(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលទ្រង់បានផ្ញើព្រះរាជសារជូនពរថ្ងៃខួបកំណើតសម្តេចនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមសម្តែងថ្វាយនូវអំណរព្រះមហាករុណាទិគុណប្រកបដោយ បិតិសោមនស្សរីករាយដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជសារប្រសិទ្ធ សព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ រួមនិងផ្កាដ៏ស្រស់ល្អ ១កន្ត្រក ដល់ទូលព្រះបង្គំជាខ្ញុំ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់ ទូលព្រះបង្គំជាខ្ញុំ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ។
ក្នុងទិវាអាយុវឌ្ឍនមង្គលដ៏ប្រសើរនេះ ទូលព្រះបង្គំជាខ្ញុំ សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសសូមទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
ព្រះនាម ទុង្សាទេវី សូមប្រទានប្រោះព្រំទឹកអម្រឹត ថ្វាយព្រះពរជ័យ សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរព
សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖