(សៀមរាប)៖ នៅក្នុងឱកាសបើកកិច្ចប្រជុំឧត្តមមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នៅក្រុងសៀមរាប លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កម្ពុជា បានបង្ហាញអំពីការវិវត្តរីកចម្រើនវិស័យសុខាភិបាលកម្ពុជា ដោយផ្តើមចេញពីបាតដៃទទេ បន្ទាប់ពីកម្ពុជាត្រូវបានចាកចេញពីរបបប្រល័យពូជសាសន៍។
លោករដ្ឋមន្រ្តីលើកបង្ហាញថា ក្រោយថ្ងៃរដោះ ៧ មករា ១៩៧៩ កម្ពុជាមានវេជ្ជបណ្ឌិតតែ ៤០នាក់ប៉ុណ្ណោះ។ មកដល់បច្ចុប្បន្ននេះ កម្ពុជាមានមន្រ្តីសុខាភិបាល ដែលកំពុងបំរើសេវា នៅមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេសជាង ២៥០០០នាក់។
ជាមោទនភាពរបស់កម្ពុជា លោកបានថ្លែងទៀតថា ការសម្រេចបានគោលដៅអភិវឌ្ឍសហសវត្សរ៍មុនកាលបរិច្ឆេទកំណត់ ដែលជាពិសេសនោះ គឺគោលដៅ៤ ទី៥ និងទី៦។ ជាមួយគ្នានេះ ក៏មានការដាក់ចេញនូវគោលនយោបាយ គាំពារសុខភាពសង្គម ដើម្បីគ្របដណ្តប់ប្រជាជនក្រុមគោលដៅផ្សេងៗគ្នា ជាពិសេសកម្មករក្នុងប្រព័ន្ធ កម្មករក្រៅប្រព័ន្ធ មន្រ្តីសាធារណៈ ស្រ្តីក្រីក្រមានផ្ទៃពោះ អតីតមន្រ្តីការ មនុស្សចាស់ជរា និងជនពិការ ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពសាកល ដែលទាំងនេះក៏ជាការប្តេជ្ជាចិត្តរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសកម្ពុជា។
កិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍទាំងអស់ ក្នុងការអនុវត្តកម្មវិធីមូលនិធិសមធម៌ ត្រូវបានគ្របដណ្តប់ លើប្រជាជនក្រីក្រទូទាំងប្រទេស ឲ្យទទួលបានសេវាថែទាំ និងព្យាបាលជម្ងឺ ប្រកបដោយគុណភាព និងមិនគិតថ្លៃ។ លោកបញ្ជាក់ថា សមិទ្ធផលទាំងនេះ កើតឡើងយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំដ៏ឈ្លាសវៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បង្ហាញកិច្ចប្រជុំនោះផងដែរលោក ម៉ម ប៊ុនហេង លើកឡើងថា កម្ពុជាបានដាក់ចេញនូវ គំនិតផ្តួចផ្តើមហិរញ្ញប្បទានសុខាភិបាលសំខាន់ៗចំនួន២ គឺទី១ កម្មវិធីមូលនិធិសមធម៌សុខាភិបាល ដែលមានគោលបំណងបង្កើនការប្រើសេវាសុខាភិបាលសាធារណៈសម្រាប់ជនក្រីក្រ ដែលបច្ចុប្បន្ននេះ បានពង្រីកទៅដល់ក្រុមប្រជាជនងាយរងគ្រោះផ្សេងៗទៀត និងទី២ មូលនិធិគាំទ្រ ការផ្តល់សេវាគម្រោងហិរញ្ញប្បទាន ផ្អែកលើលទ្ធភាពការងារនៅទូទាំងប្រទេស ដែលជាការលើកទឹកចិត្តដល់អ្នកផ្តល់សេវាសុខភាពប្រកបដោយគុណភាពខ្ពស់នៅតាមមូលដ្ឋានសុខាភិបាល សាធារណៈទូទាំងប្រទេស។
គួរបញ្ជាក់ដែរថា ក្រសួងសុខាភិបាលកម្ពុជា ក្នុងតួនាទីជាប្រធានឧត្តមមន្រ្តីសុខាភិបាលអាស៊ាន ធ្វើជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ នៅក្រុងសៀមរាប។ យោងតាមគំនិតផ្តចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព កាលពីក្នុងអំឡុង ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ បានដាក់ការពិភាក្សាលើប្រធានបទ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំ់បន់ ដើម្បីប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដើម្បីស្វែកការ យល់ព្រម ជាឯកច្ឆន្ទក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ឈានឆ្ពោះទៅរៀបចំសេចក្តីព្រាងប្រកាសមួយ ដាក់ជូនកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន ដែលគ្រោងនឹងធ្វើឡើងនាខែសីហា ឆ្នាំ២០១៩ ខាងមុខ នៅខេត្តសៀមរាប៕