(ភ្នំពេញ)៖ ក្នុងជួបពិភាក្សាការងារជាមួយប្រតិភូ គណៈកម្មាធិការសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រាប់ទៅប្រតិភូវៀតណាមថា នៅកម្ពុជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តែប្រជាជនមានសិទ្ធ និងសេរីភាពប្រតិបត្តិ សាសនាផ្សេងទៀតដោយគ្មានរើសអើង។ កម្ពុជាមិនដែលមានសង្គ្រាមសាសនាឡើយ។ សាសនានិកទាំងអស់អាចរស់នៅជាមួយគ្នាក្នុងសហគមន៍ និងសហការគ្នាប្រកបដោយសុខដុមរម្មនា។

លោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបនេះ កាលពីព្រឹកថ្ងៃអង្គារ៍ ទី២ ខែមេសា នៅទីស្តីការក្រសួង។

លោក ណុប ចាន់ណារិន្ទ បានឲ្យដឹងទៀតថា ប្រតិភូនេះដឹកនាំដោយលោក វុ ចៀនថាំង ប្រធានគណៈកម្មាធិការសាសនា រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ គោលបំណង សំខាន់របស់គណៈប្រតិភូដែលមកកម្ពុជា នាពេលនេះថា ដើម្បីសុំកិច្ចសហការពីរាជរដ្ឋាភិបាលកម្ពុជា លើវិស័យសាសនានៃប្រទេសទាំង២ ហើយម្យ៉ាងទៀតនៅ ពេលខាងមុខវៀតណាម នឹងមានរៀបចំពិធីបុណ្យវិសាខបូជាដ៏ធំមួយ ដោយមានសាសនិកជន មកពីជាង ១០០ប្រទេសនៅលើពិភពលោកចូលរួម ក្នុងនោះក៏សុំឲ្យមានការចូលរួមពីកម្ពុជាផងដែរ។

លោក វុ ចៀនថាំង បន្តទៀតថា ក្នុងពេលស្នាក់នៅប្រទេសកម្ពុជា គណៈប្រតិភូបានចូលក្រាបបង្គុំថ្វាយសម្តេចសង្ឃរាជ ប៊ូ គ្រី និងលោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនាស្តីពី ទំនាក់ទំនងលើវិស័យសាសនា ដើម្បីសហការអនុវត្ត ដែលមានលក្ខណៈជាពហុគំនិត។

ជាមួយគ្នានេះ លោក វុ ចៀនថាំង បានចាប់អារម្មណ៍ពីភាពរីកចំរើននៅកម្ពុជា ពិសេសនៅក្នុងរាជធានីភ្នំពេញ ដែលឃើញមានសំណង់អគារខ្ពស់ៗ រួមនឹងសំណង់អគារចាស់ៗមួយចំនួន កំពុងមានការអភិរក្ស និងមានប្រព័ន្ធគមនាគមន៍ខ្វាត់ខ្វែងគួរឲ្យកត់សំគាល់ ដែលកត្តាទាំងនេះបញ្ជាក់បានថា កម្ពុជាមានការអភិវឌ្ឍន៍ខ្លាំង បន្ទាប់ពីប្រទេសនេះទទួលបានសុខសន្តិភាពពេញលេញ។

នៅក្នុងជំនួបនេះលោកស្រី ម៉ែន សំអន ក្នុងនាមតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចផ្ញើជូនគណៈប្រតិភូ ប្រកបដោយក្តីនឹករលឹក ក្នុងនោះលោកស្រីកិត្តិព្រឹទ្ធបណ្ឌិត បានជំរាបជូនពីសកម្មភាពមមារញឹករបស់សម្តេច ដែលកំពុងចុះជួបជាមួយប្រជាជនកម្មករ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងការជួបជុំសាសនិកជន គ្រប់សាសនា នៅតាមកម្មវិធីចុះពិនិត្យវឌ្ឍនភាព និងសម្ភោធសមិទ្ធិផលថ្មីៗនៅទូទាំងប្រទេសស្របពេលដែល ប្រជាជនកម្ពុជាកំពុងត្រៀមទទួលអំណរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដ៏ឆាប់ៗខាងមុខនេះ៕
លោកស្រីកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា៖ រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបន្ដអនុវត្ដយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ដោយអាទិភាពទី១ គឺវិស័យធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធមាន ផ្លូវ ទឹក និងភ្លើង ។ ក្នុងនោះដែរ ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ក៏ត្រូវបានបង្កើននូវកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំទ្វេឡើង ពិសេសការខិតខំរួមគ្នាក្នុងជំរុញកំណើននៃទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ឲ្យកាន់តែខ្ពស់ថែមទៀត។ ជាមួយគ្នានេះដែរ មេដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានសន្យារួមគ្នាថា នឹងខិតខំជំរុញ ធ្វើយ៉ាងណាប្រែក្លាយតំបន់ព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ក្លាយជាតំបន់ព្រំដែន ប្រកបដោយសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរទំនិញ ពាណិជ្ជកម្ម ទេសចរណ៍ និងការធ្វើដំណើរឆ្លងដែនទៅមករបស់ប្រជាជន នៃប្រ ទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរណ៍ ដោយគ្មានការភ័យខ្លាច ៕