(ថៃ)៖ ដំណើរទស្សនកិច្ច នៃគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ បានពិភាក្សាជាមួយលោក ស៊ូណៃ ប្រាភុឆាណៃ (SUNAI PRAPHUCHANAI) នាយកបញ្ជាការដ្ឋានសង្គ្រាមពិសេស នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នៅទីបញ្ជាការបញ្ជាការដ្ឋានសង្គ្រាមពិសេស
គោលបំណង នៃជំនួបពិភាក្សាការងារនេះ គឺសិក្សាស្វែងយល់អំពីបញ្ជាការដ្ឋានសង្គ្រាមពិសេសនៃព្រះរាជាណាចក្រថៃឡង់ និងដើម្បីពិភាក្សាគ្នាដើម្បីបង្កើតទំនាក់ទំនង រវាងបញ្ជាការដ្ឋានសង្គ្រាមពិសេស និងកងទ័ពជើងគោកកម្ពុជាក្នុងការបណ្ដុះបណ្ដាល បង្កើនសមត្ថភាពកងទ័ពកម្ពុជា។
ភាគីថៃបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក។ ភាគីថៃ បញ្ជាក់ពីការបន្តទំនាក់ទំនង កិច្ចសហការល្អ និងគាំទ្រដល់ដំណើរការបណ្តុះបណ្តាលយោធិននៃកងយោធនពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងកងទ័ពនៃព្រះរាជាណាចក្រថៃឡង់ដែលបានគាំទ្រ និងមានកិច្ចសហប្រតិបត្តិការល្អនៅក្នុង ការបណ្ដុះបណ្ដាលធនធានកងទ័ពកម្ពុជា៕