Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យសាងសង់ទំនប់បង្ហៀរទឹក ដើម្បីកុំឲ្យទឹកប្រៃហូរចូលទឹកសាបនៅតាមព្រែក ក្នុងខេត្តកំពត (Video inside)

02-04-2019 06:10

(កំពត)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យស្ថាប័នដែលពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីសាងសង់ទំនប់បង្ហៀរទឹក ដើម្បីកុំឲ្យទឹកប្រៃ ហូរចូលទឹកសាបនៅតាមព្រែក ដែលស្ថិតក្នុងខេត្តកំពត សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ទៅ តាមតម្រូវការ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃជាង ២៦លានដុល្លារ សម្ដេចក៏បានដាក់បទបញ្ជាឲ្យទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដឹកនាំកិច្ចប្រជុំដើម្បីសាងសង់ ទំនប់ទប់ទឹកមួយនេះ ហើយកុំព្យាយាមរុញដាក់គ្នាទៅវិញទៅមក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំមិនខ្វល់ថាអ្នកណាត្រូវធ្វើ (ទំនប់បង្ហៀរទឹក) អ្នកណាមិនត្រូវធ្វើទេ ខ្ញុំដឹងថាត្រូវតែធ្វើទំនប់នេះឲ្យបាន បើមិនដូច្នេះទេអ្នកកំពតនឹងផឹកទឹកប្រៃនៅពេលខាងមុខ បើទោះបីមានម៉ាស៊ីនសម្រាប់កែច្នៃនេះក៏ដោយ។ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ ត្រឡប់ទៅវិញដឹកនាំការប្រជុំភ្លាម ខ្ញុំប្រគល់តួនាទីឲ្យដឹកនាំការប្រជុំ ដើម្បីដឹងថាអ្នកណាទទួលបន្ទុកធ្វើ»

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានគូសបញ្ជាក់ថា សម្រាប់ថវិកាដែលត្រូវរ៉ាប់រងលើការសាងសង់នេះ មិនមានអ្វីជាបញ្ហាចោទនោះឡើយ ពោលត្រូវប្រើប្រាស់ថវិកាវិនិយោគផ្ទាល់ ហើយប្រសិនបើថវិកានោះត្រូវបានបែងចែករួចអស់ហើយ ត្រូវប្រើជំពូកណាដែលមិនទាន់បែងចែក ព្រោះថាតម្លៃនៃការសាងសង់នេះប្រហែលជាង១លានដុល្លារប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំដល់ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល មិនគួរធ្វើឲ្យខូចមុខមាត់ដោយសារតែខ្លួនមិនបានបំពេញកាតព្វកិច្ច ធ្វើបន្ទប់បង្ហៀរ ព្រោះថាបន្ទប់បង្ហៀរត្រូវធ្វើទំនប់បង្ហៀរមួយ ដើម្បី ដម្កត់ទឹកទុកនៅខាងលើសម្រាប់បូមយកមកផ្គត់ផ្គង់ ហើយផលប្រយោជន៍សំខាន់មួយទៀត គឺទប់ស្កាត់កុំឲ្យទឹកប្រៃចូលក្នុងកន្លែងដែលត្រូវបូមទឹក៕