(ភ្នំពេញ)៖ វិបស្សនាស្ដីពីចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មា-ធិការគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កម្មវិធីដែលត្រូវបានធ្វើឡើងនាថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩ ក៏មានការអញ្ជើញចូលរួមពីលោក កែ ប៊ុនខៀង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ព្រមទាំងថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ដែលរួមមាន៖ ១. គណៈចលនាមហាជន, ២. ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល, ៣. ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេស, ៤. ក្រុមការងារសកម្មជនយុវជនមូលដ្ឋានតាមរាជធានី-ខេត្ត, ៥. គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្ដាល, និង ៦. គណៈកម្មាធិការ និងក្រុមការងារយុវជនគណបក្ស នៅតាមអង្គភាពនានាក្រោមឱវាទគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
វិបស្សនានេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សានិងកំណត់ចក្ខុវិស័យ បេសកកម្ម កម្មវិធីចង្កោមសកម្មភាព និងសកម្មភាពរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០១៩ និងសម្រាប់រយៈពេល ៥ឆ្នាំ (២០១៩-២០២៣) ដែលឯកសារនេះ នឹងក្លាយទៅជាផែនទីបង្ហាញផ្លូវ នៃការអនុវត្តការងារយុវជនរបស់គណបក្សប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងស្មារតី «យុវជន ដើម្បីគណបក្ស, គណបក្ស ដើម្បីយុវជន និងប្រទេសជាតិ»។
លោក អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា វិបស្សនានេះគឺជាឱកាសជួបជុំដ៏កម្រមួយ និងមានសារៈសំខាន់បំផុត ទាំងក្នុង ក្របខ័ណ្ឌដឹកនាំយុវជនរបស់គណបក្ស ដែលមានទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន និងក្នុងក្របខ័ណ្ឌដឹកនាំកិច្ចការរបស់រដ្ឋាភិបាល ដែលមានសមាសភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយនេះក៏ជាសក្ខីកម្មដ៏ជាក់ស្បាន់ នៃការផ្សារភ្ជាប់គ្នារវាងយុវជនរបស់គណបក្សក្នុងគ្រប់ចលនា ប្រកបដោយស្មារតីសាមគ្គីភាពដ៏រឹងមាំនៃគណបក្ស។ ទន្ទឹមនេះ ការជួបជុំនៅថ្ងៃនេះ ដែលត្រូវបានប្រសិទ្ធនាមថាជា «វិបស្សនា» គឺជាកាលានុវត្តភាពដ៏កម្រ ដែលបានដកខ្លួនចេញមកប្រមើលមើល៍ នូវកិច្ចការងារដែលយុវជនបានធ្វើក្នុងរយៈពេល ៥ឆ្នាំកន្លងមក ហើយយកមកពិចារណាឱ្យឃើញជាក់ប្រាកដ សម្រាប់រៀបចំចេញជាចក្ខុវិស័យ និងយុទ្ធសាស្ត្រជាក់លាក់រយៈពេល ៥ឆ្នាំទៅមុខ។
វិបស្សនា តម្រូវឱ្យមានការពិចារណា និងពិភាក្សាលម្អិតជា ២វគ្គគឺ៖ ពេលព្រឹក, កិច្ចពិភាក្សាអង្គធំ, ពិភាក្សា អនុម័តលើក្របខ័ណ្ឌដឹកនាំ ក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រ ដែលរួមមានការកំណត់ចក្ខុវិស័យ បេសកកម្ម កម្មវិធី និងចង្កោមសកម្មភាព។ ពេលរសៀល, ជាកិច្ចពិភាក្សាតាមក្រុមទៅលើក្របខ័ណ្ឌអនុវត្ត ចំនួន៣ គឺ៖ ១. យន្តការអនុវត្ត៖ សកម្មភាពដឹកនាំ, សកម្មភាពចូលរួម និងសកម្មភាពគាំទ្រ, ២. គោលការណ៍អនុវត្ត៖ ដែលអាចមាន គោលការណ៍ស្ម័គ្រចិត្ត, គោលការណ៍តាមអាទិភាព, គោលការណ៍តាមលទ្ធភាព និងគោលការណ៍ផ្អែកលើគុណតម្លៃ និង ៣. វិធីសាស្ត្រអនុវត្ត៖ ដែលអាចធ្វើសកម្មភាពក្រោមទម្រង់ ៣គឺ ក្នុងយន្តការបក្ស យន្តការរដ្ឋ និងយន្តការជាសង្គម ។
នៅពេលព្រឹក, អង្គវិបស្សនាអង្គធំ បានលើកឡើងនូវមតិយោបល់ល្អៗ ទស្សនៈការងារ បញ្ហាប្រឈម សំណើសំណូមពរ ជាពិសេស បានលើកនូវការយល់ឃើញ និងអនុសាសន៍ដ៏មានសារៈសំខាន់ទៅលើសេចក្ដីព្រាងចក្ខុវិស័យ បេសកកម្ម និងកម្មវិធីដែលបានប្រព្រឹត្តទៅប្រកបដោយស្ដង់ដារវិជ្ជាជីវៈខ្ពស់ សីលធម៌ សេចក្ដីថ្លៃថ្នូរ ស្មារតីបុរេសកម្ម និងកម្លាំងសាមគ្គីដ៏រឹងមាំ ក្នុងបុព្វហេតុរបស់គណបក្ស និងយុវជន។ អង្គវិបស្សនា បានទទួលនូវអនុសាសន៍ដ៏លម្អិត និងជាក់លាក់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទៅលើខ្លឹមសារនៃចក្ខុវិស័យ បេសកកម្ម និងកម្មវិធីរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅពេលរសៀល, ក្រុមពិភាក្សាទាំង៣ បានពិភាក្សា និងបូកសរុបលទ្ធផលសម្រាប់កម្មវិធីនីមួយៗ ដើម្បីគាំទ្រការអនុវត្តចក្ខុវិស័យ និងបេសកកម្ម ក្នុងរយៈពេល ៩០នាទី ដើម្បីដាក់ជូនអង្គវិបស្សនាអង្គធំ ពិនិត្យនិងផ្ដល់យោបល់ ក្រោមការដឹកនាំរបស់លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ វេទិកាបទបង្ហាញ និងពិភាក្សាលទ្ធផលនេះ បានប្រព្រឹត្តទៅអស់ រយៈពេល ៣ម៉ោង យ៉ាងសកម្ម ស៉ីជម្រៅ និងផុសផុលលើសពីការរំពឹងទុក និងពិភាក្សាអំពីសកម្មភាពលម្អិតតែម្ដង ដើម្បីគាំទ្រការអនុវត្តកម្មវិធី និង ចង្កោមសកម្មភាពនីមួយៗ។
ជាកិច្ចបញ្ចប់បិទកម្មវិធី លោក វង្សី វិស្សុត បានកោតសរសើរយ៉ាងកក់ក្ដៅចំពោះការរៀបចំវិបស្សនានេះ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវិបស្សនាក្នុងរយៈពេលមួយថ្ងៃពេញ ដោយទទួលបានលទ្ធផលដ៏ត្រចះត្រចង់។ ទន្ទឹមនេះ លោកក៏បានផ្ដល់មូលវិចារណ៍ខ្ពស់ចំពោះលោក ហ៊ែល ចំរើន ប្រធានក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំរៀបចំការងារនេះ យ៉ាងមានប្រសិទ្ធភាព ជាមួយនឹងការចូលរួមយ៉ាងសស្រាក់សស្រាំ ពីយុវជននៅតាមអង្គភាពនានា ក្រោមឱវាទគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងកិច្ចសហការដ៏មានអាចខ្វះបាន របស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល និងក្រុមការងារចលនាយុវជន នៅតាមមជ្ឈដ្ឋានផ្សេងទៀតផងដែរ។
អង្គវិបស្សនា ត្រូវបានបិទបញ្ចប់នៅវេលម៉ោង ៦៖៣០នាទីល្ងាច ក្នុងថ្ងៃដដែល ប្រកបដោយបរិយាកាសសោមនស្សរីយរាយ និងស្មារតីសាមគ្គីភាពដ៏រឹងមាំ៕