(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានដឹកនាំកិច្ចប្រជុំ បូកសរុបស្តីពីការរៀបចំយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៩-២០២៣ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំបូកសរុបនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា និងតំណាងមកពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ដែថា ក្រោមកិច្ចសហការរវាងរាជរដ្ឋាភិបាល និង ADB, សេចក្តីព្រាងឯកសារយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ ត្រូវបានរៀបចំឡើង ដោយមានការ ពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, វិស័យឯកជន, និងអង្គការសង្គមស៊ីវិល ព្រមទាំងស្ថាប័នស្រាវជ្រាវផងដែរ។

រដ្ឋលេខាធិការប្រចាំ វង្សី វិស្សុត បានថ្លែងថា ឯកសារយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ នឹងដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្រ្តរួមមួយ សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងការសម្រេចបាននូវគោលដៅ ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះ ADB ដែលរៀបចំ និងកែសម្រួលសេចក្តីព្រាងនៃឯកសារយុទ្ធសាស្រ្តនេះ តាមសំណើរបស់ភាគីកម្ពុជា នៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ក្នុងពេលកន្លងមក ដើម្បីធ្វើឱ្យយុទ្ធសាស្រ្តនៃភាពជាដៃគូរនេះ កាន់តែមានសង្គតិភាពទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ជាពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។

ជាក់ស្តែង ឯកសារយុទ្ធសាស្រ្តនេះ ត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋានសសរស្តម្ភទាំង ៤ គឺ៖ (១).ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការលើកកម្ពស់ការប្រកួតប្រជែង (២).ការអភិវឌ្ឍធនធានមនុស្ស (៣).ការអភិវឌ្ឍប្រកបដោយចីរភាព និង (៤).អភិបាលកិច្ច ដែលស្របគ្នាជាមួយនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

លោកបានបន្តទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណពី ៧% ទៅ ៨% នៃ ផសស លើគម្រោងវិនិយោគសាធារធារណៈ ដោយក្នុងនោះ ថវិកាប្រមាណ ១/៣ បានមកពីប្រភពថវិកាជាតិ និងថវិកាប្រមាណ ២/៣ ទៀត បានមកពីព្រភពហិរញ្ញប្បទានសហប្រតិបត្តិការ។ ទំហំនៃការវិនិយោគនេះ នឹងបន្តកើនឡើងជាលំដាប់ ក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំខាងមុងទៀត។ រាជរដ្ឋាភិបាលនឹងផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ ដូចជា៖ (១).ការតភ្ជាប់ផ្នែកឌីជីថល (Digital Connectivity) ដែលជាមូលដ្ឋានសំខាន់សម្រាប់ការរៀបចំសេដ្ឋកិច្ចឌីជីថល (២).ការតភ្ជាប់ខ្សែបណ្តាញអគ្គិសនី ឱ្យបានគ្រប់ភូមិនៅឆ្នាំ២០២០ និង (៣).ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន។

ចំពោះការវិនិយោគទាំងនេះ គឺចាំបាច់តម្រូវឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនានាត្រូវរៀបចំនូវផែនការវិនិយោគ ដោយផ្អែកលើផែនការមេច្បាស់លាស់ ជាពិសេសវិស័យដឹកជញ្ជូន ដើម្បីធ្វើការវិនិយោគ ជាលក្ខណៈប្រព័ន្ធ (Systematic Manner) ដែលនឹងផ្តល់ផលចំណេញរយៈពេលវែងដល់សេដ្ឋកិច្ច ដោយជៀសវាងការវិនិយោគតាមអភិក្រមធ្វើកន្លែងនេះបន្តិចកន្លែងនោះបន្តិច (Piece Meal Approach) ដែលអាចនឹងខាតបង់ធំទៅថ្ងៃក្រោយ។ ទន្ទឹមនឹងនេះ ការរៀបចំគម្រោងនីមួយៗ ក៏ត្រូវមានការរៀបចំឯកសារទស្សនាទានគម្រោងច្បាស់លាស់ និងការធ្វើអាទិភាវូបនីយកម្មគម្រោង ដោយមានការគិតគូរម៉ត់ចត់ទៅលើគ្រប់ទិដ្ឋភាព ទាំងទិដ្ឋភាពហិរញ្ញវត្ថុ, សង្គម និងបរិស្ថាន និងបច្ចេកទេស រួមទាំងផែនការប្រមូលចំណាយគម្រោងមកវិញ (Cost recovery)។

រដ្ឋលេខាធិការប្រចាំការ វង្សី វិស្សុត បានស្នើសុំឱ្យ ADB ពិនិត្យលទ្ធភាពផ្តល់ការគាំទ្រដល់ការរៀបចំ Fin-Tech ជាមួយនឹងធនាគារជាតិនៃកម្ពុជា ដើម្បីរៀបចំនូវថ្នាលទូទាត់ជាតិ (National Payment Platform) ក្នុងគោលបំណងកត់ត្រា និងតាមដាននូវការទូទាត់លើការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិច (E-Commerce) ហើយកិច្ចការនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់បម្រើឱ្យរៀបចំគោលនយោបាយសារពើពន្ធលើការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិច នាពេលអនាគត។


ជាមួយគ្នានេះដែរ លោកក៏បានស្នើដល់ ADB បន្តគាំទ្រដល់ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសការវិភាគ និងការបែងចែកមុខងារ ដែលនឹងត្រូវផ្ទេរពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ។

នៅចុងបញ្ចប់ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានលទ្ធភាពក្នុងការទទួលហិរញ្ញប្បទានកម្រិតធំជាង មុនដូច្នេះលោកបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីលទ្ធភាព ពង្រីកទំហំហិរញ្ញប្បទានបន្ថែមទៀត ដោយធ្វើចងក្រង គម្រោងជា Cluster ហើយការវិនិយោគនេះទៀតសោតត្រូវផ្សារភ្ជាប់ជាមួយកសាងសមត្ថភាពស្ថាប័ន៕