(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ បានលើកឡើងថា ការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយ រាជរដ្ឋាភិបាល បានជំរុញឲ្យស្ថានភាព ជីវភាព ឋានៈ និងតួនាទីរបស់ស្ត្រី មានភាពកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។
ការលើកឡើងរបស់លោកស្រី ម៉ែន សំអន បានធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់ក្រសួងកិច្ចការនារី ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ។
លោកស្រី ម៉ែន សំអន បានលើកឡើងទៀតថា ប៉ុន្តែ ទោះបីជាប្រទេសកម្ពុជា បានធ្វើឲ្យមានភាពជឿនលឿន ទាក់ទងនឹងសមភាពយេនឌ័រ រួមទាំងការពង្រឹងភាព អង់ឤចរបស់ស្ត្រីក៏ដោយ ក៏យើងនៅមានបញ្ហា ប្រឈមមួយចំនួន ដែលត្រូវដោះស្រាយបណ្តើរៗបន្ថែមទៀត ក្នុងនោះ រួមមាន៖
១៖ ការចូលរួមរបស់ស្ត្រីក្នុង វិស័យសាធារណៈ នយោបាយ និងក្នុងវិស័យសេដ្ឋកិច្ច នៅមិនទាន់ពេញលេញ និងខ្លាំងក្លានៅឡើយ
២៖ ក្នុងវិស័យអប់រំ ជាពិសេសនៅក្នុងកម្រិត ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា វិសមភាពយេនឌ័រ នៅតែមាននៅឡើយ
៣៖ ការដោះស្រាយបញ្ហាអំពើហិង្សាលើស្ត្រី និងកុមារីទៅតាមនីតិវិធីតុលាការ និងផ្លូវច្បាប់ ព្រមទាំងការផ្តល់សេវា ជួយជនរងគ្រោះនៅពុំទាន់បានរលូន និងមិនទាន់ពេលវេលានៅឡើយ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ដូច្នេះឆ្នាំ២០១៩នេះ ជាឆ្នាំទី១ នីតិកាលទី៦ នៃរដ្ឋសភា គឺជាពេលវេលាដែលយើង ត្រូវរួមគ្នាបន្តរកដំណោះស្រាយ។ ដើម្បីសម្រេចបានកាន់តែប្រសើរឡើងថែមទៀត យើងត្រូវផ្តោតឤទិភាព ទៅលើការងារជាក់ស្តែងមួយចំនួន ដូចតទៅនេះ៖
១៖ ត្រូវរួមគ្នាយកចិត្តទុកដាក់ តាមរយៈការផ្តល់អាទិភាពបង្កើនចំនួនស្ត្រី ឲ្យមានតួនាទីជាថ្នាក់ដឹកនាំ នៅគ្រប់វិស័យ និងគ្រប់កម្រិតទៅតាមសមត្ថភាពដែលមាន ហើយត្រូវជួយដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមាន នៅក្នុងឱកាស បំពេញការងារតាមតួនាទី របស់ពួកគាត់។
២៖ ត្រូវពង្រឹងបណ្តាញស្រ្តី តាមរយៈការជួបជុំស្រ្តី និងពង្រឹងសមត្ថភាព ដល់ស្ត្រីដែលត្រូវបំពេញតួនាទី ជាអ្នកធ្វើសេចក្តី សម្រេច, អ្នកទទួលខុសត្រូវលើ ការងារគ្រប់គ្រង និងរដ្ឋបាលសាធារណៈជាដើម។
៣៖ ត្រូវរួមគ្នាអនុវត្តច្បាប់ និងត្រូវពន្លឿនដំណើរការ កាត់ក្តីឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ អំពើហិង្សាទាក់ទងនឹងយេនឌ័រ ហើយត្រូវសហការគ្នា បង្កើតឲ្យមានមូលដ្ឋានស្ថិតិរួមជាផ្លូវការមួយ ដែលអាចតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាព នៃការផ្តល់សេវាជួយជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
៤៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើការណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ឲ្យពង្រឹងការអនុវត្តវិន័យ ទន្ទឹមនេះ ត្រូវបន្តផ្តល់ឱកាស ដល់ក្មេងស្រីនៅគ្រប់កម្រិត ដើម្បីសិក្សាមុខជំនាញវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលជាយុគទំនើបកម្មបច្ចេកវិទ្យា។
៥៖ ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាមគមន៍ និងក្រសួងព័ត៌មាន ត្រូវគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធអ៊ីនធីណេត ទូទាំងប្រទេសឲ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បញ្ហាជាច្រើន ដែលពាក់ព័ន្ធនឹងអំពើហិង្សា ការកេងប្រវ័ញ្ចលើស្ត្រី និងក្មេងស្រី តាមប្រព័ន្ធអ៊ីនធីណេត និងបណ្តាញផ្សព្វផ្សាយផ្សេងៗ ដែលធ្វើឲ្យបាត់សណ្តាប់ធ្នាប់សង្គម។
៦៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងបណ្តាញផ្សព្វ ផ្សាយ ទាំងអស់ ត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរតាមរយៈការបង្កើតកម្មវិធីអប់រំល្អៗ ដើម្បីបង្ហាញអំពីអត្តចរិកស្ត្រីខ្មែរ ជាពិសេសការស្លៀកពាក់ ប្រកបដោយភាពថ្លៃថ្នូរមានលក្ខណៈជាស្ត្រីខ្មែរ ស័ក្តិសមជាប្រទេសដែលមានអរិយធម៌រុងរឿងនៅគ្រប់ជំនាន់។
៧៖ ការបង្កើនការវិនិយោគ ទៅលើសមភាពយេនឌ័រ ជាពិសេសតាមរយៈការពិនិត្យឡើងវិញ លើគោលនយោបាយសារពើពន្ធ ដើម្បីបង្កើត និងបង្កើនចំណាយសាធារណៈ លើសមភាពយេនឌ័រ ព្រមទាំងត្រួតពិនិត្យ និងវិភាគ ពីផលប៉ះពាល់ នៃចំណាយសាធារណៈ ទៅលើវិសមភាពយេនឌ័រ តាមរយៈការរៀបចំថវិកាកម្មវិធី ដែលឆ្លើយតបទៅ នឹងបញ្ហាយេនឌ័រ។
ទន្ទឹមនេះ ត្រូវអនុវត្តយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ របស់គ្រប់ក្រសួងស្ថាប័ន តាមរយៈការរៀបចំផែនការថវិកា និងបញ្ចូលក្នុងថវិកា តាមកម្មវិធី របស់ក្រសួងស្ថាប័ន ដើម្បីទទួលបានថវិកាជាតិ និងថវិកា ដៃគូអភិវឌ្ឍបន្ថែមទៀត សម្រាប់អនុវត្តការងាររបស់ខ្លួន។
៨៖ ការពង្រឹងយន្តការគណនេយ្យភាព សម្រាប់សមភាពយេនឌ័រ គឺជាការងារគន្លឹះ ដើម្បីវាស់វែងប្រសិទ្ធិភាព នៃការអនុវត្តគោលនយោបាយ និងវិធានការរបស់ក្រសួងស្ថាប័ន ព្រមទាំងធានាឲ្យមានការផ្តល់ធនធាន គ្រប់គ្រាន់សម្រាប់ការងារយេនឌ័រ។ ដូច្នេះ ក្រសួងស្ថាប័ននីមួយៗ ត្រូវពង្រឹងមធ្យោបាយ នៃការតាមដាន និងត្រួតពិនិត្យព្រមទាំងវាយ តម្លៃការបែងចែកធនធាន ការវិភាជថវិការបស់ខ្លួន សម្រាប់ការងារយេនឌ័រ។
៩៖ បន្តលើកកម្ពស់ការ ចូលរួមរបស់ស្ត្រីក្នុងសេដ្ឋកិច្ច គឺជាឤទិភាពដើម្បីបង្កើនអំណាច សេដ្ឋកិច្ចគ្រប់គ្រាន់ ជូនស្ត្រី និងក្រុមគ្រួសារ និងអនុញ្ញាត ឲ្យអ្នកទាំងនោះមានលទ្ធភាពចូលរួម ក្នុងការងារសាធារណៈ និងនយោបាយ។
លោកស្រី បានគូសបញ្ជាក់ថា ក្នុងស្មារតីនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់ឤទិភាពទៅ លើការចូលរួមរបស់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ច តាមរយៈការបង្កើនការយល់ដឹងដល់ស្ត្រី អំពីការទទួល បានសេវាពាក់ព័ន្ធ ដើម្បីអភិវឌ្ឍឤជីវកម្មសម្រាប់ សហគ្រាសខ្នាតមីក្រូ ខ្នាតតូចនិងមធ្យម៕