(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមការងារយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងធ្វើការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិសេសថ្នាក់ដឹកនាំប្រទេសមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានបញ្ជាក់ថា រយៈពេល២០ឆ្នាំ នៃសន្តិភាពរបស់កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសគ្រប់គ្រាន់ដល់យុវជនសម្រាប់ការសិក្សារៀនសូត្រយកចំណេះដឹងទៅជួយអភិវឌ្ឍន៍គ្រួសារ និងសហគមន៍មូលដ្ឋានឲ្យមានរីកចម្រេីន។
ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ក្រុមការងារ មាតាបិតា អាណាព្យាបាល យុវនិស្សិតខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានជួយជ្រោមជ្រែងទំនុកបម្រុង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់ទៅលេីការបណ្តុះបណ្តាលធនធានមនុស្សដេីម្បីបំពេញសេចក្តីត្រូវការទីផ្សារការងារ និងការរីកចម្រេីនរបស់ប្រទេសជាតិ។
ជាមួយនឹងការគិតគូរថែរក្សាត្រពាំង ឲ្យបានល្អសម្រាប់បន្តវេនទៅថ្ងៃអនាគត ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន និងលោកស្រី ព្រមទាំងក្រុមកាងារបានឧបត្ថម្ភ សម្រាប់ជួយទ្រទ្រង់មូលនិធិយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញថវិកាសរុប៦៨,០៥០ដុល្លារ និងប្រាក់រៀលចំនួន៤២,៨០០,០០០រៀល, ក្រុមការងារយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញចំនួន១២០នាក់ ម្នាក់ៗទទួលបានថវិកា១០មុឺនរៀល និងយុវនិស្សិតខេត្តបន្ទាយមានជ័យ មកបន្តការសិក្សានៅរាជធានីភ្នំពេញចំនួន២,៣២៨នាក់ ម្នាក់ៗទទួលបានថវិកា៥មុឺនរៀល ផងដែរ៕