(ភ្នំពេញ)៖ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា អ្នកដែលព្យាយាមបំភ្លេចរបបប្រល័យពូជសាសន៍ខ្មែរក្រហម គឺប្រៀបដូចជាអ្នកដែលចង់ឱ្យមានរបបដឹកនាំបែបនេះ កើតឡើងជាថ្មីម្ដងទៀត។ លោកបានថ្លែងបែបនេះ មកកាន់អង្គភាពព័ត៌មាន Fresh News នៅក្នុងវគ្គបណ្តុះបណ្តាលសម្រាប់សាស្រ្តាចារ្យកម្រិតសាកលវិទ្យាល័យ លើប្រធានបទ «អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលនៅក្នុងប្រវត្តិសាស្រ្តសកលលោក» នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។
លោក ឆាំង យុ បញ្ជាក់យ៉ាងដូចនេះថា៖ «ការបំភ្លេចហាក់ដូចជាយើង ជាន់ដានឧក្រិដ្ឋជន ដែលប្រព្រឹត្តបទឧក្រិដ្ឋទៅលើបងប្អូនយើងអីចឹង ការចងចាំគឺជាទម្រង់នៃយុត្តិធម៌ នៅពេលដែលយើងចងចាំ ជាពិសេសអ្នកដែលរស់រានមានជីវិត នៅពេលដែលយើងជាកូនចងចាំនូវរឿងឪពុក ម្ដាយយើង គឺជាទម្រង់យុត្តិធម៌។ ការចងចាំនេះគឺមានឥទ្ធិពលណាស់ តែបើយើងឈប់ចងចាំ គឺយើងបានបាត់បង់ឪពុកម្ដាយ ដែលស្លាប់ដូចសត្វដូចធាតុ យើងបាត់បង់ប្រជាជនរាប់លាននាក់ ដូចជាសត្វតិរច្ឆាននៅក្នុងព្រៃភ្នំ ហើយបើយើងបំភ្លេចយើងក៏មិនខុសពីអ្នកដែលប្រព្រឹត្តអំពើនេះមកលើខ្លួនយើងដែរ»។
លោក ឆាំង យុ បានលើកឡើងបន្ថែមថា ដោយសារតែការបំភ្លេច និងមិនសិក្សាពីប្រវត្តិសាស្រ្ត ជាពិសេសរបបប្រល័យពូជសាសន៍ ដ៏ឃោរឃៅនេះរបស់ពិភពលោកនេះហើយបានជា កម្ពុជាបានជួបប្រទះនូវរបបដ៏ខ្មៅងងឹតនេះដែរ។ តាមបទពិសោធន៍របបប្រល័យពូជសាសន៍ បានកើនមានយូរមកហើយ មុនកើតឡើងនៅកម្ពុជាទៅទៀត។ របបនេះបានកើតឡើងដំបូងនៅក្នុងប្រទេសអាមេនី នាសតវត្សរ៍ទី២០ គឺនៅឆ្នាំ១៩១៥ បើគិតមកដល់បច្ចុប្បន្នគឺមានរយៈពេល ១០៤ឆ្នាំហើយ។
បន្ទាប់ពីប្រទេសអាមេនី គឺប្រទេសអាល្លឺម៉ង់ ប្រទេសបូសនី ប្រទេសរ៉្វាន់ដារ និងចុងក្រោយគឺកម្ពុជា ហើយរបបប្រល័យពូជសាស្រ្តនៅកម្ពុជា ជារបបដែលឃោឃៅជាងគេបំផុត ព្រោះមិនត្រឹមតែសម្លាប់ជាតិសាស្រ្តដទៃនោះទេ តែថែមទាំងសម្លាប់ជាតិសាសន៍ឯងថែមទៀតផង។
អាស្រ័យហេតុនេះហើយ ទើបលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ក៏ដូចជាក្រសួងអប់រំ បានសហការដាក់ចេញនូវការបណ្ដុះបណ្ដាលគ្រូកម្រិតឧត្តម ដើម្បីឱ្យមានការយល់ដឹងកាន់តែច្បាស់ ពីរបបប្រល័យពូជសាសន៍ ដើម្បីងាយស្រួលក្នុងការបង្រៀនដល់សិស្ស និស្សិតបន្ថែមពីរបបដ៏ឃោឃៅនេះ។
មិនខុសពីលោក ឆាំង យុ ឡើយ ស្ថិតនៅក្នុងវ័យ៦៦ ឆ្នាំ លោក ម៉ន ម៉ៅ រស់នៅខេត្តឧត្តរមានជ័យ ដែលជាដើមបណ្ដឹងម្នាក់ដែលប្តឹងទៅសាលាក្ដីខ្មែរក្រហម ដើម្បីប្តឹងអ្នកដឹកនាំខ្មែរក្រហមនេះ បានឱ្យដឹងថា ក្នុងរបបប្រល័យពូជសាសន៍លោកបានបាត់បង់ឪពុកមា ដែលត្រូវពួកខ្មែរក្រហមសម្លាប់ មិនតែប៉ុណ្ណោះសូម្បីតែខ្លួនលោកផ្ទាល់ ក៏មិនមានសង្ឃឹមថារស់នោះដែរ។
និយាយទាំងទឹកមុខក្រៀមក្រំ ជាមួយបបូរមាត់ញ័រដោយសារតែអួលដើមក លោក ម៉ន ម៉ៅ បានឱ្យដឹងទៀតថា «របបប្រល័យពូជសាសន៍នេះប្រើមនុស្សដូចសត្វ កាប់សម្លាប់ នៅសម័យកាលលើលោកនេះ គ្មានរបបណាសម្លាប់មនុស្សដូចរបបនេះទេ។ ខ្ញុំឈឺចាប់ដោយសារតែរបបនេះបានសម្លាប់មនុស្សជាទីស្រលាញ់របស់ខ្ញុំ។ ខ្ញុំឃើញផ្ទល់ភ្នែកគេចងស្លាបសេកដាក់តម្រៀបគ្នាដូចដឹកចេកយកទៅសម្លាប់។ ខ្ញុំគិតថាថ្ងៃនេះគេ ថ្ងៃខាងមុខច្បាស់ជាខ្ញុំមិនខាន កាលនោះខ្ញុំគ្មានសង្ឃឹមថាអាចរស់ដល់ឥលូវទេ។
ដោយឆ្លងកាត់ផ្ទាល់ និងទទួលបានការឈឺចាប់យ៉ាងធ្ងន់ធ្ងរនេះហើយ ទើបលោក ម៉ន ម៉ៅ តែងតែប្រាប់ទៅកាន់កូនចៅរបស់លោក អំពីជីវិតអត់ឃ្លាន រង់ចាំតែសេចក្ដីស្លាប់របស់លោកនៅក្នុងរបបខ្មែរក្រហម។ លោកធ្វើបែបនេះគឺ ដើម្បីឱ្យកូនចៅជំនាន់ក្រោយចេះតស៊ូ អត់ធ្មត់ និងមិនចង់ឱ្យរបបនេះវិលវិញសារជាថ្មី នៅក្នុងទឹកដីកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។
ជាមួយគ្នានេះអ្នកបាត់បង់សាច់ញាតិមួយរូបក្នុងចំណោមពលរដ្ឋជាច្រើនទៀតដែលបានបាត់បង់សាច់ញាតិ ក្នុងរបបប្រល័យពូជសាសន៍ខាងលើ ចង់ឱ្យមានម៉ោងបង្រៀនបន្ថែមទៅកាន់ក្មេងជំនាន់ក្រោយ ក៏ដូចជារក្សានៅតំបន់ផ្សេងៗដែលជាគុក ជាវាលពិឃាដ ដ៏ឃោឃៅរបស់ខ្មែរក្រហម។ ដើម្បីឱ្យក្មេងជំនាន់ក្រោយបានដឹងបានយល់ច្បាស់ពីរបបប្រល័យពូជសាសន៍ដ៏សាហាវព្រៃផ្សៃមួយនេះ។
របបប្រល័យពូជសាសន៍ខ្មែរក្រហម ឬហៅថាសម័យប៉ុលពតនេះ បានចាប់ផ្ដើមមាននៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ និងបានដួលរលំទៅវិញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្នុងការរំដោះរបស់ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលរួមសហការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
តាមឯកសារបង្ហាញថា ក្នុងរយៈ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃគុកឥតជញ្ជាំងមួយនេះបានសម្លាប់ប្រជាជនខ្មែរអស់ជាង៣លាននាក់។ បច្ចុប្បន្នកម្ពុជាកំពុងតែដំណើរការការកាត់ក្ដីមេដឹកនាំរបបនេះតាមរយៈសាលាក្ដីខ្មែរក្រហមអស់រយៈពេល១៣ឆ្នាំមកពោលគឺចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៩នេះ និងបានកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមចំនួន៣នាក់ រួមមានលោក ឌុច អតីតប្រធានគុកទួលស្លែង នួន ជា អតីតប្រធានរដ្ឋសភា ដែលជាបងធំទី២ និង ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង០០២/០១ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងសម្លាប់អ្នកសាធារណរដ្ឋ។ ចំណែកឯជនសង្ស័យ២រូបផ្សេងទៀត គឺលោកអៀង សារី និងអៀង ធារិទ្ធ បានស្លាប់មុនដំណើរការក្ដីខ្មែរក្រហម។ នៅមិនទាន់បញ្ចប់នោះឡើយបច្ចុប្បន្ន នួន ជា និង ខៀវ សំផន ក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតម្ដងទៀតក្នុងសុំណុំរឿង០០២/០២ ចំពោះអំពើប្រល័យពូជសាសន៍ទៅលើជនជាតិចាម និងវៀតណាម ពុទ្ធសាសនិកជន ក្នុងរបបដ៏ខ្មៅងងឹតនោះ៕