(បាត់ដំបង)៖ លោក ងួន រតន: អភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាតាមដាន រាល់សកម្មភាពបទល្មើសខុសច្បាប់ទាំងអស់ និងធ្វើការទប់ស្កាត់មិនឲ្យកើតមានជាដាច់ខាត ហើយត្រូវការពារសណ្តាប់ធ្នាប់សន្តិសុខ ជូនពលរដ្ឋឲ្យបានល្អក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ
លោក ងួន រតន: បានលើកឡើងយ៉ាងដូចនេះ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី បើកកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០១៩ របស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង ពិធីនេះក៏មានការចូលរួមពីថ្នាក់អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា មេបញ្ជារការយោធភូមិភាគទី៥ មេបញ្ជារប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត អភិបាល ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព នានាជុំវិញខេត្ត មន្រ្តីជំនាញពាក់ព័ន្ធក្នុងខេត្ត ចូលរួមផងដែរ។
នៅក្នុងកិច្ចប្រជុំនេះដែរ លោក ងួន រតន: បានអនុញ្ញាតឲ្យអង្គភាពពាក់ព័ន្ធឡើងរាយការណ៍ ពីលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ ហើយនាំគ្នាទប់ស្កាត់រាល់បទល្មើសផ្សេងៗ មិនឲ្យកើតមានឡើងបន្តទៀត។
លោកអភិបាលខេត្តបានបញ្ជាក់ថា នៅក្នុងខែមេសានេះ យើងមានពិធីបុណ្យជាតិជាច្រើន ជាពិសេសបុណ្យចូលឆ្នាំខ្មែរ សមត្ថកិច្ចនិងអាជ្ញាធរដែនដី ត្រូវសហការគ្នាតាមដាន រាល់សកម្មភាពបទល្មើសខុសច្បាប់ទាំងអស់ និងធ្វើការទប់ស្កាត់មិនឲ្យកើតមានជាដាច់ខាត ក្នុងមូលដ្ឋានខ្លួនទទួលខុសត្រូវ ហើយត្រូវការពារសណ្តាប់ធ្នាប់ សន្តិសុខ ជូនប្រជាពលរដ្ឋទូទៅឲ្យបានល្អ ដើរលេងសប្បាយរីករាយក្នុងពេលបុណ្យចូលឆ្នាំខ្មែរផងដែរ។
អភិបាលខេត្តបានជម្រុញឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន នាំគ្នាខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងត្រូវជួយប្រជាពលរដ្ឋ ណាដែលកំពុងជួបប្រទះគ្រោះមហន្តរាយផ្សេងៗ និងនាំគ្នាចូល រួមចំណែកអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាព ដើម្បីឲ្យប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋាន រស់នៅបានសុខសប្បាយទាំងអស់គ្នាផងដែរ៕