Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យបង្កើតក្រុមការងារបច្ចេកទេសសិក្សាលំអិត ពីការស្ថាបនាផ្លូវក្រោមដី

02-04-2019 14:41

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមានការបង្កើតក្រុមការងារបច្ចេកទេស ដែលមានសមាសភាពជាស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការសិក្សាជាកញ្ចប់ ឲ្យបានម៉ត់ចត់ មុននឹងធ្វើការសាងសង់ផ្លូវក្រោមដី កាត់ផ្លូវជាតិលេខ១ ដោយត្រូវគិតពីផលប៉ះពាល់សណ្តាប់ធ្នាប់ និងការកកស្ទះចរាចរជាដើម។

លោកអភិបាលបន្តថា «គោលដៅរបស់យើង ត្រូវបំរើប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ ដូច្នេះត្រូវតែសិក្សាឲ្យបានត្រឹមត្រូវមុនចាប់ផ្តើម និងការសុំគោលការណ៍ពីរាជរដ្ឋាភិបាល ដោយត្រូវសិក្សាជាកញ្ចប់ តែម្តង ដោយក្រុមការងារបច្ចេកទេសនេះ មានតំណាងមកពីក្រសួងរៀបចំដែនដី, ក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងអង្គការ JICA ជាដើម»

លោកអភិបាលបានបញ្ជាក់ទៀតថា គ្មានគំរោងណាមួយដែលទទួលបានការគាំទ្ររាប់សតវត្សនោះទេ គឺអ្វីៗវានឹងមានការប្រែប្រួលទៅតាមកំណើនប្រជាពលរដ្ឋ និងតំរូវការជាត់ស្ដែង។ តែទោះបីយ៉ាងណា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកបានគាំទ្រគំរោងការនេះ។

លោក ឃួង ស្រេង បានថ្លែងដូច្នេះ ក្នុងឱកាសជួបប្រជុំនាព្រឹកថ្ងៃទី២ ខែមេសា ដើម្បីបង្ហាញពីលក្ខណៈបច្ចេកទេស លើសំណើសុំគោលការណ៍ស្ថាបនាផ្លូវក្រោមដីដោយភ្ជាប់ពី ទីតាំងផ្សារទំនើប PH ECO MALL ទៅផ្លូវជាតិលេខ១ ផ្នែកក្រោមដីស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលស្នើឡើងដោយលោកឧកញ៉ា ថៃ ជាហួត ម្ចាស់បុរីប៉េងហួត ដែលផ្លូវនេះមានប្រវែង១៩៥ម៉ែត្រ ទទឹង៧ម៉ែត្រ។ ការសិក្សាត្រូវធ្វើជាកញ្ចប់សំរាប់តំបន់បឹងឈូកទាំងមួលតែម្តង ទៅពីផលប៉ះពាល់ជាពិសេស ប្រពន្ធ័ចរាចរលើកំណាត់ផ្លូវជាតិលេខ១៕