(ថៃ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ បានជួបសំដែងការគួរសមជាមួយនាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវ៉ាន់( Prawit Wongsuwan) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃឡង់។
រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ លោកបានសម្តែងការអបអរសាទរចំពោះលោក ហ៊ុន ម៉ាណែត ដែលបានទទួលតំណែង ជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។
លោករដ្ឋមន្ត្រីបានលើកឡើងថា ប្រទេសយើងទាំងពីរកម្ពុជា-ថៃ ជាប្រទេសជិតខាង ដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ហើយលោក បានចាត់ទុកជំនួប និងដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការល្អនៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងធ្វើយ៉ាងណារក្សាឲ្យបានព្រំដែនសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ប្រាវីត វង្សសុវ៉ាន់ ដែលបានអនុញ្ញាតគណៈប្រតិភូកម្ពុជា ជួបសំដែងការគួរសម និងពិភាក្សាការងារ។
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានបញ្ជាក់ថា ការជួបសំដែងការគួរសម និងពិភាក្សាការងារនៅពេលនេះ គឺបានបង្ហាញពីការពង្រឹងពង្រីកការរឹតចំណងសាមគ្គីភាព នឹងមិត្តភាពជាប្រពៃណី រវាងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរ កម្ពុជា-ថៃ និងដើម្បីរួមគ្នាក្នុងថែរក្សាបានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា ជំនួបផ្លូវការនៃភាគីទាំងពីរ បានបញ្ចប់ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល លទ្ធផលជោគជ័យ និងភាពយោគយល់គ្នា ក្នុងស្មារតីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ក្នុងនាមជាប្រទេសជិតខាងគ្នា៕