(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទ ហាឡាលពិភពលោកលើកទី១១ និងពិព័រណ៍ហាឡាលលើកទី១៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពលោក Dato' Seri Mohamed Azmin Ali រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ី រយៈពេល៤ថ្ងៃ ពីថ្ងៃទី២-៥ ខែមេសា ឆ្នាំ២០១៩។
លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា សន្និសីទនេះផ្តោតសំខាន់លើស្ថានភាពទូទៅ នៃការអភិវឌ្ឍឧស្សាហកម្មហាឡាល និងកិច្ចសហប្រតិបត្តិការហាឡាល បង្កើតបច្ចេកវិទ្យាថ្មី គំនិតច្នៃប្រឌិតដែលធ្វើឲ្យមាននិរន្តរភាព និងប្រយោជន៍រួមលើសេដ្ឋកិច្ចហាឡាល ដោយមានអ្នកចូលរួមប្រមាណ១,០០០នាក់ ជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឥស្សរជន ស្ថាប័ន ហាឡាល ធនាគារ ក្រុមហ៊ុន វិនិយោគិន សភាពាណិជ្ជកម្ម សាស្ត្រាចារ្យមកពី១១ប្រទេស។
ក្នុងឱកាសស្នាក់នៅប្រទេសម៉ាឡេស៊ី ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នឹងឆ្លៀតឱកាសចូលជួបថ្នាក់ដឹកនាំ និងបណ្តាស្ថាប័នហាឡាលមកពី បណ្តាប្រទេសផ្សេងទៀត ដើម្បីបង្ហាញពីសក្តានុពលអភិវឌ្ឍន៍ហាឡាលនៅកម្ពុជា។
សូមរំលឹកថា យោងអនុក្រឹត្យលេខ១៦០អនក្រ.បក ត្រង់ប្រការ១០ បានចែងថា រូបវ័ន្តបុគ្គល ឬនីតិបុគ្គលដែលបានបំណងផ្តល់សេវាកម្មផលិត វេចខ្ចប់ផលិតផល ដែលដាក់សញ្ញា ឬស្លាក «ហាឡាល» ឬ «HALAL» ឬ «حلال» នៅក្នុងប្រទេសកម្ពុជា ត្រូវបំពេញបែបបទ និងដាក់ពាក្យស្នុំសុំវិញ្ញាបនបត្របញ្ជាក់ បច្ចេកទេសស្តង់ដារ ផលិតផលហាឡាលកម្ពុជា នៅក្រសួងពាណិជ្ជកម្មជាមុន។
ការផ្តល់សេវាកម្មផលិតវេចខ្ចប់ផលិតផលដោយដាក់សញ្ញា ឬស្លាក «ហាឡាល» ឬ «HALAL» ឬ «حلال» ក្នុងគោលបំណងចែកចាយ ទោះបីក្នុងគោលដៅធ្វើពាណិជ្ជកម្ម ឬមិនធ្វើពាណិជ្ជកម្ម ដោយពុំមានវិញ្ញាបនប័ត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលម្ពុជាត្រូវហាមឃាត់៕