(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ការការខិតខំបន្តជំរុញការនាំចេញនឹងកន្លែង និងការកាត់បន្ថយការធ្លុះធ្លាយសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ ជាការរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាស្ថិរភាព និងកំណើនសេដ្ឋកិច្ចជាតិ។
ការថ្លែងយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងពិធីបើកសន្និបាតផ្ទៃក្នុងក្រសួង ដើម្បីបូកសរុបការងារប្រចាំឆ្នាំ២០១៨ ត្រីមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅបន្តនៅត្រីមាសទី២ និងទី៣ ឆ្នាំ២០១៩ ដែលពិធីនេះធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០២-០៣ ខែមេសា ឆ្នាំ២០១៩។
លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា បើកម្ពុជាទប់ស្កាត់ការធ្លុះធ្លោយក្នុងវិស័យទេសចរណ៍បាន ១០% បន្ថែមទៀត កម្ពុជានឹងអាចចំណេញបានប្រមាណ ៤០០លានដុល្លារ ក្នុងសេដ្ឋកិច្ចជាតិ ខណៈបច្ចុប្បន្នយើងនៅមានការធ្លុះធ្លោយក្នុងវិស័យទេសចរណ៍ប្រមាណ ២៥% នៅឡើយ។ លោកថា ការធ្លុះធ្លាយទូទៅក្នុងវិស័យទេសចរណ៍នេះ នៅក្នុងប្រទេសអភិវឌ្ឍន៍ក៏នៅតែមានប្រមាណ ១៥% ដូចជា ការនាំចូលស្រាល្អៗជាដើម។
ដោយឡែក ក្នុងសុន្ទរកថាបើកសន្និបាត លោកមន្ត្រីក៏បានធ្វើគូសបញ្ជាក់យ៉ាងច្បាស់លាស់អំពីគោលដៅយុទ្ធសាស្ត្រ ៤ វិស័យអាទិភាព ៤ អភិក្រម ៥ បាវចនា ២ របស់រាជរដ្ឋាភិបាល និងទិសដៅយុទ្ធសាស្ត្រទេសចរណ៍សម្រាប់ត្រីមាសទី២ និងឆ្នាំ២០១៩។ សន្និបាតក៏បានស្តាប់របាយការណ៍លម្អិតអំពីលទ្ធផល និងផែនការទិសដៅការងាររបស់នាយកដ្ឋាននីមួយៗផងដែរ។
ពាក់ព័ន្ធនឹងការនាំចេញនឹងកន្លែង និងការកាត់បន្ថយការធ្លុះធ្លាយសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍នេះ លោករដ្ឋមន្ត្រីបានជំរុញឱ្យគ្រប់គោលដៅទេសចរណ៍ ត្រូវខិតខំអនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺការរៀបចំឱ្យមានការអភិវឌ្ឍន៍ «ខ្សែក្រវាត់បៃតង» ការខិតខំផលិតនូវផលិតផលដែលមានគុណភាព និងសោភ័ណភាព ឆ្លើយតបនឹងតម្រូវការទីផ្សារទេសចរណ៍ជាតិ-អន្តរជាតិ ដែលរាប់តាំងពីគ្រឿងសង្ហារឹម ផលិតផល សិប្បកម្ម កសិកម្ម ម្ហូបអាហារបន្លែ សាច់ ផ្លែឈើ ផ្កាជាដើម ធ្វើយ៉ាងណាកាត់បន្ថយឱ្យបានច្រើនចំពោះការការនាំចូលពីខាងក្រៅ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពន្យល់ថា «ការធ្លុះធ្លោយថវិកាក្នុងវិស័យទេសចរណ៍នេះ មិនមែនកើតឡើងដោយសារអំពើពុករលួយ ឬការបាត់ថវិកាអ្វីនោះទេ គឺកើតឡើងដោយសារការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស ដើម្បីយកមកបម្រើដល់វិស័យទេសចរណ៍ ដូចជាការនាំស្រាល្អៗ បន្លែ សាច់ សូម្បីការទិញសង្ហារឹម និងការទិញដែកពីក្រៅប្រទេសយកមកធ្វើសណ្ឋាគារ ក៏គេចាត់ទុកជាការធ្លុះធ្លាយផងដែរ»។
ហេតុដូច្នេះហើយទើបលោករដ្ឋមន្ត្រីដ៏មមាញឹករូបនេះ តែងតែដាស់តឿនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យទេសចរណ៍ ត្រូវរួមគ្នាជំរុញផែនការនេះឱ្យអស់ពីលទ្ធភាព ដើម្បីបង្កើនចំណូលពីវិស័យទេសចរណ៍ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិឱ្យបានកាន់តែច្រើន ខណៈកម្ពុជារំពឹងទុកថា នឹងទទួលបានចំណូល ៥ពាន់លានដុល្លារ នៅឆ្នាំ២០២០ និងរំពឹងថានឹងបានប្រមាណ ១០ពាន់លានដុល្លារ នៅឆ្នាំ២០៣០។
សូមជម្រាបថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ជា «មាសបែតង» ដែលបាននាំថវិកាចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិប្រមាណ ៣,៦៣៨លានដុល្លារ នៅឆ្នាំ២០១៧ និងប្រមាណ ៤,៣៥៦លានដុល្លារ នៅឆ្នាំ២០១៨ កន្លងទៅ៕