(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានផ្ញើព្រះរាជសារជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសខួបកំណើតនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ។

នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា នៅក្នុងឱកាសដ៏នក្ខត្ត ឫក្ស នៃខួបចម្រើនជន្មាយុរបស់សម្តេចតេជោ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ចំពោះសម្តេចតេជោ ដែលមានវីរភាពដ៏ឧត្តុង្គឧត្តមគុណបំណាច់ដ៏ថ្លៃថ្លា និងជាប្រមុខដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសុខ សន្តិភាព ស្ថេរភាពសង្គមនិងការអភិវឌ្ឍន៍រីក ចម្រើន លើគ្រប់វិស័យទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

ប្រជារាស្ត្រកម្ពុជា ក៏ដូចជាខ្ញុំ មានការពេញហឫទ័យណាស់ ចំពោះវឌ្ឍនភាពឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ក្រោមការដឹកនាំប្រកបដោយទេពកោសល្យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃកម្ពុជា។

ក្នុងឱកាសដ៏ល្អប្រពៃ នៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរដ៏កក់ក្តៅ និងសូមផ្តល់ការគាំទ្រជានិច្ចរាល់កិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា និងសូមជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍ ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខាងក្រោមនេះ ជាព្រះរាជសាររបស់ព្រះមហាក្សត្រ៖