(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានដឹកនាំបិទការប្រកួតបាល់ទាត់ ពានរង្វាន់ជម្រើសជើងឯកយុវជន អាយុក្រោម១៧ឆ្នាំ អាយុក្រោម១៥ឆ្នាំ និងបាល់ទាត់នារី ឆ្នាំ២០១៨-២០១៩ នៅក្នុងខេត្តបន្ទាយមានជ័យ។
កម្មវិធីនេះ មានការចូលរួម ពីតំណាងក្រសួងអប់រំ យុវជន និងកីឡា, អភិបាលខេត្ត, តំណាងក្រុមហ៊ុន Cellcard, សិស្សានុសិស្ស និងអ្នកគាំទ្រ ជាង៣,០០០នាក់។ កម្មវិធីបិទនេះ ត្រូវបានធ្វើឡើង ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៤រសៀល នៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្នុងខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបង្ហាញ ការអបអរសាទរភាពជោគជ័យដ៏ធំធេង នៃកម្មវិធីសិក្សា កីឡាបាល់ទាត់ ដែលមានឈ្មោះថា «សាលាតម្រង់ទិសបាល់ទាត់» ព្រមជាមួយគ្នានេះ បានចាត់ទុកក្រុមហ៊ុន មួយចំនួន ក៏មានចំណែកយ៉ាងសំខាន់ សម្រាប់ជួយដល់វិស័យកីឡានៅកម្ពុជា។
បើតំណាងក្រុមហ៊ុន Cellcard បានឲ្យដឹងថា Cellcard គឺបានជួយជាផ្នែកមួយ ក្នុងការជំរុញឲ្យមានកម្មវិធីខាងលើ បានរយៈពេលពីរឆ្នាំមកហើយ ដែលគាំទ្រការបង្កើតការប្រកួត ផ្តល់នូវឧបករណ៍កីឡា និងរង្វាន់ និងជាពិសេសរៀបចំ កម្មវិធីកម្សាន្ត ដើម្បីឲ្យសិស្សចូលរួម និងរីករាយ។
លោកថា Cellcard បានប្រើប្រាស់កម្មវិធីនេះ ដើម្បីបន្ថែមគំនិតផ្តួចផ្តើម ក្នុងកិច្ចទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន (CSR) របស់ពួកគេ តាមរយៈការបរិច្ចាគ ទៅមជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀន នៅក្នុងខេត្ត ដែលពួកគេ ធ្វើដំណើរទៅកាន់ការប្រកួត។
តាមលទ្ធផលកិច្ចសហការនេះដែរ សាលាតម្រង់ទិសបាល់ទាត់ សម្រេចបានចំនួនសិស្សដែលចូលរួមជាង ២,០០០នាក់ទូទាំងប្រទេស ដែលក្នុងនោះដែរ យុវជនអាយុក្រោម១៥ឆ្នាំ មានចំនួន២៥ក្រុម និងយុវជនអាយុក្រោម ១៧ឆ្នាំ មានចំនួន២៦ក្រុម។
គូសបញ្ជាក់ថា ភាពជាដៃគូ រវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុន Cellcard ត្រូវបានចុះហត្ថលេខា កាលពីខែឧសភា ឆ្នាំ២០១៧កន្លងទៅ ក្នុងគោលបំណងលើកកម្ពស់កីឡា ការផ្តល់ការបណ្តុះបណ្តាល ការចូលរួម ជាមួយសហគមន៍មូលដ្ឋាន និងការជួយជំរុញឲ្យយុវជន មិនឲ្យទទួលរងឥទ្ធិពលអវិជ្ជមាន ដូចជាគ្រឿងញៀន ស្រា និងឧក្រិដ្ឋកម្ម ជាដើម៕