(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការបញ្ចៀសចរាចរឆ្លងកាត់ទីតាំង ប្រារព្ធពិធីបើកឲ្យដំណើរការឡើងវិញជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារទី១)។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងប្រារព្ធពិធីបើកឲ្យដំណើរការឡើងវិញ ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារទី១) ដែលជាជំនួយឥតសំណង ពីរដ្ឋាភិបាលប្រទេសជប៉ុន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅវេលាម៉ោង ០៨៖០០នាទី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅរង្វង់មូលត្រើយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមកាលបរិច្ឆេទខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការពង្វាងផ្លូវជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ផ្លូវនៅជុំវិញតំបន់រៀបចំប្រារព្ធពិធី ចាប់ពីវេលាម៉ោង ០៦៖០០នាទីរហូតដល់បញ្ចប់កម្មវិធី។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញមេត្តាជ្រាប និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធី តាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់ បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យធ្វើចរាចរជាធម្មតាវិញ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៖