(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី0២ ខែមេសា ឆ្នាំ២០១៩ បានបើកសម្ភោធឲ្យប្រើប្រាស់បង្គន់អនាម័យសាធារណៈ នៅម្តុំបរិវេណសួនច្បារឆ្នេរឯករាជ្យ ឬឆ្នេរសណ្ឋាគារ៧ជាន់។ បង្គន់អនាម័យខាងលើនេះ គឺជាជំនួយរបស់សមាគមបង្គន់អនាម័យពិភពលោក ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជាជួយរក្សាអនាម័យបរិស្ថាន ទីក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ ឲ្យកាន់តែមានសោភ័ណភាពថែមមួយកម្រិតទៀត។
ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់បង្គន់សាធារណៈនេះ បានធ្វើឡើងនៅក្នុងបរិវេណសួនច្បារឆ្នេរឯករាជ្យ ក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ, លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងលោក ខ្យូវុន គឹម (Kyowon Kim) នាយកការិយាល័យបរិស្ថាន ទីក្រុង ស៊ូវុន នៃសាធារណៈរដ្ឋកូរ៉េ និងអ្នកស្រី សួនយួន និគីគឹម (Sungyeon Nikki kim) នាយកផ្នែកសហប្រតិបត្តិការអន្តរជាតិនៃសមាគម WTA ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព អាជ្ញាធរ ក្រុង និងសិស្សានុសិស្សជាច្រើនរូបទៀត។
នាឱកាសនោះដែរ លោក ឈិន សេងងួន បានថ្លែងអំណគុណដល់ លោក ខ្យូវុន គឹម (Kyowon Kim) និងអ្នកស្រី សួនយួន និគីគឹម (Sungyeon Nikki kim) ដែលបានផ្តល់ជំនួយឧបត្តម្ភ ក្នុងការកសាងបង្គន់អនាម័យសាធារណៈ ជូនដល់ក្រុងព្រះសីហនុនៅពេលនេះ។
ចំណែក លោក ខ្យូវុន គឹម ក៏បានថ្លែងអំណគុណ រដ្ឋបាលខេត្តព្រះសីហនុ ដែលបានយកចិត្តទុក្ខដាក់ផ្តល់កិច្ចសហប្រតិបត្តិការល្អ ក្នុងការកសាងបង្គន់អនាម័យសាធារណៈ និងបានសហការយ៉ាងជិតស្និទ្ធ ផ្តល់ទីតាំង និងមូលនិធិបដិភាគ សំរាប់ធ្វើការសាងសង់បង្គន់អនាម័យសាធារណៈ រហូតសម្រេចបានជោគជ័យ និងបានរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃនេះ។ លោកបន្តថា កន្លងមក ដោយសារតែមានកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា និងសាធារណៈកូរ៉េ ជាបន្តបន្ទាប់មកនេះ ជំរុញឲ្យក្រុម ស៊ូវុន និងសមាគមបង្គន់អនាម័យពិភពលោក បានទទួលការសហការយ៉ាងជិតស្និទ្ធ និងយកចិត្តទុកដាក់ពីសំណាក់ភាគីកម្ពុជា រួមមានខេត្តព្រះសីហនុ, រាជធានីភ្នំពេញ, ខេត្តសៀមរាប..។ល។
រហូតដល់ពេលនេះ សរុបមានក្រុមចំនួន ៦ហើយ ដែលក្រុម្រងារខាងលើនេះ បានសាងសង់ និងបន្តស្ថាបនាបង្គន់សាធារណៈ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណៈ។
ព្រមជាមួយគ្នានេះ ក្រុមស៊ូវុន ក៏បានបង្កើតភូមិមិត្តភាពស៊ូវុន នៅខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០០៤ ដោយបានសាងសង់អនុវិទ្យាល័យ និងវិទ្យាល័យសូវុនថែមទៀតផង។ លើសពីនេះទៀត ស៊ូវុន ក៏បានបន្តជំរុញការផ្លាស់ប្ដូរវប្បធម៌ និងរដ្ឋបាលតាមរយៈការធ្វើទស្សនកិច្ចផ្លាស់ប្ដូរគ្នាទៅវិញទៅមក។
គួររំលឹកថា គម្រោងសាងសង់បង្គន់អនាម័យសាធារណៈខាងលើនេះ ធ្វើឡើងផ្តើមដោយរដ្ឋបាលនៅតាមខេត្តនីមួយៗ តាមរយៈក្រសួងទេសចរណ៍ ដាក់ស្នើជំនួយថវិកាគាំទ្រពីសមាគមបង្គន់ពិភពលោក។ អគារបង្គន់អនាម័យសាធារណៈនេះ បានចាប់ផ្ដើមសាងសង់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ហើយត្រូវសាងសង់រួចរាល់ជាស្ថាពរ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ដោយចំណាយអស់ទឹកប្រាក់សរុប ៤ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះថវិកាចំនួន ៣៥,០០០ដុល្លារ ទទួលពីសាលាក្រុងស៊ូវុន និងសមាគមបង្គនពិភពលោក និង ៥,០០០ដុល្លារទៀត គឺជាថវិកាបដិភាគ របស់សាលាខេត្តព្រះសីហនុ។
បង្គន់អនាម័យសាធារណៈនេះ នៅក្នុងអាគារទាំងមូល មានបន្ទប់បង្គន់ចំនួន ១៧បន្ទប់ ក្នុងនោះមានបង្គន់សម្រាប់នារីចំនួន ៥បន្ទប់ បង្គន់សម្រាប់បុរសចំនួន ៥បន្ទប់ ចានបង្គន់នោមបុរសចំនួន៤។ បន្ទប់ទឹកជនពិការនារីចំនួន១ បន្ទប់ទឹកសម្រាប់ជនពិការបុរសចំនួន១ និងបន្ទប់ទឹកសម្រាប់កុមារតូចតូចចំនួន១ផងដែរ។
ចំណែកគ្រឿងបរិក្ខារទាំងអស់ ដែលបំពាក់ក្នុងអគារបង្គន់អនាម័យសាធារណៈខាងលើនេះ គឺជាប្រភេទស្តង់ដារ មានគុណភាពខ្ពស់ ដែលផលិតពីបណ្ដាក្រុមហ៊ុននៃប្រទេសសិង្ហបុរី, ថៃ និងចិនជាដើម។
ដោយឡែក ចំពោះការប្រើប្រាស់ប្រព័ន្ធទឹក-ភ្លើង និងកម្លាំងពលកម្មទឹក និងភ្លើង ដែលបានតភ្ជាប់ក្នុងអគារបង្គន់សាធារណៈខាងលើនេះ បានភ្ជាប់ពីអង្គភាពរដ្ឋាករទឹក ហើយភ្លើង បានភ្ជាប់ពីអង្គភាពអគ្គិសនីខេត្តព្រះសីហនុ៕