(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើតំណាងធនាគារចិន ប្រចាំនៅកម្ពុជា គាំទ្រការប្រើប្រាស់ និងទូទាត់រូបិយប័ណ្ណខ្មែរ (ប្រាក់រៀល) តាមរយៈប្រព័ន្ធអេឡិចត្រូនិក (E-Payment) ជាពិសេស QR Code ដែលជាមធ្យោបាយទូទាត់សាច់ប្រាក់ដ៏ពេញនិយមនៅក្នុងប្រទេសចិន ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគនៃប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើង នៅក្នុងជំនួបពិភាក្សាជាមួយប្រតិភូធនាគារចិន ដឹកនាំដោយ លោក វ៉ាង ប៊ីង (WANG Bing) នាយកប្រតិបត្តិរងនៃធានាគារចិន ប្រចាំទីក្រុងហុងកុង នៅព្រឹកថ្ងៃអង្គារទី០២ ខែមេសា ឆ្នាំ២០១៩ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុរដ្ឋរបស់ចិនដ៏ធំមួយនេះ។
នៅក្នុងជំនួប លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជំរុញតំណាងធនាគារចិន ទទួលយកការទូទាត់ប្រាក់រៀល ឱ្យបានកាន់តែទូលំទូលាយ សម្រាប់សកម្មភាពធុរកិច្ច និងវិនិយោគទ្វេភាគី ជាពិសេសការដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬហៅថា E-Commerce ដោយប្រើប្រាស់បច្ចេកវិទ្យា E-Payment និង QR Code ដូចគ្នាជាមួយកម្មវិធីទូរស័ព្ទដៃ WeChat ឬ Alipay ជាដើម។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានសំណូមពរ លោក វ៉ាង ប៊ីង ពិនិត្យលទ្ធភាពចូលរួមវិនិយោគសាងសង់ឡសម្ងួត (សៃឡូ) នៅតាមបណ្តាខេត្តសំខាន់ៗក្នុងប្រទេសកម្ពុជា ដើម្បីរក្សាទុកកសិផលក្នុងរយៈពេលយូរ និងផ្ដល់ឥណទានដល់ប្រជាកសិករ ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម ដើម្បីពង្រឹងការអភិវឌ្ឍខ្សែចង្វាក់តម្លៃផលិតផល ដែលមានសក្តានុពលនានា សំដៅបង្កើតតម្លៃបន្ថែម និងធ្វើពិពិធកម្មការនាំចេញ។
ជាការឆ្លើយតប លោក វ៉ាង ប៊ីង បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ដែលបានគាំទ្រប្រតិបត្តិការរបស់ធនាគារចិន នៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជាការប្រើប្រាស់ប្រាក់យ័ន តាមរយៈប្រព័ន្ធធនាគារ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ព្រមទាំងការបង្កើតការិយាល័យចិនមួយ (Chinese Desk) នៅក្រសួងពាណិជ្ជកម្ម ដើម្បីសម្រួលដល់ធុរជនចិន ក្នុងការធ្វើប្រតិបត្តិការពាណិជ្ជកម្ម។ល។
នៅក្នុងឱកាសនោះដែរ លោក វ៉ាង ប៊ីង បានណែនាំអំពីសមាសភាពថ្នាក់ដឹកនាំថ្មីរបស់ធនាគារចិន និងបានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីការរៀបចំយុទ្ធសាស្ត្រមួយចំនួន ដើម្បីទាក់ទាញការវិនិយោគបន្ថែមពីប្រទេសចិន មកកាន់ប្រទេសកម្ពុជា ស្របតាមគំនិតផ្តួចផ្តើម «ផ្លូវ និងខ្សែក្រវ៉ាត់» របស់ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន។ ទាក់ទងជាមួយសំណើរបស់ក្រសួងពាណិជ្ជកម្ម លោកនាយកប្រតិបត្តិរងរូបនេះ ក៏បានសន្យាជួយកៀងគរក្រុមហ៊ុនចិន ដែលមានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់ ដើម្បីធ្វើការវិនិយោគលើវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជាផងដែរ៕