប្រកបដោយសុខុដុមរមនារវាងសាសនា និងសាសនា។
បច្ចុប្បន្នស្ថិតិវិស័យពាហិរសាសនា មានដូចខាងក្រោម៖
* ឥស្លាមសាសនា៖ មានបរិស័ទចំនួន ៣៧៧,០៦៧នាក់ មានវិហារ៤៨៤ ស៊ូរ៉ាវ៦១២ សាលា៤៣៨ និងអង្គការ-សមាគម១៥ ឥស្លាមសាសនាគិតជាភាគរយ ២,៤៣%។
* គ្រីស្ទសាសនា៖ មានបរិស័ទចំនួន ១១២,២៤៦នាក់ ក្នុងនោះបរិស័ទនិកាយកាតូលិកមាន ១៣,៥៤១នាក់ បរិស័ទនិកាយប្រូតេស្តង់មាន ៩៨,៧០៥នាក់។ និកាយកាតូលិកមានវិហារចំនួន៦៧ មានស្នាក់ការថ្វាយបង្គំចំនួន៤២ មានសាលាចំនួន៥០ និងនិកាយប្រូតេស្តង់មានក្រុមតូចៗជាច្រើន មានព្រះវិហារចំនួន៦៨២ ទីស្នាក់ការថ្វាយបង្គំចំនួន១១៤២ មានសាលាចំនួន៦៦៩ និងអង្គការ-សមាគមចំនួន៩៣ គិតជាភាគ ០,៧២%។
លោកទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា កម្ពុជានិងវៀតណាម ជាប្រទេសជិតខាងដែលមានទំនាក់ទំនងល្អជាមួយគ្នានឹងគ្នា ទាំងកិច្ចសាសនា និងចំណងការទូត លើសពីនេះមិត្តវៀតណាម បានជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សែនខ្មៅងងឹត ដែលប្រជាជនកម្ពុជាចង់ចាំជានិច្ចនូវគុណបំណាច់របស់មិត្តវៀតណាម។
ជាកិច្ចបញ្ចប់ ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម បានថ្លែងអំណរគុណចំពោះលោកប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម និងប្រតិភូ ដែលបានសហការល្អប្រសើរបំផុតលើវិស័យសាសនា៕